នៅពេល​កូនតូច​ឈានចូល​ខែ​ទី10

លក្ខណៈ​របស់​កូនតូច
រយៈ​នេះ​កូន​ច្រើន​មាន​ធ្មេញ​ខាងមុខ​ដុះ​ឡើង​គ្រប់4គ្រាប់​ហើយ តែ​នៅ​មិនទាន់​ដល់​ថ្នាក់​ត្រូវ​ដុសធ្មេញ​ឱ្យបាន​ទេ គ្រាន់តែ​យក​ក្រណាត់​ស្អាត​មក​ជូត​ឱ្យ​ក៏​គ្រប់គ្រាន់​ហើយ។ ថ្ងៃនេះ​អត្រា​កើនឡើង​នៃ​ទម្ងន់​ខ្លួន​នឹង​ថយចុះ​ប្រមាណ​ជា5-10ក្រាម​ក្នុង​មួយ​ថ្ងៃជា​មធ្យម​។

ខែ​នេះ​ចាប់ផ្ដើម​មាន​ភាពជា​ខ្លួនឯង​ច្រើនឡើង​ហើយ ចេះ​តតាំង​នឹង​អ្វីដែល​មិន​ចង់​ធ្វើ​ច្រើនឡើង ដូចជា​មិន​ចូលចិត្ត​ឱ្យគេ​ចាប់​ដាក់​អង្គុយ​លើ​កន្ថោរ​ដើម្បី​ជុះជាដើម។ អំឡុង​ពេលនេះ​អ្នក​ម្ដាយ​អាច​នឹង​បណ្ដោយ​កូន​ឱ្យ​លេង​តែឯង​ខ្លះ ហើយ​ការលេង ​កូន​នឹង​បង្កប់​ទៅដោយ​ការ​ចង់ដឹង​ចង់ឃើញ និង​ចងចាំ​ជាបណ្ដើរៗហើយ។

ដល់ពេល​ញ៉ាំ​អាហារ​បន្ថែម
វ័យ​នេះ ញ៉ាំ​អាហារ​បរិមាណ​ប៉ុនណា អាស្រ័យ​លើ​សេចក្ដីត្រូវការ មិនចាំបាច់​ធ្វើ​ទុកឱ្យ​ញ៉ាំ​ជាពិសេស​នោះទេ អាច​បែង​ពី​អាហារ​របស់​មនុស្ស​ធំ​មក​ញ៉ាំ​បាន។ បើ​អាហារ​ដែល​ញ៉ាំ​មាន​ទាំង​ម្សៅ បន្លែ សាច់ និង​សណ្ដែក​ហើយ ក៏​មិនចាំបាច់​បារម្ភ​ថា កូន​នឹងខ្វះ​សារជាតិ​អាហារ​នោះឡើយ។ ចំណែក​កាលវិភាគ​អាហារ​បន្ថែម​ដែលថា​កូន​គួរតែ​បានទទួល​ប៉ុន្មាន​ក្នុង​មួយថ្ងៃ 2ពេល ឬ3ពេលនោះ​គ្រាន់តែ​ជាគោលការណ៍​ប៉ុណ្ណោះ។ បើ​ញ៉ាំ​បាយ​អស់​ក្នុង​រយៈពេល10-15នាទី​នោះ ចង់ឱ្យ​ញ៉ាំ​មួយថ្ងៃ 3ពេល​ក៏បាន តែបើ​បញ្ចុក​បាយម្ដងៗចំណាយពេល​ដល់​ទៅ1ម៉ោង​នោះ បើ​ឱ្យ​ញ៉ាំ​មួយថ្ងៃ 3ពេល កូន​នឹង​គ្មាន​ពេលចេញ​ទៅលេង​ខាងក្រៅ​ផ្ទះ ព្រោះ​យ៉ាងហោចណាស់​ក៏ត្រូវ​ឱ្យបាន​ចេញទៅ​លេង​នៅក្រៅ​ផ្ទះ​នៅពេល​ព្រឹក និង​ពេល​ល្ងាចម្ដងៗពី1ម៉ោង-1ម៉ោង​កន្លះដែរ ហើយ​ពេលវេលា​នៅសល់​ចូរ​ទុកជា​ពេលវេលា​គេង ពេល​ញ៉ាំ​បាយ តាម​ភាព​ស័ក្តិសម​របស់​ក្មេងម្នាក់ៗវិញ​ប្រសើរ​ជាង។

