គន្លឹះល្អៗក្នុងការ​អភិវឌ្ឍ​សតិបញ្ញា​កូន​ឱ្យ​ធំធាត់​សម​នឹង​វ័យ

ចាប់ផ្ដើម​ពី​វ័យ​កើត​ដំបូង រហូត​ចូលដល់​បឋមវ័យ(6 ឆ្នាំ​ដំបូង) កូន​របស់​អ្នក​នឹងមាន​វិវឌ្ឍនាការ​ទាំង​ផ្នែក​រាងកាយ និង​ចិត្តគំនិត​ឆាប់រហ័ស​ខ្លាំងណាស់ បើ​អ្នក​អាចជួយ​បន្ថែម​ឱ្យ​កូន​មាន​វិវឌ្ឍនាការ​ដែល​ត្រឹមត្រូវ ស័ក្តិសម​តាម​វ័យ​របស់គេ​បាន​ទៀតផង​នោះ នឹង​រឹតតែ​ធ្វើឱ្យ​កូន​របស់​អ្នក​ក្លាយជា​ក្មេង​ដែលមាន​អាកប្បកិរិយា និង​ទង្វើ​ដែល​ល្អ មាន​ភាព​ឆ្លាត​វៃ​ខាង​ផ្នែក​អារម្មណ៍​ខ្ពស់​ជាមិនខាន។

យើង​អាចជួយ​បន្ថែម​វិវឌ្ឍនាការផ្សេងៗរបស់​កូន​បាន​តាម​វិធី4យ៉ាង​តទៅ​នេះ៖

1. ឱ្យ​កូន​បានឃើញ​នូវ​អ្វីដែល​ល្អ
កូន​របស់​អ្នក(ទោះជា​ទើបនឹង​កើតក្ដី)អាច​រៀន​យល់ដឹង​នូវ​អ្វីដែល​ខ្លួនឯង​មើលឃើញ​បាន។ ការមើលឃើញ​នេះ មានន័យ​រួមទាំង​ទង្វើ​មួយចំនួន​របស់​ឪពុកម្ដាយ ឬ​អ្នក​ចិញ្ចឹម​ដែល​ធ្វើ​ចំពោះ​កូន​របស់​អ្នក​ផងដែរ ដោយ​ទង្វើផ្សេងៗដែល​ក្មេង​មើលឃើញ​នោះគេ​នៅ​មិនទាន់​អាច​ញែក​បំបែក​បាន​ថា រឿង​នោះ​ជា​រឿង​ត្រឹមត្រូវ ឬ​ស័ក្តិសម​នោះទេ តែ​ក្មេង​នឹង​ជ្រួតជ្រាប​នូវ​អ្វីដែល​បានឃើញ​ទាំងអស់ ហើយ​ចុងក្រោយ​ក៏​នឹង​ក្លាយជា​ទង្វើ​របស់​កូន​ខ្លួនឯង​តែម្ដង ដូចជា ក្មេង​ដែល​មើលឃើញ​ឪពុកម្ដាយ​ចូលចិត្ត​ច្រៀង មាន​អារម្មណ៍ល្អ ឬ​លេង​តន្ត្រី នៅពេល​កូន​ធំ​ឡើង កូន​ក៏​នឹងមាន​សេចក្ដីស្រឡាញ់​ក្នុង​ផ្នែក​តន្ត្រី មាន​ផ្លូវចិត្ត​ទន់ភ្លន់ ឬ​ករណី​ដែល​ឪពុកម្ដាយ ឬ​អ្នក​ចិញ្ចឹម​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ នៅពេល​កូន​ធំ​ឡើង​ក៏​ច្រើនតែ​មិន​ញ៉ាំ​បន្លែ​ដែរ។

2. ឱ្យ​កូន​បានឮ​នូវ​អ្វីដែល​ល្អ
ពាក្យសម្ដីល្អៗ សំឡេងពីរោះៗទន់ភ្លន់ ទារក​ទើបនឹង​កើត​ក៏​អាច​ដឹង​បានដែរ ជាពិសេស​ក្មេង​ក្នុងអំឡុង​បឋមវ័យ(កើត​ដំបូង-6ឆ្នាំ) ក្មេង​នឹង​តាំងចិត្ត​ស្ដាប់ និង​មាន​អារម្មណ៍​ឆាប់​ចាំបាន​ចំពោះ​សំឡេងផ្សេងៗ។ បើ​អ្នកណា​ដែល​ធ្លាប់​ចិញ្ចឹម​កូន នៅពេល​កូនតូច​អាយុ​បាន​ប្រមាណ3-4ខែ​នឹង​បាន​ឃើញថា ពេលដែល​យើង​ពកូន​ហើយ​និយាយ​ជាមួយ​កូន កូន​នឹងធ្វើ​មាត់​ជីប​អូចៗ កែវភ្នែក​នឹង​សម្លឹង​ចំ​មុខ​ឪពុក ឬ​ម្ដាយ​ដែល​កំពុង​ព​គេ។ គេ​នឹង​តាំងចិត្ត​ស្ដាប់​សំឡេងផ្សេងៗដែល​បន្លឺ​មករក​គេ ដូច្នេះ សំឡេង ឬ​ពាក្យសម្ដីផ្សេងៗដែល​មិនល្អ ជាពិសេស​ពាក្យ​លាន់មាត់ ពាក្យ​ជេរ​បញ្ចោរ​ដែល​ច្រើនតែ​ជា​ពាក្យខ្លី(1 – 2 ម៉ាត់) នឹង​ក្លាយជា​ពាក្យ​ដែល​ក្មេង​បឋមវ័យ​អាច​ចងចាំ​បាន​យ៉ាង​ងាយ ដូច្នេះ​បើ​មិន​ចង់ឱ្យ​កូន​និយាយស្ដី​អាក្រក់​ស្ដាប់ ឪពុកម្ដាយ និង​អាណាព្យាបាល​ត្រូវតែ​ប្រយ័ត្នប្រយែង កុំ​ប្រើ​ពាក្យសម្ដី​ណា​ដែល​មិនល្អ​ឱ្យ​ក្មេង​បានឮ។ កុំ​គិតថា កូន​នៅ​តូច នៅ​មិនទាន់​ស្ដាប់​យល់​ឱ្យសោះ ព្រោះ​ក្មេង​អាច​ចងចាំ​លក្ខណៈ​ការបញ្ចេញ​សំឡេងខ្លីៗទាំងនោះ និង​អាច​និយាយ​ចេញមក​ដោយ​មិនដឹង​ពី​អត្ថន័យ​បាន ដែល​ទម្រាំ​ឪពុកម្ដាយ​ដឹងថា កូន​របស់ខ្លួន​ធ្លាប់មាត់​នឹង​ពាក្យសម្ដី​អាក្រក់ ជេរ​បញ្ចោរ​ទាំងនោះ អាច​នឹង​ពិបាក​កែកុន​ក៏​ថា​បានដែរ។

