ចម្លើយ​លើ​ចំណុច​សង្ស័យ​ 7រឿង​ ដែល​ស្ត្រី​មានគភ៌​ចង់​ដឹង​បំផុត​

ស្ត្រី​ដែល​ទើបតែ​មានគភ៌​ជាលើកដំបូង​ដែល​កើតមាន​ក្តី​សង្ស័យ​ និង​មិន​ប្រាកដ​ក្នុងចិត្ត​ថា​ តើ​ក្នុងអំឡុងពេល​មានគភ៌​នោះ​ ត្រូវ​មើលថែ​ទាំ​អ្វីខ្លះ​ទៀត​ ក្រៅពី​ការ​ជ្រើសរើស​ចំណីអាហារ​ត្រូវ​តាម​ភោជនា​ការ​របស់​ស្ត្រី​មានគភ៌​ហើយ​ ហាត់ប្រាណ​យ៉ាង​ត្រឹមត្រូវ​ និង​សម្រាក​យ៉ាង​គ្រប់គ្រាន់​ហើយ​ តើ​នៅ​មានរឿង​អ្វី​ដែល​គួរ​ធ្វើ​បន្ថែម​ទៀត​ឬទេ​? និង​តើមាន​រឿង​អ្វីខ្លះ​ដែល​គួរ​ចៀសវាង​? និង​កិច្ចការ​ងារ​ពីមុន​ដែល​ធ្លាប់ធ្វើ​ តើ​អាច​ធ្វើ​បាន​ទៀត​ឬទេ​? ឬហុច​ផល​អាក្រក់​ប៉ុនណា​? ចំណុច​សង្ស័យ​ទាំងនេះ​ សុទ្ធតែ​ជា​រឿង​ដែល​អ្នកមាន​ផ្ទៃពោះ​នៅ​សង្ស័យ​ច្រើន​គ្នា​ណាស់​ ដូច្នេះ​យើង​នាំគ្នា​មក​បកស្រាយ​ចំណុច​សង្ស័យ​ទាំងនេះ​ទាំងអស់គ្នា​។

1. ទម្ងន់​ខ្លួន​ដែល​ស័ក្តិសម​សម្រាប់​អ្នកមាន​គភ៌​បើ​អ្នកមាន​គភ៌​ទទួលទាន​អាហារ​តាម​ការណែនាំ​ហើយ​ (ប្រូ​តេ​អុីន​ វីតាមីន​ សារធាតុ​រ៉ែ​ អុី​យ៉ូ​ដ កាល់ស្យូម​ ហ្វូ​លេ​ត និង​សារធាតុ​ដែក​) នោះ​ ទម្ងន់​ខ្លួន​នឹង​កើនឡើង​ប្រមាណ​ជា12​ -15គីឡូក្រាម​ ជាមធ្យម​កើន​ 1ខែ​ 2គីឡូក្រាម​ តែ​ក្នុង​ត្រីមាស​ដំបូង​ទម្ងន់​ខ្លួន​អាច​ថយ​ចុះ​ ដោយសារតែ​អាការ​ចាញ់កូន​ដែល​ធ្វើ​ឱ្យ​ក្អួតចង្អោរ​ញឹកញាប់​ ឬមិន​អាច​ញ៉ាំ​អាហារ​បាន​ច្រើន​។ ក្នុង​ត្រីមាស​ទី2​ ជា​អំឡុង​ពេល​អស់​អាការ​ចាញ់កូន​ហើយ​ ស្ត្រី​មានគភ៌​អាច​ហាត់ប្រាណ​បាន​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​គ្រប់គ្រង​កុំឱ្យ​ទម្ងន់​ខ្លួន​កើនឡើង​លឿន​ជ្រុល​ពេក​។ ចំណែក​ត្រីមាស​ចុងក្រោយ​ ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច​ ព្រោះ​ឱកាស​ប្រសូត​មុន​កំណត់​មាន​ខ្ពស់​ណាស់​ បើសិន​បញ្ចេញ​កម្លាំង​ធ្វើអ្វី​មួយ​ខ្លាំង​ជ្រុល​ពេក​។ ក្នុង​ត្រីមាស​នេះ​ ទម្ងន់​ខ្លួន​អ្នកម្តាយ​នឹង​កើនឡើង​ខ្ពស់​បំផុត​។

