ឱ្យ​កូន​បៅដោះ​ហើយ​ ដោះ​នឹង​យារ​ធ្លាក់​មែន​ឬ? ស្វែងយល់​ពី​វិធីការ​ពារ​សុដន់​យារ​ធ្លាក់​ក្រោយពេល​កូន​លែង​បៅ​

“សុដន់​ ឬដោះ​” ត្រូវ​បាន​ធម្មជាតិ​សាង​ឡើង​ដើម្បី​ផលិត​ទឹកដោះ​ឱ្យ​កូន​ដែល​ជា​ទារក​ទើបនឹង​កើត​ តែ​ខណៈ​ពេល​ជាមួយគ្នា​ ក៏​ជាផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ស្ត្រី​មាន​មន្ត​ស្នេហ៍​ក្នុង​ខ្សែភ្នែក​បុរស​ដែរ​ ដូច្នេះហើយ​ទើប​មាន​ស្ត្រីជា​ម្ដាយ​មួយចំនួន​កង្វល់​បារម្ភ​រឿង​សុដន់​យារ​ធ្លាក់​ក្រោយពេល​មានកូន​ និង​ឱ្យ​កូន​បៅ​ទឹកដោះគោ​ ជំនួស​ការ​ឱ្យ​កូន​បៅ​ទឹកដោះ​ខ្លួនឯង​ ព្រោះតែ​យល់ថា​ “ឱ្យ​កូន​បៅ​ដោះ​យូរ​ៗទៅ​ នឹង​ធ្វើ​ឱ្យ​ដោះ​ធ្លាក់​យារ​!!” ទាំង​ការពិត​វិញ​ ចង់ឱ្យ​កូន​បៅដោះ​ ឬមិន​ឱ្យ​កូន​បៅដោះ​ ក៏​សុដន់​ស្ត្រីជា​ម្ដាយ​ត្រូវតែ​យារ​ធ្លាក់​គ្រប់តែ​គ្នា​ហ្នឹង​… បើ​មិន​ចេះ​មើលថែ​ទាំ​ខ្លួន​។

មូលហេតុ​បណ្ដាលមកពី​អ្វី​?
– គ្រាន់តែ​មានគភ៌​ ក៏​យារ​បាត់​ទៅ​ហើយ​ : សុដន់​របស់​មនុស្ស​ស្រី​នឹង​ចាប់ផ្ដើម​យារ​តាំងពី​ពេល​ចាប់ផ្ដើម​តាំង​គភ៌​ម្ល៉េះ​។ មូលហេតុ​ មក​ពី​ទំហំ​របស់​ “សុដន់​” ដែល​នឹង​មានការ​រីកធំឡើង​ ដើម្បី​ត្រៀម​ជាស្រេច​ក្នុង​ការផលិត​ទឹកដោះ​ឱ្យ​កូន​ និង​បរិវេណ​ក្បាល​សុដន់​ក៏​នឹង​ធំឡើង​ និង​មាន​ពណ៌​ស្រអាប់​ឡើង​ដែរ​។ សរសៃឈាមខ្មៅ​នឹង​មាន​ខ្នាត​ធំឡើង​ រហូត​មើលឃើញ​យ៉ាង​ច្បាស់​ ដូច្នេះ​ទោះជា​ក្រោយពេល​ឆ្លងទន្លេ​ មិនបាន​ឱ្យ​កូន​បៅដោះ​ក៏ដោយ​ ក៏​នៅតែ​យារ​ដូចគ្នា​ ដោយ​នឹង​ចាប់ផ្ដើម​យារ​ធ្លាក់ចុះ​ម្ដង​បន្តិច​ៗ ហើយនឹង​ខ្លាំង​ ឬតិច​ប៉ុនណា​ អាស្រ័យ​លើ​ទំហំ​របស់​សុដន់ បរិមាណ​ខ្លាញ់​ក្នុង​ខ្លួន​ និង​អាយុ​របស់​ស្រ្តី​ខ្លួនឯង​។– ក្រុម​អ្នកម្ដាយ​ដែល​មាន​ទឹកដោះ​ច្រើន​ខ្លាំង​ពេក​ : ស្ត្រីជា​ម្ដាយ​ដែល​ឡើង​ដោះ​ខ្លាំង​ មាន​ឱកាស​សុដន់​រីក​យារ​ខ្លាំង​ជាង​ស្ត្រីជា​ម្ដាយ​ដែល​មាន​សុដន់​តូច​ ព្រោះ​សុដន់​ក៏​ដូច​ប៉ឺតប៉ោង​ដែរ​ ពេល​វា​ប៉ោង​ វា​ក៏​ណែន​ខ្លាំង​ ពេល​ឈប់​ឱ្យ​កូន​បៅដោះ​ វា​ក៏​ធូ​រស្ពេ​តខ្លាំង​ដូចគ្នា​។ តែ​ទាំងអស់​នេះ​ ក៏​មិនមែន​មានន័យថា​ វា​នឹង​កើតឡើង​ចំពោះ​ស្ត្រីជា​ម្ដាយ​គ្រប់គ្នា​នោះ​ដែរ​ ព្រោះ​បើសិនជា​ស្ត្រីជា​ម្ដាយ​មើលថែ​ទាំ​ខ្លួនឯង​បាន​ល្អ​ ចេះ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​សុដន់​ ទោះជា​កូន​ញឹក​(ច្រើន​) ឬឱ្យ​កូន​បៅដោះ​រយៈពេល​យូរ​ប៉ុនណា​ ក៏​សុដន់​អាច​នឹង​ត្រឡប់​មក​តែង​ណែន​ដូចដើម​បាន​ដែរ​។

