អាការ12 យ៉ាងរបស់កូន ដែលឪពុកម្តាយមិនគួរព្រងើយកន្តើយ​

ក្មេងៗទោះជា​អាយុ​ប៉ុន្មាន​ក៏ដោយ ចេះ​និយាយ​ហើយ ឬ​មិនទាន់​ចេះ​និយាយ​ក៏ដោយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​ចេះ​សង្កេតមើល​អា​ការកូន​ឱ្យបាន​ថា តើ​មាន​អ្វី​ខុស​ប្រក្រតី​ឬទេ? កុំ​ចាំ​រហូតដល់​កូន​ហារ​មាត់​ប្រាប់​នោះ ព្រោះ​រឿង​ខ្លះ​ត្រូវតែ​សង្កេតមើល និង​ប្រញាប់​កែ​បញ្ហា​ភ្លាម​មុននឹងអ្វីៗហួសពេល​កែ។ ខាងក្រោម​នេះ​គឺជា​អាការ12យ៉ាង​របស់​កូន ដែល​លោកឪពុក​អ្នក​ម្តាយ​មិនគួរ​ព្រងើយកន្តើយ។

1. កូន​មើលទៅ​រាង​មាន​អារម្មណ៍​ធុញថប់​តានតឹង សោកសៅ អាច​នឹង​គ្មាន​អាការ​គ្រុនក្តៅ ឬ​មិន​ស្រួលខ្លួន​ឱ្យឃើញ​ក៏ដោយ តែ​កូន​អាច​នឹង​បង្ហាញ​អាការ​តាមរយៈ​ទឹកមុខ ឬ​មើលទៅ​ឃើញ​ហាក់ដូចជា​កំពុង​គិតពី​អ្វី​ម្យ៉ាង​គ្រប់ពេលវេលា បើសិនជា​ឃើញបែបនេះ​ហើយ ឪពុកម្តាយ​មិនគួរ​មើលរំលង ឬ​ព្រងើយកន្តើយ​ឡើយ ត្រូវ​ប្រញាប់​នាំទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យភ្លាមៗល្អ​ជាង។

2. ឡើងក​ម្តៅ​ខ្ពស់ សីតុណ្ហភាព​ប្រក្រតី​រប​ស់​ក្មេង​នឹង​ស្ថិតនៅក្នុង​កម្រិត 36-37.5អង្សា​សេល​សៀ​ស សម្រាប់​ក្មេង​ដែលមាន​អាយុ​ទាប​ជាង 6ខែ បើ​មាន​សីតុណ្ហភាព​ក្នុង​កម្រិត 37.6-38.4អង្សា​សេល​សៀ​ស​នោះ គឺ​មានន័យថា ឡើងក​ម្តៅ​ខ្ពស់​ហើយ ចំណែក​ក្មេង​អាយុ​ច្រើនជាង6ខែ​ឡើង បើសិន​លើស 38.5អង្សា​សេល​សៀ​ស មានន័យថា កម្តៅ​ខ្លួន​ឡើង​ខ្ពស់​ហើយ ត្រូវ​រក​វិធី​បញ្ចុះ​កម្តៅ និង​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម។

3. ក្តៅខ្លួនជាប់ៗគ្នា​អត់​បាត់​រយៈពេល 3ថ្ងៃ​ឡើងទៅ ដោយ​ញ៉ាំ​ថ្នាំ និង​ជូត​ខ្លួន​ហើយ តែ​អាការ​នៅតែ​មិនល្អ​ប្រសើរឡើង​នោះ ត្រូវ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។

4. គ្រុន​ក្តៅខ្លួន និង​មាន​អាការ​ផ្សេងទៀត​រួមជាមួយ​ផង ដូចជា ឈឺក្បាល មាន​ឡើង​កន្ទួល​រមាស់​នៅលើ​រាងកាយ ឈឺ-ក អាការ​បែបនេះ​ត្រូវតែ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ជាបន្ទាន់។

