យុគសម័យ​ថ្មី​នេះ ការបង្ហាត់​កូនតូច​ ចាប់ពី​វ័យ 1ខួប​ឡើង ឱ្យ​ចេះ​ជួយ​ខ្លួនឯង គឺជា​រឿង​ដែល​ឪពុកម្ដាយ​ត្រូវធ្វើ

កូនតូច​ក្នុង​វ័យ 1ខួប​ឡើងទៅ អ្នក​ម្តាយ​អាច​បង្ហាត់​ឱ្យគេ​ចេះ​ជួយ​ខ្លួនឯង​ក្នុង​រយៈ​ដំបូង​បាន​ខ្លះ​ហើយ មិនថាតែ​ការ​ញ៉ាំ​អាហារ ឬ​ការប្រមូល​រៀបចំ​ចាន​ដែល​ញ៉ាំ​រួចហើយ​ជាដើម ទោះជា​ក្មេង​នៅក្នុង​វ័យ​នេះ​នៅមាន​សាច់ដុំតូចៗដែល​មិនទាន់​រឹងមាំ និង​ចាប់​កាន់​របស់របរ​អ្វី​មិនទាន់​ជាប់​មាំ​ក៏ដោយ តែ​ការបង្ហាត់​ឱ្យ​កូនតូច​បានចាប់ផ្តើម​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​នេះ មួយផ្នែក​គឺ ជា​ការជួយ​អភិវឌ្ឍ​សាច់ដុំតូចៗរបស់គេ​ឱ្យ​រឹងមាំ​ឡើង​បាន។ ឪពុកម្តាយ​ខ្លះ​គិតថា កូនតូច​អាយុ​ត្រឹមតែ​ប៉ុណ្ណឹង នៅ​មិនទាន់​ដល់ពេល​ទេ ខ្លាច​ថា បើ​បណ្តោយឱ្យ​កូនតូច​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង វា​អាច​នឹង​កំពប់ និង​ប្រ​ឡេ​ក​ប្រឡាក់​ខ្លួន​អស់ តែ​លោក​អ្នកដឹង​ទេ​ថា លោកអ្នក​កំពុងតែ​យល់​ខុស​ហើយ…។

“ការ​បណ្តោយឱ្យ​កូនតូច​ចេះ​ជួយ​ខ្លួនឯង​នេះ នឹង​រឹតតែ​ធ្វើឱ្យ​កូន​មាន​វិវឌ្ឍនាការ​របស់​សាច់ដុំតូចៗនោះ​កាន់តែ​រឹងមាំ​ឆាប់រហ័ស​ឡើងហើយ​លទ្ធផល​បន្ទាប់​ដែល​ទទួលបាន​ពី​ការបង្ហាត់​ឱ្យ​កូន​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​នេះ នឹងធ្វើ​ឱ្យ​កូន​មាន​ភាព​ទទួលខុសត្រូវ និង​ស្គា​ល់ពី​តួនាទី​របស់​ខ្លួនឯង​ទៀតផង”។

នៅពេល​កូន​ដល់​វ័យ​ចូលរៀន ឪពុកម្តាយ​គួរឱ្យ​កូន​ចេះ​មើលថែទាំ​ខ្លួនឯង​ខ្លះ​ផង ដូចជា​ស្លៀកពាក់​ដោយ​ខ្លួនឯង​មិនថាតែ​ការបិទ​ឡេវ​ខោ ឡេវអាវ ឬ​ពាក់​ស្រោមជើង និង​ស្បែកជើង​ដោយ​ខ្លួនឯង និង​រៀបចំ​កាតា​បដា​ក់​សៀវភៅ​ខ្លួនឯងជាដើម។ អ្វីផ្សេងៗទាំងអស់នេះ នឹង​ជួយអភិវឌ្ឍ​ជា​បន្ត ឱ្យ​កូន​ចេះ​ប្រើ​ប្រព័ន្ធ​ប្រសាទ ​ការប៉ះពាល់ រួមជាមួយ​សាច់ដុំ​តូចៗ ដោយ​ឱ្យ​ខួរក្បាល​ជា​អ្នកដឹកនាំ​ក្នុង​ការគិត ធ្វើឱ្យ​កូន​ចេះ​គិត​ជា​ប្រព័ន្ធ យល់​ពីអ្វី​គួរ​ធ្វើ​មុន ឬ​ក្រោយ រៀន​យល់ដឹង​ក្នុង​ការកែ​បញ្ហា​ចំពោះមុខ​បាន និងមាន​ភាព​ត្រៀម​ជានិច្ច​ក្នុង​ការរៀន​យល់ដឹង​ពីអ្វី​ដែលថ្មីៗ និង​គួរ​បង្ហាត់​ឱ្យ​កូន​ធ្វើ​រៀងរាល់ថ្ងៃ រហូត​ក្លាយជា​មុខនាទី​ដែល​គេ​ត្រូវ​ទទួលខុសត្រូវ។

កុមារ​ដែល​មិនចេះ​ជួយ​ខ្លួនឯង​សោះ  ច្រើនតែមាន​ឧបនិស្ស័យ​អ​ត្មា​និយម ទើប​ធ្វើឱ្យ​មិនមាន​ភាព​ត្រៀម​ជាស្រេច​ក្នុង​ការរៀន​យល់ដឹង​ពីអ្វី​ដែលថ្មីៗ ការសម្រេចចិត្ត​ចំពោះមុខភ្លាមៗក៏​មិន​ពូកែ ព្រោះ​មិនដែល​រៀន​យល់ដឹង​ក្នុង​ការកែ​បញ្ហា មិនចេះ​ស៊ូទ្រាំ​ចំពោះ​ក្តី​លំបាកលំបិន​ព្រោះ​មិន​ធ្លាប់ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង មានតែ​អ្នក​ធ្វើឱ្យ​ជានិច្ច និង​ខ្វះ​ជំនាញ​ក្នុង​ការចូល​សង្គម​នៅ​ថ្ងៃ​អនាគត​ទៀតផង៕

Advertisement