សំណួរ-ចម្លើយ ពាក់ព័ន្ធ​នឹង​សុខភាព​ពេល​មានគភ៌ ដែល​ ស្ត្រី​ទាំងអស់​គួរ​ដឹង… (តចប់)

ឡា​រ៉ែ​នជឿ​ថា​ នា​រីៗ​យើង​ទាំងអស់​ អ្ន​កណាៗ​ក៏​ត្រូវតែ​មានគ្រួសារ​(ស្វាមី​) និង​ត្រៀមខ្លួន​សម្រាប់​ការ​មានផ្ទៃពោះ​ដូចគ្នា​ ដូច្នេះ​ដើម្បី​ជា​ចំណេះដឹង​សម្រាប់​ត្រៀមខ្លួន​ក្នុង​ការ​មានគភ៌​ និង​ដើម្បី​ថែរក្សា​សុខភាព​របស់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃក្នុង​អំឡុង​ពេល​តាំង​គភ៌​នោះ​ ខាងក្រោម​នេះ​គឺជា​សំណួរ​របស់​ស្ត្រី​មានគភ៌​ និង​ចម្លើយ​របស់​គ្រូពេទ្យ​ជំនាញ​ ដែល​ឡា​រ៉ែ​នសូម​លើកយក​មក​ជម្រាប​ជូន​សម្រាប់​ស្ត្រី​ដែល​កំពុង​ត្រៀមខ្លួន​ធ្វើជា​ម្ដាយ​ថ្មោងថ្មី​ទុកជា​ចំណេះដឹង​…។

បារម្ភ​ កូន​មិនសូវ​រើ​
Q. មានផ្ទៃពោះ​បាន​ 20សប្តាហ៍​ហើយ​ តែ​មិន​មាន​ទទួលអារម្មណ៍​ថា​ កូន​រើ​បន្តិច​សោះ​។ ពេលខ្លះ​មាន​អារម្មណ៍​រាង​ទុល​ៗ តែ​ក៏​មិន​ប្រាកដ​ក្នុងចិត្ត​ថា​កូន​កំពុង​រើ​ដែរ​ ព្រោះ​ស្រាល​ៗមែនទែន​។ ខំ​ព្យាយាម​សង្កេតមើល​ក្រោយពេល​ញ៉ាំបាយ​ហើយ​ តែ​ក៏​ស្ងាត់ឈឹង​ ចង់​សួរ​ថា​ តើ​បែបហ្នឹង​ខុស​ប្រក្រតី​ ឬក៏​អត់​?
A. ជាប្រក្រតី​ស្ត្រី​មានគភ៌​ នឹង​មាន​អារម្មណ៍​ដឹង​ថា​ កូន​រើ​លើកដំបូង​បង្អស់​ នៅក្នុង​អំឡុង​ពេល​ដែល​ផ្ទៃពោះ​មាន​អាយុ​ពី​ 16​ – 20សប្តាហ៍​ តែ​អារម្មណ៍​របស់​ស្ត្រី​មានផ្ទៃពោះ​ម្នា​ក់ៗ​ តែង​ខុស​ប្លែកពីគ្នា​ ដូច្នេះ​មិន​ចាំបាច់​ថា​ ត្រូវតែ​មាន​អារម្មណ៍​ដឹងពី​អាការ​កូន​រើ​ឱ្យ​ត្រឹមត្រូវ​តាមពេលវេលា​ និង​ម៉ោង​ពេល​នៃ​ការ​ធ្វើ​ចលនា​របស់​ទារក​នៅក្នុង​ផ្ទៃ​របស់​អ្នកនោះ​ទេ​។