5. មាន​ឡើង​កន្ទួល​ក្រហម​តាម​ខ្លួនប្រាណ និង​មាន​អាការ​រាលដាល​កាន់តែខ្លាំង​ឡើង ឬ​មាន​អាការ​ហើម​ឡើង​ក្រហម​ត្រង់​បរិវេណ​ដែលមាន​ឡើង​កន្ទួល និង​មាន​អាការ​ដកដង្ហើម​មិន​ស្រួល រាងស្ទះៗជាដើម​នោះ កុំ​បង្អង់​យូរ ត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ភ្លាម។

6. មាន​ពងបែក​ឡើង​តាម​ខ្លួនប្រាណ​ក្នុង​លក្ខណៈខុស​ប្រក្រតី ដែល​មិន​ធ្លាប់មាន​កន្លងមក ត្រូវ​ប្រញាប់​យក​កូន​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ជាបន្ទាន់ ព្រោះ​អាច​កើតរោគ​មហារីក​ស្បែ​កបាន។

7. កូនតូច​យំ​រករឿង​ខ្លាំង ព្រោះ​ឈឺក្បាល​បែប​ទាន់ហន់ភ្លាមៗ ឬ​អាច​ឈឺពោះ​ផ្នែក​ខាងស្តាំ​ចុះមក​ក្រោម អាចជា​អាការ​របស់​ខ្នែងពោះវៀន ឬ​បើ​ឈឺពោះ​ហើយ​មាន​ក្អួត​ផង​នោះ អាច​បណ្តាលមកពី​អាការ​រលាក​ក្រពះ បើ​រឹត​តែមាន​ឈាម​ចេញមក​ជាមួយ​ផង​នោះ ត្រូវតែ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់។

8. ឈឺក្បាល និង​ក្អួត អាចជា​អាការ​ចាប់​ផ្តើមដំបូងរ​បស់​រោគ​ម៉ៃ​ក្រេ​ន តែបើ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​នោះ អាច​បណ្តាលមកពី​រោគ​ផ្សេងទៀត អាការ​បែបនេះ​ក៏​ត្រូវតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ដែរ។

9. បរិមាណ​ទឹកនោម​ថយចុះ ស្ងួត​មាត់ បន្ទូលក្បាល (បង្ហើយ) ផត​ចុះ ក្អួត រាក អាការ​ទាំងនេះ​អាច​បណ្តាលមកពី​សភាវ​ខ្វះ​ជាតិ​ទឹក បើ​ឃើញ​កូន​មាន​អាការ​បែបនេះ ត្រូវតែ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

10. ហើម​មុខ ហើម​ខ្លួន ក្អួត ឬ​មាន​ឡើង​រមាស់ អាការ​នេះ​អាច​បណ្តាលមកពី​កើត​ប្រតិកម្ម​ចាញ់​នឹង​របស់​អ្វីមួយ បើ​ធ្ងន់ធ្ងរ​ត្រូវ​នាំទៅ​ជួប​គ្រូពេទ្យ​ភ្លាម។

11. ចេញឈាម​ច្រើនពេក មិនថាតែ​ស្នាមរបួស​តូច ឬ​ធំ​នោះទេ បើ​ឃាត់ឈាម​ហើយ ឈាម​នៅតែ​ហូរ​ចេញមក​មិន​ឈប់ ចូរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម។

12. បបូរមាត់​ឡើង​ស្លេក ខៀវ​ជាំ ដកដង្ហើមអាក់ៗ និង​ដកដង្ហើម​តាម​មាត់ អាចជា​អាការ​មានប្រតិកម្ម​នឹង​របស់​អ្វី​ម្យ៉ាង ឬ​អាច​បណ្តាលមកពី​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ដកដង្ហើម ឬ​រោគ​សួត ក៏​ជា​អាការ​ត្រូវ​ប្រុងប្រយ័ត្ន និង​ត្រូវ​នាំទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ដែរ។

អាការ​របស់​កូន ដែល​បាន​រៀបរាប់​មក​ខាងលើនេះ លោកឪពុក​អ្នក​ម្តាយ​មិនគួរ​ព្រងើយកន្តើយ​ជាដាច់ខាត ព្រោះ​អាការ​មួយចំនួន​នោះ​អាច​និយាយបានថា សុទ្ធតែជា​សញ្ញា​របស់​ជំងឺ​ធ្ងន់ធ្ងរផ្សេងៗទាំងអស់៕

Advertisement