3. ឱ្យ​កូន​លេង និង​ធ្វើ​កិច្ចការងារល្អៗ
ក្មេង​ក្នុង​បឋមវ័យ​ច្រើនតែ​ចូលចិត្ត​លេង​ ដែលជា​ធម្មជាតិ​របស់​កុមារ។ ឪពុកម្ដាយ​ដែល​យល់ដឹង​ពី​វិវឌ្ឍនាការ​របស់​កូន​ក៏​អាច​នឹង​រកមើល​កិច្ចការងារ​ណា ឬ​ការលេង​ណា​ដែល​ស៊ីគ្នា​ជាមួយនឹង​អំឡុង​អាយុ​របស់​កូន​បានដែរ។ ក្រៅពីនោះ ការលេង​របស់​កុមារ​នេះ​នឹង​ក្លាយជា​ការរៀន​យល់ដឹង​ដែល​ជំរុញ​ប្រព័ន្ធ​ប្រសាទ​ទាំង5 របស់គេ​បាន​យ៉ាង​ល្អ។

4. ផ្ដល់​ការអប់រំ​បង្ហាត់បង្រៀន​កូន​តាំងពី​នៅ​ក្មេង
ក្មេង​ក្នុងអំឡុង​បឋមវ័យ មាន​ភាព​ចង់ដឹង​ចង់ឃើញ​គ្រប់ពេលវេលា គេ​នឹងមាន​ភាព​ក្លៀវក្លា​ស្វាហាប់​ក្នុង​ការរៀន​យល់ដឹង​គ្រប់អ្វីៗដែល​នៅ​ជុំវិញខ្លួន ដូច្នេះ​ការអប់រំ​បង្ហាត់បង្រៀន​គឺជា​រឿង​ចាំបាច់​ណាស់ ដោយ​ការបង្ហាត់បង្រៀន​នោះ​គួរ​ជាការ​បង្ហាត់បង្រៀន​ក្នុង​លក្ខណៈ​អធិប្បាយ មិនមែនជា​ការបញ្ជា ឬ​ហាម​នោះទេ។ ទោះជា​ក្មេង​ក្នុង​វ័យ​នេះ​នៅ​មិនទាន់​អាច​យល់​នូវ​អ្វីដែល​ឪពុកម្ដាយ​អធិប្បាយ​បាន​ទាំងអស់​ក៏ដោយ តែ​ការអធិប្បាយ​ឱ្យ​កូន​បាន​ស្ដាប់​តាំងពី​តូច ឬ​បណ្ដោយ​ឱ្យគេ​បាន​សាកល្បង​ធ្វើ​ដោយ​ខ្លួនឯង(ជា​កិច្ចការងារ​ដែល​មិន​បង្ក​គ្រោះថ្នាក់) ហើយ​ឪពុកម្ដាយ​នៅចាំ​ណែនាំ​ចង្អុល​បង្ហាញថាហេតុអ្វី​បានក្លាយ​ជា​បែប​ហ្នឹង នឹង​ធ្វើឱ្យ​កុមា​រអា​ចរៀន​យល់ដឹង និង​យល់ច្បាស់​បាន​យ៉ាង​ឆាប់រហ័ស​ជាង​ការបង្ហាត់បង្រៀន​បែប​ប្រើ​ពាក្យសម្ដី​តែ​ម្យ៉ាង ដូចជា ការបង្ហាត់​កូន​ឱ្យ​ចេះ​ដុសធ្មេញដោយ​ប្រើ​សម្ភារ​ប្រដូច ដូចជា​ធ្មេញ​ក្លែងក្លាយ​ជាដើម។ ឱ្យ​កូន​បាន​ហាត់​កាន់​ច្រាស​ដុសធ្មេញ​ដោយ​ខ្លួនឯង ហើយឪពុកម្ដាយ​ចង្អុល​បង្ហាញថាហេតុ​អី​បាន​ត្រូវ​ដុសធ្មេញ ហេតុ​អី​បាន​ត្រូវ​កាន់​ច្រាស​ដុសធ្មេញ​បែប​ហ្នឹង និង​ដុស​របៀប​ម៉េច ជាដើម៕

Advertisement