បច្ច័យ​ផ្សេង​ៗទៀត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ឱ្យ​កូន​បៅដោះ​
1. បារី​ : មិន​ជឿ​ ក៏​ត្រូវតែ​ជឿ​ដែរ​ថា​ បារី​ជា​វត្ថុ​គ្រោះថ្នាក់​ដែល​ធ្វើ​ឱ្យ​ស្រ្តី​សុដន់​យារ​ខ្លាំង​ជាង​ឱ្យ​កូន​បៅ​ទៅទៀត​។
2. អាយុ​ : មិនថា​នឹង​មានកូន​ ឬមិន​មាន​កូន​នោះ​ទេ​ នៅពេល​មនុស្ស​ស្រី​អាយុ​កើន​ច្រើន​ឡើង​ “ភាព​ចាស់ជរា​” នឹង​ធ្វើ​ឱ្យ​សុដន់​យារ​ធ្លាក់​ទៅតាម​វ័យ​ជា​បណ្ដើរ​ៗ។
3. អម្បូរ​ពូជ​ : បើសិនជា​ម្ដាយ​ ឬលោកយាយ​របស់​អ្នកមាន​អម្បូរ​ពូជ​សុដន់​យារ​ធ្លាក់​ អ្នក​ខ្លួនឯង​ក៏​មាន​ភាគរយ​ខ្ពស់​ក្នុង​ការដែល​សុដន់​នឹង​យារ​ធ្លាក់​បាន​ដូចគ្នា​។
4. ភាពធាត់​ : ស្រ្តី​មានគភ៌​មិន​គួរ​បណ្ដោយ​ខ្លួន​ឱ្យ​ធាត់​ជ្រុល​ពេក​ទេ​! ព្រោះ​ទម្ងន់​ខ្លួន​ដែល​ឡើង​លឿន​ ចុះ​លឿន​ នឹង​ធ្វើ​ឱ្យ​ស្បែក​យារ​ធ្លាក់​ដែល​មិនមែន​ត្រឹមតែ​សុដន់​ប៉ុណ្ណោះទេ​ គឺ​ទូទាំង​ដងខ្លួន​តែម្ដង​។
5. ពាក់អាវ​ទ្រនាប់​ដែល​មិន​សមល្មមនឹង​សុដន់​ : រឹប​ណែន​ជ្រុល​ ឬរលុង​ជ្រុល​ពេក​រហូត​មិន​អាច​ទទួល​ទ្រ​ទម្ងន់​របស់​សុដន់​បាន​។មកដល់ពេលនេះ​ហើយ​ ឡា​រ៉ែ​ន ជឿ​ថា​ ស្រ្តី​ដែល​មានកូន​ មិនថា​ទីបំផុត​ទៅ​ សុដន់​នឹង​តឹងណែន​ ឬនឹង​យារ​ធ្លាក់​ក្ដី​ ក៏​ប្រហែលជា​មិន​សំខាន់​ស្មើនឹង​ការ​បំបៅ​ដោះ​កូន​ដែរ​ ព្រោះ​ខ្លាំង​ជាង​ការ​បំបៅ​ដោះ​កូន​ដើម្បី​ឱ្យ​កូន​បាន​ទទួល​សារធាតុ​អាហារ​ដែល​មានប្រយោជន៍​ពី​ទឹកដោះ​ម្ដាយ​នោះ​ ការ​លើក​កូន​បី​ឱ្យ​បៅដោះ​ គឺជា​ការ​បញ្ជូន​ក្ដី​ស្រឡាញ់​ ភាព​កក់ក្ដៅ​ដែល​គ្មាន​វិធី​ណា​ល្អ​ស្មើនឹង​វិធី​នេះ​ឡើយ​៕

Advertisement