ជិត​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​លែង​សូវ​រើ អាការ​នេះ​ស្ត្រី​មានគភ៌​ត្រូវតែ​ដឹង…

ស្ត្រី​មានគភ៌​ដែល​កំពុង​ជិត​គ្រប់​ខែ​គ្រប់រូប​ធ្លាប់​នឹក​ឆ្ងល់ ឬ​សង្ស័យ​ដែរឬទេ​ថា ការ​រើ​របស់​កូន​នៅក្នុង​ផ្ទៃ​អាច​បញ្ជាក់ប្រាប់​ពី​អាការផ្សេងៗបានជា​ច្រើន មិនថាតែ​អាការ​ជិត​ប្រសូត ឬ​សូម្បីតែ​អា​ការខុស​ប្រក្រតី​ដែល​កើតឡើង​ចំពោះ​ទារក​នៅក្នុង​គភ៌​ជាដើម។ ស្ត្រី​មានគភ៌ភាគច្រើនច្រើនតែ​មើលរំលង​អំពី​រឿងនេះ ឬ​អាច​កំពុង​នឹក​ឆ្ងល់​ថា តើ​កូនតូច​នៅក្នុង​ផ្ទៃ​ដែល​លែង​សូវ​រើ ពាក់ព័ន្ធ​នឹង​ភាពខុសប្រក្រតី និង​ជិត​ដល់ពេល​ប្រសូត​ឬទេ? ថ្ងៃនេះ ឡា​រ៉ែ​ន នឹង​ជម្រាបជូន​អំពី​រឿង​ឱ្យ​បានដឹង​ទាំងអស់គ្នា។

អាការ​ជិត​ប្រសូត គឺជា​យន្តការ​ធម្មជាតិ​របស់​រាងកាយ​ដែល​ធ្វើឱ្យ​អនាគត​អ្នក​ម្ដាយ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​មានការ​ប្រែប្រួលផ្សេងៗកើតឡើង ដើម្បី​នឹង​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​ប្រសូត​ដែល​នឹង​មកដល់​នាពេល​អនាគត​ដ៏ឆាប់ៗនេះ ហើយ​ដែល​ការ​រើ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​នេះ​អាចពាក់ព័ន្ធ​នឹង​អាកា​រទាំង​នោះបាន។

ពេល​ចូលដល់​រយៈពេល​ចុងក្រោយ​នៃ​ការតាំង​គភ៌ ឬ​ក្នុង​មិន​ប៉ុន្មាន​សប្ដាហ៍​ទៀត​មុន​ដល់ពេល​ប្រសូត នឹងមាន​អាការសំខាន់ៗមួយចំនួន​ដែល​អនាគត​អ្នក​ម្ដាយ​ត្រូវ​តាម​សង្កេតមើលដែល​មួយ​នៅក្នុង​នោះ​គឺ ការ​រើ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​ហ្នឹងឯង។ ដូច្នេះហើយ​ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែល​ស្ត្រី​មានគភ៌​រកឃើញថា កូន​រើ(ធាក់)តិចជាង​ប្រក្រតី​ក្នុងអំឡុង​ត្រីមាស​ចុងក្រោយ​នៃ​ការតាំង​គភ៌។ មូលហេតុ​នោះ​បណ្ដាលមកពី​ទារក​នៅក្នុង​គភ៌​មាន​ទំហំ​ខ្លួន​ធំ​ឡើង​រហូត​ពេញទី​តាំង​ក្នុង​ស្បូន​របស់​ម្ដាយ​ហ្នឹងឯង ទើប​ធ្វើឱ្យ​ការ​រើខ្លួន​របស់​កូនតូច​ប្រព្រឹត្តឡើង​រាង​ពិបាក​ជាងពេលមុន។

ជា​ប្រក្រតី ទារក​នឹង​រើ​ខ្លាំង​ឡើងជារឿយៗរហូតដល់​គភ៌​ជិត​មាន​អាយុ 32សប្ដាហ៍។ ទារក​នឹង​រើ​ប្រមាណ​ជា 575ដង​ក្នុង​រយៈពេល 12ម៉ោង តែបើ​ពេលណា​ក៏ដោយ​ដែល​អាយុ​គភ៌​ចូលដល់​សប្ដាហ៍​ទី40ហើយ​នោះ ទារក​ក្នុង​គភ៌​រើ​នៅសល់​ត្រឹមតែ 282ដង​ក្នុង​រយៈពេល 12ម៉ោង​នោះអាការ​បែបនេះ​គួរឱ្យ​បារម្ភ​ខ្លាំងណាស់។ ក្រៅពីនេះ បើ​អាយុ​គភ៌​របស់​អនាគត​អ្នក​ម្ដាយ​មិនបាន​ស្ថិតក្នុង​ត្រីមាស​ចុងក្រោយ​ទេនោះ ចូរ​សង្កេតមើលថា តើ​អាការ​រើ​របស់​កូនតូច​គួរឱ្យ​បារម្ភ ឬក៏​អត់​នោះ​តាមរយៈ​រឿង​ខាងក្រោម​នេះ :
– ក្នុង​រយៈពេល4ម៉ោង កូនតូច​រើ​មិន​ដល់ 10ដង។
– បើ​ស្ត្រី​មានគភ៌​កត់ត្រា​ចំនួន​ការ​រើ​របស់​កូន​ជាប្រចាំ​រៀងរាល់ថ្ងៃ ហើយ​សង្កេតឃើញថា កូន​រើ​តិចជាង​មុន​ច្រើនខុសពី​ប្រក្រតី។
– ក្នុង​រយៈពេល 4ម៉ោង​ដែល​រាប់​នោះ កូន​មិនមាន​រើ​សោះ ហើយ​ថែមទាំង​មាន​អាការ​ឈឺពោះ និង​មាន​ឈាម​ហូរ​ចេញ​មកពី​រន្ធ​ស្បូន​ផង។

