សម្រាប់​ស្ត្រី​មានគភ៌ “ចង់​បានកូន​ស្អាត ត្រូវ​មើលរូប​កូនក្មេងស្អាត” តើ​ជំនឿ​នេះ​ពិត​ដែរឬទេ?

មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​បានឮ​ញឹកញាប់​មកខ្លះៗហើយ​ថា ចង់បាន​កូន​មានមុខមាត់​ស្អាត គួរឱ្យ​ស្រឡាញ់ ស្អាត​សង្ហា ត្រូវ​រស់នៅក្នុង​បរិស្ថាន​ដែល​ពេញ​ទៅដោយ​មនុស្សម្នា​ដែលមាន​មុខមាត់​ស្អាត មើល​តែ​រូបភាព​តារាភាពយន្តស្អាតៗ មនុស្ស​រូប​ស្អាត មនុស្ស​សង្ហា ឬ​អង្គុយ​សម្លឹងមើល​តែ​រូបភាព​កូនក្មេងស្អាតៗជាដើម។ តើ​ជំនឿ​មួយ​នេះ​ពិតជា​បាន​ផល​ល្អ​មែនឬ? យើង​នាំគ្នា​មក​វិភាគ​មើល​ទាំងអស់គ្នា​ដូចតទៅ។

រូបភាព​ផូ​ស្ទើរ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ចូលចិត្ត​ទិញ​ទៅ​បិទ​នៅឯ​ផ្ទះ ច្រើនតែ​ជា​រូប​កូនក្មេងតូចស្អាតៗគួរឱ្យ​ស្រឡាញ់ ព្រោះ​ពួកគេ​ធ្លាប់​បានឮ​ជំនឿ​មួយ​ដែលថា ឱ្យ​សម្លឹង​មើលមុខ​កូនក្មេងស្អាតៗ ហើយ​កូន​របស់​ខ្លួនឯង​ពេល​កើត​ចេញមក​ក៏​នឹងមាន​មុខមាត់​ស្អាត​គួរឱ្យ​ស្រឡាញ់​ដូច​ក្មេង​នៅក្នុង​រូបភាព​នោះ​អុីចឹង​ដែរ។ បច្ចុប្បន្ននេះ ខាង​វេជ្ជសាស្ត្រ​បាន​ផ្ដល់នូវ​ការអះអាង​ហើយ​ថា អារម្មណ៍​របស់​ម្ដាយ​ខណៈពេល​តាំង​គភ៌​មានផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទារក​ក្នុង​គភ៌។ បើ​អ្នក​ម្ដាយ​មាន​អារម្មណ៍ល្អ មាន​ស្ថានភាព​ផ្លូវចិត្ត​ល្អ​ខណៈ​កំពុង​តាំង​គភ៌ រាងកាយ​នឹង​បញ្ចេញ​សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន (Endophin) ដែល​នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​សប្បាយ មាន​សេចក្ដីសុខ អារម្មណ៍​ស្រស់ស្រាយ និង​ប្រាកដ​ណាស់​ថា សារធាតុ​នេះ​មាន​ផល​ជា​បន្តបន្ទាប់​ទៅដល់​ទារក​ក្នុង​គភ៌​ផងដែរ។ ធ្វើឱ្យ​នៅពេល​ម្ដាយ​មាន​សេចក្ដីសុខ ទារក​ក្នុង​គភ៌​ក៏​នឹងមាន​សេចក្ដីសុខ​ទៅជា​មួយ​ដែរ។

ការ​សម្លឹងមើល​រូបភាព​កូនក្មេង​ដែលមាន​មុខមាត់​ស្អាត​គួរឱ្យ​ស្រឡាញ់ នឹង​ធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ទន់ភ្លន់ ព្រោះ​ស្ត្រី​មានគភ៌​នឹង​នឹក​ស្រមៃ​ថា កូន​របស់​ខ្លួនឯង​ក៏​ស្អាត​គួរឱ្យ​ស្រឡាញ់​ដូចគ្នានេះដែរ ធ្វើឱ្យ​ក្ដីកង្វល់ផ្សេងៗក្នុងមួយថ្ងៃៗថយចុះ។ រឹតតែ​សម្លឹង​មើលរូប​ក្មេងស្អាតៗទាំងនោះ​ញឹកញាប់ ស្ត្រី​មានគភ៌​ក៏​នឹង​ភ្លេច​អស់​ភាព​តានតឹង​ធុញថប់ រឹតតែ​មើល​រឹត​តែមាន​សេចក្ដីសុខ នៅពេល​រឹតតែ​មាន​សេចក្ដីសុខ រាងកាយ​ក៏​នឹង​រឹតតែ​បញ្ចេញ​សារធាតុ​អេ​ន​ដូ​ហ្វ៊ី​ន ធ្វើឱ្យ​ទារក​មាន​សេចក្ដីសុខ និង​អារម្មណ៍ល្អ​ទៅ​ដែរ។ ផ្ទុយទៅវិញ ស្ត្រី​ជា​ម្ដាយ​មាន​អារម្មណ៍​តានតឹង​ធុញថប់​ខ្លាំង ឬ​មាន​អារម្មណ៍​មួម៉ៅ​ជាប់​រហូត ទារក​ក៏​នឹង​បានទទួល​ផលប៉ះពាល់​ដូចគ្នា ធ្វើឱ្យ​នៅពេល​ប្រសូត​ចេញមក​ហើយនឹង​ក្លាយជា​ក្មេង​ប៉ិន​យំ យំ​ច្រើន ពិបាក​ចិញ្ចឹម ឬ​សូម្បីតែ​ប្រសូត​មុនពេល​កំណត់​ក៏​អាច​កើតឡើង​បានដែរ ដោយសារតែ​ក្ដី​ធុញថប់​តានតឹង​ធ្វើឱ្យ​ប្រព័ន្ធ​ខាងក្នុង​រាងកាយ​របស់​ស្ត្រី​ជា​ម្ដាយ​ប្រែប្រួល​ទៅក្នុង​ផ្លូវ​ដែល​អាក្រក់​ហ្នឹងឯង។

ការ​សម្លឹង​មើលរូប​ទេស​ភាព រូប​តារាភាពយន្តស្អាតៗ រូបភាព​សត្វផ្សេងៗ ក៏​រាប់​ថា​ជាការ​បន្ធូរ​អារម្មណ៍​ទៅក្នុង​ផ្លូវ​ដែល​ល្អ​ដូចគ្នា​ដែរ ជួយ​បន្ថយ​ភាព​ធុញថប់​តានតឹង​របស់​ស្ត្រី​មានគភ៌​បាន​មួយកម្រិត​ដែរ តែ​ការ​សម្លឹង​មើលរូប​កូនក្មេងស្អាតៗគួរឱ្យ​ស្រឡាញ់​នឹង​ហុច​ផល​ដោយ​ត្រង់​ខ្លាំង​ជាង ដោយសារតែ​ស្ត្រី​មានគភ៌​អាច​នឹង​នឹក​ស្រមៃ​រវាង​ខ្លួនឯង និង​កូន​បាន​ងាយ​ជាង​ការ​សម្លឹង​មើលរូប​ទេស​ភាព ឬ​រូប​តារា៕

Advertisement