មាន​កង្វល់​រឿង​ថ្នាំ​ហ្វូ​លេ​ត សម្រាប់​អ្នកមាន​ផ្ទៃពោះ​

Q. ពេល​មានគភ៌​កូន​ដំបូង​ លោកគ្រូពេទ្យ​ចែក​ថ្នាំ​ហ្វូ​លេ​តឱ្យ​ញ៉ាំ​រៀងរាល់​ខែ​(គ្រាប់​ពណ៌​លឿង​)ហើយ​ជាប្រក្រតី​នឹង​ទទួល​បាន​ កាល់ស្យូម​ វីតាមីន​រួម​ និង​ហ្វូ​លេ​ត តែ​ខែ​កន្លងទៅ​នេះ​ បាន​ទទួល​តែ​កាល់ស្យូម​ និង​វីតាមីន​រួម​ អត់មាន​ហ្វូ​លេ​តទៀត​ទេ​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​កង្វល់​ក្នុងចិត្ត​ជា​ខ្លាំង​ ខ្លាច​កូន​ក្នុង​ពោះ​មាន​សុខភាព​មិនល្អ​ ព្រោះតែ​ខ្វះខាត​ជា​តិ​ហ្វូ​លេ​ត។
A. ហ្វូ​លេ​តសម្រាប់​អ្នកមាន​ផ្ទៃពោះ​ មាន​តួនាទី​ក្នុង​ការផលិត​គ្រាប់​ឈាមក្រហម​ និង​មាន​ប្រយោជន៍​ក្នុង​ការ​ការពារ​ភាព​ខុសប្រក្រតី​នៃ​ការ​សាង​ប្រព័ន្ធ​សរសៃប្រសាទ​ខួរក្បាល​ និង​សសៃ​ប្រសាទ​ឆ្អឹងកង​ខ្នង​របស់​ទារក​នៅក្នុង​គភ៌​ ដែល​មាន​ដូចជា​ សភាវ​បំពង់​ប្រសាទ​បើក​ (Neural​ Tube​ Defect​ ឬ NTD​) សភាវ​គ្មាន​ខួរក្បាល​ (Anencephaly​) ឆ្អឹងកង​ខ្នង​បិទ​មិន​ជិត​ល្អ​ (Spina​ Bifida​)ជាដើម​ ហើយ​បរិមា​ណហ្វូ​លេ​តដែល​ត្រូវ​ទទួលទាន​នោះ​ ចែក​ចេញ​ជា​៖
1. ករណី​ដែល​ស្ត្រី​មានគភ៌​លើកដំបូង​ ឬគ្មាន​ប្រវត្តិ​ធ្លាប់​ប្រសូត​បុត្រ​ដែល​មាន​រោគ​បំពង់​ប្រសាទ​បើក​ សភាវ​គ្មានខួរ​ក្បាល​ ឬឆ្អឹងកង​ខ្នង​បិទ​មិន​ជិត​ល្អ​ទេ​នោះ​ សូម​ណែនាំ​ឱ្យ​ទទួលទាន​មុន​ពេល​មានគភ៌​រយៈពេល​ 3ខែ​ រហូតដល់​គភ៌​មាន​អាយុ​ 12​ សប្តាហ៍​ ក្នុង​ 1ថ្ងៃ​ 400មីល្លី​ក្រាម​។
2. ក្នុងករណី​ដែល​ស្រ្តី​មានគភ៌​ ធ្លាប់​មាន​ប្រវត្តិ​ប្រសូត​បុត្រ​មក​មាន​រោគ​បំពង់​ប្រសាទ​បើក​ ឬសភាវ​គ្មានខួរ​ក្បាល​ ឬឆ្អឹងកង​ខ្នង​បិទ​មិន​ជិត​ល្អ​នោះ​ សូម​ណែនាំ​ឱ្យ​ទទួលទាន​មុន​ពេល​មានគភ៌​រយៈពេល​ 3ខែ​ រហូតដល់​គភ៌​មាន​អាយុ​ 12សប្តាហ៍​ ក្នុង1ថ្ងៃ​ 400មីល្លី​ក្រាម​។
3. ក្នុងករណី​ស្រ្តី​មានគភ៌​មាន​ភាព​ខុសប្រក្រតី​របស់​រោគ​មិនសូវ​មាន​ឈាមក្រហម​ ថា​ឡាស់​ស៊ិមៀ​ អាច​ទទួលទាន​បាន​ក្នុង1ថ្ងៃ​ 400មីល្លី​ក្រាម​ រហូត​ក្នុងរយៈពេល​នៃ​ការ​មានគភ៌​ ក្រៅពី​នេះ​នៅ​អាច​ជ្រើសរើស​បរិភោគ​អាហារ​ដែល​មាន​បរិមា​ណហ្វូ​លេ​តខ្ពស់​ ដែល​មាន​ដូចជា​ បន្លែ​ស្លឹក​បៃតង​ ឈីស​ ថ្លើម​ សាច់សត្វ​ ទឹកដោះ​ សណ្តែក​ ទំពាំង​ ផ្សឹ​ត និង​ដំឡូងបារាំង​ ។