នំនែក ជា​រឿង​ដែល​ត្រូវតែ​បណ្ដោយខ្លះៗហើយ
អ្នកខ្លះ​មិន​ព្រមឱ្យ​កូន​ញ៉ាំ​នំ​ឡើយ ព្រោះ​ខ្លាច​ឆ្អែត​រហូត​មិន​ញ៉ាំ​បាយ តែ​កូន​ក៏​នៅតែ​ចង់​ញ៉ាំ​ដដែល​ហ្នឹងឯង ដូច្នេះ​គួរ​អនុញ្ញាតឱ្យ​កូន​បាន​ញ៉ាំ​ខ្លះ​ចុះ ដូចជា ​នំប៉័ងស្រួយៗ នំ​ប៉ាវ នំ​បារាំង នំ​ខេ​ក នំ​ចេក នំអាកោ ឬ​នំ​ខ្មែរផ្សេងៗ តែ​គួរតែស្អាត​មាន​អនាម័យ រសជាតិ​ផ្អែមល្មម។ ចំណែកផ្លែឈើ​វិញ គួរឱ្យ​ញ៉ាំ​ជាចំណិតៗ មិនចាំបាច់​កិន​ឱ្យ​ម៉ដ្ឋ​ទៀត​ទេ។ កំណត់ពេល​ឱ្យ​ញ៉ាំ​មិន​លើស2ដង​ក្នុង​មួយថ្ងៃ ដូចជា​ឱ្យ​ញ៉ាំ​ទឹកដោះ​មុនពេល​រសៀល​ជាដើម មិនមែន​ចេះតែ​ឱ្យ​ញ៉ាំ​ពេញ​មួយថ្ងៃ​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យដល់​ពេល​ញ៉ាំ​បាយញ៉ាំ​បាន​តិច។

អាការរោគ​ដែល​អាច​កើតឡើង
** នឹក​ដល់​ជំងឺ​រាតត្បាត
• បើ​ក្មេង​ណា​មិនដែល​គ្រុនក្ដៅ​ខ្លួន​ពីមុនមកពេល​មិន​ស្រួលខ្លួន​ ចូរ​នឹក​ដល់​ជំងឺ​គ្រុនផ្ដាសាយបើ​ស្ថិតក្នុង​រដូវ​ដែល​ជំងឺគ្រុនឈាម​រាតត្បាត ចូរ​នឹក​ដល់​ជំងឺគ្រុនឈាម។ ព្យាយាម​ឱ្យ​កូន​បាន​ញ៉ាំ​ទឹក​ឱ្យ​ច្រើន​ក្នុងពេល​គ្រុនក្ដៅ​ខ្លួន។ ត្រូវ​ប្រយ័ត្ន​កុំឱ្យ​កូន​កើត​ជំងឺ​ដែល​ឆ្លង​មកពី​ក្មេង​ដែល​លេង​ជាមួយគ្នា។

• ចូរ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺផ្សេងៗតាម​អំឡុង​អាយុ និង​កាលកំណត់​របស់​ពេទ្យ។

** ខាងក្រោយ​ត្រចៀក​កូន​មាន​ដុំ​អ្វី​ម្យ៉ាងរឹងៗ
• អ្នក​ម្ដាយ​អាច​ប្រទះឃើញ​មាន​ដុំរឹងៗប៉ុន​គ្រាប់សណ្ដែក​នៅក្រោយ​ស្លឹកត្រចៀក អាច​មានតែ​ម្ខាង ឬ​ទាំងសងខាង​ក៏មាន ពេល​ចុច ឬ​សង្កត់​ប៉ះ កូន​មិនបាន​បង្ហាញ​អាការ​ឈឺចាប់​អ្វី​ឡើយ។​ ការពិត​ដុំ​សាច់​នេះ​គឺ ក្រពេញ​ទឹករងៃ​ដែល​ធំ​ឡើង​ខ្លាំង ជាពិសេស​បើ​មាន​បូស​រមាស់​នៅលើ​ក្បាល ហើយ​កូន​ចូលចិត្ត​អេះ​ផង មេរោគ​ដែលជា​ប់​នឹង​ក្រចកដៃ​នឹង​ចូលទៅក្នុង​ក្រោម​ស្បែកក្បាល ហើយ​ក្រពេញ​ទឹករងៃ​ដែល​ធ្វើការ​ទប់ស្កាត់​នោះ​នឹង​រីកធំឡើង តែ​ក្រោយមក​នឹង​បាត់​ទៅវិញ​ដោយ​ឯកឯង។ តែបើ​ក្រពេញ​ទឹករងៃ​រលាក​ក្លាយ បរិវេណ​នោះ​នឹង​ឡើង​ក្រហម ឈឺ​នៅពេល​ចុច​ចំ។ វិធី​ការពារ គឺ​កុំឱ្យ​កូន​កើត​បូសរមាស់​នៅលើ​ក្បាល កាត់​ក្រចកដៃ​ឱ្យ​ខ្លី ហើយ​បើ​ដុំរឹង​ៗនោះ​ធំ​ឡើង ត្រូវ​នាំ​កូន​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ។

វិវឌ្ឍនាការ​របស់​កូនតូច
** រាងកាយ
• ចេះ​តោង​តុ ឬ​ឱ្យ​ដឹក​ដៃ ហើយ​ដើរ​ទៅមក​ជុំវិញ​បាន​ហើយ

