ហេតុ​អ្វី​កូន​ត្រូវ​ការ​ប៉ា?…កូន​តូច​ចូល​ចិត្ត​សំឡេង​ម្ដាយ តែ​រៀន​ភាសា​និយាយពី​ឪពុក

ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ដែល​​បាន​ធ្វើ​ឡើង​នៅសហរដ្ឋ​អាមេរិក និង​ចិន សុទ្ធ​តែ​បាន​បង្ហាញថា កូន​តូច​ពិត​ជា​ត្រូវ​ការ​ទាំង​ម្ដាយ​ ទាំង​ឪពុក​ ក្នុង​ការ​មើល​មើល​ថែ​ទាំរូបគេ​តាំងពីពេលទើប​នឹង​កើត។

មក​ដល់​ពេលបច្ចុប្បន្ន មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា កូន​របស់​ពួកគេ​ អាច​រៀន​ស្ដាប់​សំឡេង​ និង​រៀន​ភាសា​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។

យោង​តាម​ការ​ពិសោធបែប​វិទ្យា​សាស្ដ្របានរកឃើញថា ទារក​អាច​ស្ដាប់​ និងស្គាល់​សំឡេង​ពី​ខាង​ក្រៅ ក្នុង​អំឡុង​ពេល​ 3ខែ មុន​ពេល​ពួកគេ​ចាប់​កំណើត។ ប្រការ​ដែល​អស្ចារ្យ​នោះ​គឺថា ទារក​ក្នុង​ផ្ទៃ​ចូល​ចិត្ត​សំឡេង​របស់​ម្ដាយខ្លាំងជាង​សំឡេង​ចម្លែក​ផ្សេងៗ។ ប៉ុន្តែទន្ទឹម​នឹង​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ម្ដាយ​ និង​កូន តួនាទី​របស់​ឪពុក​ក៏​មាន​សារៈសំខាន់ដូចគ្នា​ដែរក្នុង​ការ​អភិវឌ្ឍ​ខាង​ភាសា​របស់​កូន។

 

ថ្មី​ៗ​នេះ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្ទីរ​ពិសោធន៍ Laboratory of Contemporary Anthropology នៅ​ប្រទេស​ចិនបាន​បង្ហាញថា ការ​ទទួល​យក​ភាសា​ពី​ឪពុក​ម្ដាយរបស់​ទារក​ គឺ​មានសារៈ​សំខាន់​ដូច​គ្នា ប៉ុន្តែវិស័យ​ភាសា​របស់​ម្ដាយ និង​ឪពុក គឺមាន​ភាព​ខុស​គ្នា។

ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​ លោកសាស្ត្រា​ចារ្យ Menghan Zhang បាន​ឱ្យ​ដឹង​ថា ខណៈ​ដែល​ទារក​ចូល​ចិត្ត​សំឡេង​របស់​ម្ដាយ​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ ពួក​គេ​បែរ​ជា​ត្រូវ​ការ​​​ភាសា​ភាគ​ច្រើនពី​ឪពុក​ទៅ​វិញ​។ ការ​ពិសោធខាង​លើ​នេះ បានផ្ដោត​សំខាន់​ទៅ​លើ​ទំនាក់​ទំនង​ស្អិត​ល្មួតរវាង​ហ្ស៊ែនរបស់​ឪពុក​ និង​ចំណុច​ពិសេស​នៃ​ភាសា ខណៈដែលហ្ស៊ែន​របស់​ម្ដាយទាក់​ទឹន​នឹង​ចំណុច​ពិសេស​នៃ​សំឡេង​ទៅវិញ។

ទាក់​ទឹន​នឹង​បញ្ហា​ខាងលើ​ កាល​ពី​ឆ្នាំ2006 ក៏​ធ្វើឱ្យមាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនា​វដ្ដី Journal of Applied Developmental Psychology ផង​ដែរ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នោះបាន​បង្ហាញ​ថា ឪពុក​ទាំង​ឡាយមាន​ឥទ្ធិពលទៅលើកូន​ច្រើន​ជាង​ម្ដាយ ក្នុង​ការ​រីក​ចម្រើន​ខាង​ភាសា​របស់​ទារក​ដែល​មាន​អាយុ​ចាប់​ពី2 ទៅ 3ឆ្នាំ៕

ប្រភព៖ ព័ត៌មាន​បរទេស

 

Advertisement