បើ​ស្ត្រី​តាំង​គភ៌​មាន​អាការ​ដូចដែល​បាន​រៀបរាប់​ខាងលើនេះ សូមកុំ​បង្អង់​យូរ ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម ហើយ​បើសិន​វា​ជា​ភាពខុសប្រក្រតី​មែន​នោះ តើ​អ្វី​គឺជា​មូល-​ហេតុដែល​ធ្វើឱ្យ​កូន​រើ​តិចជាង​មុន?

1. ដូចដែល​បាន​ជម្រាប​មកពី​ខាងដើម​ហើយថា មូល​ហេតុដែល​ធ្វើឱ្យ​កូន​រើ​តិចជាង​មុន​នោះ​គឺ មួយ បណ្ដាលមកពី​អនាគត​អ្នក​ម្ដាយ​ស្ថិតក្នុង​អំឡុងពេល​ជិត​ប្រសូត ឬ​អាចមកពី​ការដែល​អនាគត​អ្នក​ម្ដាយ​តាំង​គភ៌​យូរ​ជ្រុល​ពេក​រហូត​ធ្វើឱ្យ​ហួស​កំណត់ពេល​ប្រសូត ជាហេតុ​ធ្វើឱ្យ​ទងសុក​របស់​ម្ដាយ​ចុះខ្សោយ​សមត្ថភាព​ទៅតាម​អាយុ​គភ៌​ដែល​កើន​ច្រើនឡើង អាហារ និង​អុក​ស៊ី​ហ្ស៊ែ​ន​ដែល​បញ្ជូន​តាម​ទងសុក​ទៅដល់​កូន​មាន​បរិមាណ​ថយចុះ។ បើសិនជា​ដូច្នោះ​មែន អាច​នឹង​ប្រថុយប្រថាន​ដល់​ជីវិត​របស់​ទារក​ក៏​ថា​បានដែរ។

2. ប្រអប់​ស្បូន​របស់​ម្ដាយ​តូចចង្អៀត ធ្វើឱ្យ​ទារក​មិនអាច​កម្រើក​បាន​ដូច​កាលពី​ពេលមុន ឬ​អាច​បណ្ដាលមកពី​ភាពខុសប្រក្រតី​ណាមួយ​ចំពោះ​ទារក​ក្នុង​គភ៌​ធ្វើឱ្យ​មិនមាន​កម្លាំង​រើ។ បើ​ស្ត្រី​មានគភ៌​បណ្ដោយឱ្យ​ស្ថិតក្នុង​សភាព​បែប​នោះ​យូរ អាច​ប្រថុយប្រថាន​ដល់​ជីវិត​ទារក​ក្នុង​គភ៌។

ដូច្នេះ មិន​ថា​មកពី​មូលហេតុ​អ្វី​នោះទេ ការលែង​សូវ​រើ ឬ​ការ​រើ​តិចជាង​មុន​របស់​កូន គឺជា​រឿង​ដែល​គួរឱ្យ​វិតក្ក​កង្វល់​ទាំងអស់ ព្រោះ​បើសិន​វា​ជាស​ភាវ​ជិត​ប្រសូត​មែន​នោះ អនាគត​អ្នក​ម្ដាយ​ក៏​គួរ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាំ​ទប់-​ទល់នឹង​អាការ​ជិត​ប្រសូត​នេះ​ផង តែ​បើសិនជា​កូនតូច​ក្នុង​ផ្ទៃ​មិនសូវ​រើ ឬ​រើ​តិចជាង​មុន ទាំង​អាយុ​គភ៌​មិនបាន​ស្ថិតក្នុង​សភាវ​ដូចខាងលើ​នោះ ចូរ​កុំ​នៅ​បង្អង់​យូរ ព្រោះ​អាការ​នោះ​អាចរាប់បាន​ថា​ជា​អាការ​មួយ​ដែល​អាច​សន្និដ្ឋានបានថា មាន​ភាពខុសប្រក្រតី​អ្វី​ម្យ៉ាង​កើតឡើង​ចំពោះ​ទារក​ហើយ៕

Advertisement