វិវឌ្ឍនាការរបស់ក្មេងអាយុ15ខែយ៉ាងណាខ្លះ… អ្នកម្ដាយត្រូវតែដឹង!

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ15ខែ​គួរតែមាន​បែបណាខ្លះ​នោះ លោកឪពុក​អ្នក​ម្ដាយ​គួរតែ​ដឹង ដូច្នេះ​សូម​នាំគ្នា​មក​តាមដាន​អំពី​ការវិវឌ្ឍ​អ្វីខ្លះ​ដែល​កូនតូច​គួរតែ​ធ្វើបាន​ក្នុង​ផ្នែកនីមួយៗពេលដែល​គេ​មាន​អាយុ15ខែព្រមៗគ្នា​ជាមួយនឹង ឡា​រ៉ែ​ន ដូចតទៅ…។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ 15ខែ ផ្នែក​រាងកាយ និង​ការធ្វើ​ចលនាកូនតូច​ក្នុង​វ័យ​នេះ​គួរតែ​ដើរ​បាន​ពូកែ​ហើយ និង​ចូលចិត្ត​អូស ឬ​រុញ​របស់​លេង​ដើរ​ទៅមក ហើយ​ក្មេង​ខ្លះ​អាច​ហាត់​ដើរ​ថយក្រោយ​បាន។ ចាប់ផ្ដើម​ចេះ​ប្រើ​ស្លាបព្រា និង​សម​ក្នុងការ​ដួស​ចំណីអាហារ​បាន​កាន់តែ​ចំណាន​ឡើង កូន​នឹង​ចូលចិត្ត​ឱ្យ​លោកឪពុក​អ្នក​ម្ដាយ​លេងល្បែង​កម្សាន្ត​ជាមួយ​គេ ដូចជា​ លើកដៃ​ចង្អុល​ត្រចៀក ហើយ​សួរថា ត្រចៀក​នៅឯណា? ឬ​សម្លឹង​កញ្ចក់​មើល​ខ្លួនឯង ហើយ​សួរថា អ្នកណា​គេ​ហ្នឹង?ជាដើម។ កូន​នឹង​ចូលចិត្ត​យក​របស់របរ​ទម្លាក់​ចូលទៅក្នុង​ឡាំង និង​ចូលចិត្ត​សាកល្បង​មើលថា របស់​ណា​នឹង​ចង្អៀត ឬ​ល្មម​ជាមួយ​ប្រឡោះ​ណា(គួរ​រក​របស់​លេង​ដែលជា​ប្រអប់​ដែលមាន​គម្រប​ជា​ប្រឡោះទំហំខុសៗគ្នា និង​មាន​របស់​លេងតូចៗជា​ជ័រ​ប្លា​ស្ទិ​ក​ដែលមាន​រូបរាងផ្សេងៗដែលមាន​ទំហំ​ធំ​ល្មម​ឱ្យ​កូន​បាន​សាកល្បង​ដាក់ចូល​ទៅក្នុង​ប្រឡោះនីមួយៗនោះ ដើម្បី​ហ្វឹកហាត់​ជំនាញ​ក្នុង​ការសង្កេត​ពី​រូបរាង​ដែល​ខុសប្លែក​ពីគ្នា)។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ15ខែ ផ្នែក​សតិបញ្ញា និង​ការរៀន​យល់ដឹង
ដោយសារតែ​ក្មេង​ចាប់ផ្ដើម​បំបែក​ខ្លួនឯង​ចេញពី​ម្ដាយ​បាន និង​កំពុង​ហ្វឹកហាត់​ជួយ​ខ្លួនឯង​នោះ ទើប​ក្មេង​មើលទៅ​ហាក់ដូចជា​មិន​ព្រមស្ដាប់​បង្គាប់​មនុស្ស​ធំ​ដែល​តែង​នៅចាំ​ហាម​មិន​ឱ្យគេ​ធ្វើ​នេះ​ធ្វើ​នោះ ឬ​ត្រូវការ​ឱ្យគេ​ត្រូវតែ​ធ្វើតាម​អ្វីដែល​មនុស្ស​ធំ​ប្រាប់​ឱ្យធ្វើ តែ​គេ​ក៏​មិន​ព្រមធ្វើ​តាម​ដែរ ព្រោះ​គេ​ត្រូវ​ការធ្វើជា​អ្នកសម្រេចចិត្ត​ដោយ​ខ្លួនឯង(Sense of self)ទើប​ធ្វើឱ្យ​ឪពុកម្ដាយ​ជាច្រើន​អាចមាន​អារម្មណ៍​ថា កូន​ចាប់ផ្ដើម​ឌឺ និង​រឹង​ហើយ។ ដូច្នេះ​បើ​ឪពុកម្ដាយ​យល់ដឹង​ពី​ដំណាក់កាល​នៃ​ការវិវឌ្ឍ​របស់​កូន​ក្នុងអំឡុង​អាយុ​នេះហើយ ក៏​នឹង​មិនមាន​អារម្មណ៍​ខឹងសម្បា ហើយ​នឹងមិន​ព្យាយាម​ពោល​ពាក្យ​ថា “ហាម​ធ្វើ…កុំ​ណា៎…‟ ឬ​នឹងមិន​ឆេវឆាវ​ឡើយ។ អ្នក​គួរតែ​រិះរក​វិធី​ក្នុងការ​កាត់បន្ថយ​បញ្ហា​ភាពមិន​ជំទាស់​គ្នា​នេះ​ដោយ​ការនិយាយ ឬ​បង្ហាញ​ចេញ​ក្នុង​លក្ខណៈ​វិជ្ជមាន ដូចជា​ជំនួស​ឱ្យ​ពាក្យ​ដែល​ចង់​និយាយថា “កុំ​កាន់​កែវ​ហ្នឹង​ណា៎!‟ មកជា​និយាយថា “កូន​សម្លាញ់​មកលេង​ជាមួយ​ម៉ាក់​នៅ​កន្លែង​នេះ​មក​កូន‟ ជាដើម ដែល​នឹង​ធ្វើឱ្យ​កូន​ស្ដាប់បង្គាប់​អ្នកច្រើនជាង។

