5ហេតុផល ហេតុអ្វី​បានជា​ឪពុកម្តាយ​មួយចំនួន​មិនទាន់​ចង់ដឹង​ភេទ​របស់​កូនភ្លាមៗ​

ធ្លាប់​នឹក​ឆ្ងល់​ដែរឬទេ​ថា តើ​ហេតុ​អី​បានជា​ឪ-ពុក​ម្តាយ​ខ្លះ​មិន​ចង់ដឹង​ភេទ​កូន​រហូត​ទាល់តែ​ដល់​ថ្ងៃ​ប្រសូត?ជា​ប្រក្រតី ឪពុកម្តាយ​ភាគច្រើន​ណាស់  ឬ​ស្ទើរតែ​ទាំងអស់​តែម្តង​ដែល​ចង់ដឹង​ភេទ​របស់​កូន​ជាមុន ព្រោះ​នឹង​បានរៀបចំ​ត្រៀម​របស់របរ​សម្រាប់កូន​បាន​ត្រឹមត្រូវ។ ស្ទើរតែ​គ្រប់​គូ​ស្វាមីភរិយា​សុទ្ធតែ​នាំគ្នា​ទន្ទឹង​ទាំង​អន្ទះសា​ជាមួយ​ការពិនិត្យ​គភ៌ និង​ចាំតែ​សួរ​គ្រូពេទ្យ​ថា កូនប្រុស ឬ​កូនស្រី?  តែ​ក៏មាន​ក្រុមគ្រួសារ​ខ្លះ​ដែរ ដែល​គេ​មិន​ចង់ដឹង​ពី​ភេទ​របស់​កូន​ដែល​នៅក្នុង​គភ៌ រហូត​ទាល់តែ​ដល់​ថ្ងៃដែល​នឹង​បាន​ជួប​មុខ​គ្នា ហើយ​ខាងក្រោម​នេះ​គឺ មូលហេតុចម្បងៗដែលថា ហេតុ​អី​បានជា​ពួកគេ​មិន​ចង់ដឹង​ចម្លើយ​នោះ?

1 ចង់ឱ្យមាន​ការភ្ញាក់ផ្អើល ៈ ព្រោះ​ព័ត៌មាន​សម័យនេះ មហា​សែន​លឿន និង​មើលទៅ​ហាក់ដូចជា​សឹងតែ​គ្មានអ្វី​សោះឡើយ​ដែលជា​ការសម្ងាត់ ភេទ​របស់​កូន​ក៏​ដូចគ្នា​ដែរ ទើប​ធ្វើឱ្យ​រឿងនេះ​ក្លាយជា​ហេតុផល​ចម្បង​មួយ​របស់​ឪពុកម្តាយ​មួយចំនួន​ដែល​ចង់​លាក់ទុក​រឿងនេះជាការ​សម្ងាត់ ដើម្បី​សាង​ភាព​រំភើប​ញាប់​ញ័រ​ដល់​ខ្លួនឯង និង​មនុស្ស​ជុំវិញខ្លួន។

2 ចៃដន្យ​ដឹង​ដោយ​ឯកឯង ៈ ក្នុងការ​ធ្វើ​អ៊ុ​ល-ត្រា​សោ​ន​ដ៍(មើល​អេកូ) គោលបំណង​ចម្បង មិនមែន​ដើម្បី​មើលថា តើ​កូន​ភេទ​អី​នោះទេ តែ​ដើម្បី​ចង់ដឹង​ពី​វិវឌ្ឍនាការ​របស់​ទារក​ច្រើនជាង​ថា តើ​មាន​វិវឌ្ឍនាការ​ដែល​ល្អ ឬ​មាន​អ្វីដែល​ខុស​ប្រក្រតី​ដែរឬទេ?

ទើប​ធ្វើឱ្យ​ការដឹង​ពី​ភេទ​របស់​កូន​ក្លាយជា​លទ្ធផល​ដែល​បានមក​ដោយ​ក្តី​ចៃដន្យ តែ​ក៏​មិនមែន​ថា កូន​នឹង​ព្រមឱ្យ​មើល​ដោយងាយៗនោះដែរ​ព្រោះ​ជួនកាល​យើង​គិតថា​ជា​កូនស្រី តែ​ទីបំផុត​បែរជា​បានកូន​ប្រុស​ទៅវិញ​ក៏មាន​ច្រើន​ដែរ។

3 ជា​កម្លាំង​ជំរុញ​ចិត្ត​ក្នុងការ​ប្រសូត ៈ ត្រឹមត្រូវ​ហើយ​ចា៎ស មាន​អ្នក​ម្តាយ​មួយចំនួន មិន​ចង់ដឹង​ពី​ភេទ​កូន​ទេ ព្រោះ​ត្រូវ​ការប្រើ​រឿងនេះ​ធ្វើជា​កម្លាំង​ជំរុញ​ចិត្ត​ក្នុងការ​ប្រសូត​ថា បើ​ចង់ដឹងថា កូនស្រី ឬ​ប្រុសឆាប់ៗ ក៏​ត្រូវតែ​តាំងចិត្ត​ក្នុងការ​ប្រឹង​ប្រសូត និង​អត់ធន់​ឱ្យ​បានល្អ​ហ្នឹងឯង។

4 មិន​ចង់ឱ្យ​ស្រពិចស្រពឹល ៈ ដូចដែល​បាន​ប្រាប់​ហើយ​ថា ការមើល​ភេទ​កូន​នៅក្នុង​គភ៌​មិនមែនជា​រឿង​ងាយ​ទេ ជា​ញឹកញាប់​ណាស់​ដែល​យើង​ច្រើនតែ​ជួបប្រទះ​ថា ការដឹង​ពី​ភេទ​កូន​ជាមុន​នោះ ធ្វើឱ្យ​កើតមាន​ការខុសប្លែក​បាន​ជានិច្ច ដូចដែល​បាន​លើក​ជា​ឧទាហរណ៍​ក្នុងចំណុច​ទី2 រួចមកហើយ។

5 កាត់បន្ថយ​សម្ពាធ ៈ ជា​ការពិតហើយ​ដែល​ឪពុកម្តាយ​ខ្លះ​អាច​នឹង​តាំង​សេចក្តីសង្ឃឹម​ជាមួយ​ភេទ​របស់​កូន​នៅក្នុង​គភ៌​ខ្លាំង​ហួសហេតុ​ពេក គូ​ខ្លះ​អាច​នឹង​ចង់បាន​កូនស្រី ឬ​គូ​ខ្លះទៀត​មានកូន​ស្រី​ហើយ ក៏​ចង់បាន​កូនប្រុស​ម្តង តែ​ពេល​បានដឹង​លទ្ធផល​មុន​ហើយ ក៏​ធ្វើឱ្យ​នាំគ្នា​អស់សង្ឃឹម​ក៏មានដែរ ដូច្នេះ​ទើប​មិនមែនជា​រឿង​ប្លែក​ឡើយ​ដែល​ឪពុកម្តាយ​ខ្លះ​មិន​ចង់​ក្នុង​ការដាក់​សម្ពាធ​ឱ្យ​ខ្លួនឯង ទើប​រង់ចាំ​ទៅ​អ៊ុត​មើល​នៅពេល​ប្រសូត​តែម្តង​ប្រសើរ​ជាង​ហ្នឹងឯង។

ចុះ​មិត្ត​អ្នកអាន​វិញ ចង់ដឹង​ភេទ​កូន​ជាមុន ឬក៏​ចង់​រក្សាទុក​ចាំ​ទៅ​អ៊ុត​នៅពេល​ប្រសូត​ទាំងអស់គ្នា?

Advertisement