ធ្វើលំ​ហាត់ប្រាណ​ដង្ហើម​ ដើម្បី​ឱ្យ​ប្រសូត​បុត្រ​បាន​ងាយស្រួល​Q. ចង់ឱ្យ​មាត់ស្បូន​ងាយ​បើក​ក្នុង​ថ្ងៃ​ឆ្លងទន្លេ​ គួរ​ធ្វើ​យ៉ាងណា​?
A. ជាប្រក្រតី​ អ្នកម្តាយ​មានផ្ទៃពោះ​គ្រប់រូប​ រយៈ​ដំបូង​បំផុត​នៃ​ការ​ប្រសូត​បុត្រ​ គឺជា​រយៈពេល​ដែល​មានការ​បើក​ធំឡើង​របស់​មាត់ស្បូន​ ចាប់ផ្តើម​តាំងពី​ការ​ឈឺពោះ​ប្រសូត​មែនទែន​ មាត់ស្បូន​នឹង​ចាប់ផ្តើម​បើក​ និង​បើក​រហូតដល់​អាច​ប្រសូត​បុត្រ​បាន​។ រយៈពេល​នេះ​ នឹង​ត្រូវ​បញ្ចប់​ដោយ​ប្រើ​ពេលវេលា​ប្រមាណ​ជា​ 8–12​ម៉ោង​ ក្នុង​ការ​ឆ្លងទន្លេ​លើកដំបូង​ និង​ 6–8ម៉ោង​ក្នុង​ការ​ឆ្លងទន្លេ​កូន​បន្ទាប់​(កូន​ទី2​)។ ការ​ហ្វឹកហាត់​បញ្ជា​ខ្យល់​ដង្ហើម​យ៉ាង​ទៀងទាត់​ តាំងពី​ស្រ្តី​ចាប់ផ្តើម​តាំង​គភ៌​ នឹង​ជួយ​ឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ធូរស្រាល​ ហើយ​ពេល​ដល់ពេល​ប្រសូត​ នឹង​ជួយ​ឱ្យ​ប្រសូត​បាន​ងាយស្រួល​។ វិធី​ហ្វឹកហាត់​ដោយ​ការ​គេង​ផ្ងារ​រាបស្មើ​នឹង​ដី​ យក​ខ្នើយ​ទ្រ​ក្បាល​ឱ្យ​ខ្ពស់​បន្តិច​ បិទ​ភ្នែក​ និង​កំណត់​ខ្យល់​ដង្ហើមចូល​ចេញ​ឱ្យ​វែង​ៗយ៉ាង​ទៀងទាត់​ រួម​ទាំង​ការ​បន្ធូរ​សម្រួល​សាច់ដុំ​ ក្បាល​ ក ផ្ទៃមុខ​ និង​ថ្ងាស​ ដោយ​យកដៃ​អង្អែល​ស្រាល​ៗ ដើម្បី​បណ្តេញ​ភាព​ធុញថប់​តានតឹង​។

ហាត់ប្រាណ​ក្រោយពេល​ប្រសូត​បុត្រ​រួច​Q. ប្រសូត​បុត្រ​ដោយ​ការ​វះ​ តើ​អាច​ធ្វើ​លំហាត់​ប្រាណ​បាន​ឡើងវិញ​នៅពេល​ណា​ទៅ​? ហើយ​ខ្សែ​ឆ្នូត​ពណ៌​ក្រ​ហមៗ​នៅ​លើ​ក្បាលពោះ​ និង​ក្លៀក​ឡើង​ខ្មៅ​នោះ​ តើ​ពេលណា​ទើប​រលុប​បាត់​ទៅវិញ​? តើ​ត្រូវ​ធ្វើ​យ៉ាងណា​ខ្លះទៅ​?
A. ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​បែប​ធម្មតា​ ក្រោយ​ពេល​ប្រសូត​រួច​អាច​ធ្វើលំ​ហាត់ប្រាណ​បាន​ភ្លាម​នៅពេល​បាត់ឈឺ​មុខរបួស​ហើយ​ តែបើ​ស្ត្រី​ដែល​ឆ្លងទន្លេ​ដោយ​ការវះកាត់​វិញ​ គួរ​រង់ចាំ​យ៉ាងតិច​ពី4​ – 6សប្តាហ៍​ ក្រោយពេល​ប្រសូត​រួច​ បន្ទាប់មក​សឹម​ចាប់ផ្តើម​ធ្វើលំ​ហាត់​ប្រា​ណសន្សឹម​ៗ ដោយសារតែ​បញ្ហា​ស្នាមរបួស​វះ​ហ្នឹងឯង​។ ចំណែក​ឯស្នាម​ខ្សែ​ពណ៌​ក្រ​ហមៗ​នៅ​ចំ​កណ្តាល​ពោះ​ ស្នាម​ខ្មៅ​នៅ​ក្រោម​ក្លៀក​ និង​ជុំវិញ​ក្បាល​សុដន់​នោះ​ កើតឡើង​ដោយសារ​អ័រម៉ូន​នៅក្នុង​រាងកាយ​មានការ​ប្រែប្រួល​ក្នុង​អំឡុង​ពេល​មានគភ៌​ តែ​ក្រោយពេល​ប្រសូត​បុត្រ​រួច​ ស្នាម​ជាំ​ខ្មៅ​ផ្សេង​ៗ នឹង​រលុប​បាត់​អស់​ទៅ​វិញ​ជា​បណ្តើរ​ៗមិនខាន​ ៕

Advertisement