វិវឌ្ឍនាការ​របស់​ក្មេង​អាយុ 15ខែ ផ្នែក​ភាសា និង​ការទំនាក់ទំនង
ក្មេង​ចាប់​ផ្ដើមនិយាយ​ជា​ពាក្យសម្ដី​បាន​ច្រើនឡើង​ហើយ ចាប់ផ្ដើម​យល់ដឹង​ពី​ភាសា អាចធ្វើ​តាម​បញ្ជា 2 – 3ម៉ាត់​បាន និង​អាចឆ្លើយតប ឬ​ប្រាប់​ឈ្មោះ​វត្ថុ​បាន​ត្រឹមត្រូវ​ហើយ។ មាន​ឧបករណ៍​ដែល​ជួយ​ក្នុង​ការជំរុញ​វិវឌ្ឍនាការ គឺ​កូន​បាល់ តុក្កតា កូន​ឡាន-ល- ដោយ​អ្នក​ម្ដាយ​អាច​បង្ហាត់​កូន​បាន​ក្នុង​គ្រប់​ស្ថានការណ៍ ឬ​តាម​ទីកន្លែងផ្សេងៗបាន​ ដើម្បី​ជាការ​ជំរុញ​វិវឌ្ឍនាការ​ផ្នែក​ការយល់ដឹង​ពី​ភាសា​ឱ្យ​កាន់តែ​លឿន​ឡើង។

លោកឪពុក​អ្នក​ម្ដាយ​ត្រូវ​យល់ថា ក្មេងម្នាក់ៗកើតមក​ព្រមជាមួយ​​លក្ខណៈ​ប្រចាំ​ខ្លួន​ដោយឡែក​ពីគ្នា និង​មាន​វិធី​ក្នុងការ​តបស្នង​ទៅ​អ្នកដទៃ​ និង​រឿងផ្សេងៗតាមបែប​របស់​ខ្លួនគេ​ដែល​ខុសពី​ក្មេង​ឯទៀត ដែល​នៅពេល​គេ​ធំ​ឡើង គុណសម្បត្តិ និង​បុគ្គលិកលក្ខណៈ​ដោយឡែក​ទាំងនេះ​នឹង​បង្ហាញឡើង​យ៉ាងច្បាស់ ដែល​ការចិញ្ចឹម​មើលថែ​ឱ្យ​ស៊ីចង្វាក់​គ្នា​នឹង​តម្រូវការ​របស់​កូន នឹង​រឹតតែ​ក្លាយជា​ការបង្កើន និង​ជំរុញ​ឱ្យគេ​អាច​នាំ​ផ្នែក​ដែល​ល្អ​របស់​ខ្លួនឯង​ចេញមក​ប្រើប្រាស់​បាន ដែល​វា​នឹង​ក្លាយជា​គោល​សំខាន់​ក្នុង​ការជួយ​ឱ្យ​កូន​ធំធាត់​ឡើង​ក្លាយជា​មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​នាពេល​អនាគត​បាន៕

Advertisement