• ចាប់ផ្ដើម​ហាត់​ឈរ​ដោយ​មិនបាច់​តោង​អ្វីបានហើយ អាច​ឈរ​ដោយ​ខ្លួនឯងបាន​មួយភ្លែត។

• សម្រាប់​ក្មេង​ដែល​ឆាប់​ចេះ​ដើរ អាច​ដើរ​បាន​ហើយ​ក្នុងអំឡុង​ពេលនេះ។

• ចេះ​ចង្អុល​ប្រាប់​ពី​អវយវៈ​របស់​ខ្លួនឯង​បាន។

• ចាប់ផ្ដើម​ចេះ​កាន់​របស់​ដោយ​ដៃ​ម្ខាង​បាន​ហើយ តែ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា កូន​ថ្នឹក​ប្រើ​ដៃ​ខាង​ណា​បាន​នៅឡើយ។

• ចេះ​ទាញ​មួក​ចេញពី​ក្បាល​ខ្លួនឯងបាន​ហើយ។

** សង្គម​ជុំវិញខ្លួន
• ចេះ​ភ្ជាប់​ពាក្យសម្ដី​ជាមួយ​អាកប្បកិរិយា ដូចជា ការបញ្ជូន​ស្នាម​ថើប ញញឹម​ស្រស់ស្រាយ​ជាដើម។

• ញ៉ាំ​ចំណី​ដោយ​ខ្លួនឯង​កាន់តែ​ថ្នឹក​ឡើង និង​លើក​កែវ​ទឹក​ញ៉ាំ​ដោយ​ខ្លួនឯងបាន។

• ចេះ​ធ្វើ​ត្រាប់​អាកប្បកិរិយា និង​ទឹកមុខ​របស់​អ្នក​នៅ​ជិតដិត​នឹង​ខ្លួន​បាន។

• ចេះ​ស្ដាប់​បទ​ចម្រៀង និង​យោល​ខ្លួន​តាម​នៅពេល​បានឮ​សំឡេង​បទ​ភ្លេង។

** ឧស្សាហ៍​លេង​ជាមួយ​កូន​ផង
• កូន​ចូលចិត្ត​លេង​បិទ​ភ្នែក​វាក់អើ ធ្វើ​មាត់​ចំ​បូញ ចូលចិត្ត​លេង​បើក-បិទ​គម្រប​ដប​ហើយ​ចាក់ទឹក​ចោល ឬ​លេង​ជាមួយ​ពពុះ​សាប៊ូ​ពេល​ងូតទឹកជាដើម។

• គួរឱ្យ​កូន​បាន​ហាត់ប្រាណ​ខ្លះ ដោយ​ឱ្យ​តោង​ធុង ឬ​កេសធំៗដែលមាន​ដាក់​ឥ​វ៉ាន់ធ្ងន់ៗ ហើយ​រុញ​ដើរ តែ​មិន​គួរឱ្យ​ដើរ​រុញ​រទេះ​ដែលមាន​កង់រអិលៗឡើយ ព្រោះ​រទេះ​នឹង​រអិល​ទៅមុខ​លឿន តែបើ​កៅអីធ្ងន់ៗដែលមាន​កង់ អាចឱ្យ​ក្មេង​រុញ​លេង​បាន តែ​ឪពុកម្ដាយ​ត្រូវ​នៅ​មើល នៅចាំ​ជួយ និង​ប្រុងប្រយ័ត្ន។

• វ័យ​នេះ​ចូលចិត្ត​លេង​អង្គុយ​អង្រឹង ដូច្នេះ​បើ​ចង់ឱ្យ​លេង ឪពុកម្ដាយ​ត្រូវ​អង្គុយ​ជាមួយ ហើយ​រក​បន្ទះ​អ្វីទន់ៗមក​ក្រាល​ពីក្រោម ឬ​មាន​ដីខ្សាច់​ពីក្រោម​អង្រឹង ដើម្បី​ការពារ​ពេល​កូន​ធ្លាក់​មក​កុំ​ឱ្យមាន​គ្រោះថ្នាក់។

• កូន​មិនទាន់​ឈរ​បាន​មាំ​នៅឡើយ ដូច្នេះ​គួរ​ជួយ​បង្ហាត់​បន្ថែម ដោយ​ឱ្យ​កូន​ចាប់ដៃ​ឪពុកម្ដាយ​ទាំងសងខាង ហើយ​ជួយ​ទាញ​ឱ្យ​ឈរ​ឡើង។ បង្ហាត់​បែបនេះ​មួយថ្ងៃ 2ដង មួយដង 5-6នាទី​បាន​ហើយ។ បើជា​ក្មេង​ដែល​មាឌធំ ខ្លួន​ធ្ងន់​រហូត​ក្រោកឈរ​មិន​រួច មិនគួរ​បង្ហាត់​ឱ្យ​រៀន​ក្រោកឈរ​ទេ តែ​គួរ​បណ្ដោយឱ្យ​ទៅលេង​នៅក្រៅ​ផ្ទះ ឬ​ហាត់ប្រាណ​លើ​ទីធ្លា យ៉ាងហោចណាស់​មួយថ្ងៃ 2-3ម៉ោង​ប្រសើរ​ជាង៕

Advertisement