2. បើ​ចាក់​វ៉ាក់សាំង​ការពារ​ជំ​ងឺ​ផ្សេង​ៗ ក្នុងអំឡុងពេល​មានគភ៌​ត្រីមាស​ដំបូង​ដោយសារតែ​មិនដឹង​ តើ​នឹង​មាន​គ្រោះថ្នាក់​អ្វី​ដែរ​ទេ​?បើ​វ៉ាក់សាំង​ដែល​ចាក់​នោះ​ជា​វ៉ាក់សាំង​ការពារ​តេតាណូស​ គ្រុនផ្តាសាយ​ធំ​ ឬកញ្រ្ជឹល​ មិនជា​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ​ និង​ជា​ការ​សាង​ប្រព័ន្ធ​ការពារ​ជំងឺ​ឱ្យ​ខ្លួន​ទារក​ទៀតផង​។ ពេញ​មួយរយៈពេល​ 9ខែ​ ស្ត្រី​មានគភ៌​អាច​ត្រូវ​ចូល​ទៅ​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​យ៉ាង​ត្រឹមត្រូវ​ ដើម្បី​ទារក​ចម្រើន​ធំធាត់​ រឹងប៉ឹង​ និង​ពេញលេញ​ ប្រាសចាក​ជំងឺតម្កាត់​។

3. តើ​វីតាមីន​បន្ថែម​ ចាំបាច់​ដែរ​ឬទេ​?សារធាតុ​អាហារ​ដែល​អ្នកមាន​គភ៌​គួរ​ទទួលទាន​បន្ថែម​នោះ​គឺ​ សារធាតុ​ដែក​ដែល​ជួយ​គាំទ្រ​ការ​ធ្វើការងារ​របស់​ហ៊ី​ម៉ូ​គ្លោ​ប៊ី​នក្នុង​គ្រាប់​ឈាមក្រហម​ ដែល​ជា​អ្នកនាំ​អុក​ស៊ី​ហ្សែ៊ន​ឆ្ពោះទៅ​ទារក​ដែល​នៅក្នុង​ផ្ទៃ​ បើ​អ្នកមាន​គភ៌​បាន​ទទួល​សារធាតុ​ដែក​មិន​គ្រប់គ្រាន់​ នឹង​ធ្វើ​ឱ្យ​កើត​សភាវ​លោហិត​ស្លេកស្លាំង​ ហុច​ផល​ឱ្យ​កើត​អាការ​នឿយ​ល្វើយ​ ហត់​ និង​ដកដង្ហើម​មិន​ស្រួល​។ ទាំងអស់​នេះ​ ការ​ទទួលទាន​សារធាតុ​ដែក​គួរ​ស្ថិត​ក្នុង​បរិមាណ​ដែល​សម​ល្មម​តាមដែល​រាងកាយ​ត្រូវការ​ ចំណែក​វីតាមីន​ និង​សារធាតុ​អាហារ​ផ្សេង​ទៀត​ បើ​ទទួលទាន​អាហារ​គ្រប់​ 5ប្រភេទ​ក្រុម​តាម​ពាក្យ​ណែនាំ​របស់​គ្រូពេទ្យ​ហើយ​នោះ​ មិន​ចាំបាច់​ទទួលទាន​វីតាមីន​បន្ថែម​ក៏បាន​ដែរ​ ​តែ​គួរ​ញ៉ាំទឹក​ដោះ​គោ​ជាប្រចាំ​ ដើម្បី​បង្កើន​ភាពរឹងមាំ​ដល់​ឆ្អឹង​របស់​ទារក​នៅក្នុង​ផ្ទៃ​ មិន​គួរ​ទទួលទាន​ថ្នាំ​សារធាតុ​ដែក​លាយ​គ្នា​ជាមួយ​ទឹកដោះគោ​ឡើយ​ ព្រោះ​វា​ធ្វើ​ឱ្យ​មានគុណ​វិបត្តិ​ច្រើនជាង​គុណសម្បត្តិ​។

4. ស្វាមី​ទ្រាំមិនបាន​ សុំ​មាន​ភេទ​សម្ពន្ធ​ក្នុងអំឡុងពេល​មានគភ៌ការ​មាន​ភេទ​សម្ពន្ធ​ មិនមែន​ជា​រឿង​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ទេ​ លើកលែងតែ​ខាង​ប្រុស​មាន​ជំងឺ​កាមរោគ​។ ក្នុង​អំឡុង​ត្រីមាស​ទី3​ សូម​ឱ្យ​លោក​ប្ដី​អត់ទ្រាំ​បន្តិច​ ព្រោះ​ជា​ដំណាក់កាល​សំខាន់ណាស់​ គភ៌​របស់​ភរិយា​មិន​គួរ​ទទួល​រង​កម្លាំង​ញ័រ​រញ្ជួយ​អ្វី​ទាំងអស់​ ដើម្បី​ការពារ​ការ​ប្រសូត​មុន​កំណត់​ និង​អាច​ធ្វើ​ឱ្យ​ទារក​មិន​រឹងប៉ឹង​បាន​។ បើ​ត្រីមាស​ទី1​ និង​ 2 ស្ត្រី​មានគភ៌​គួរ​សង្កេតមើល​ផង​ថា​ តើមាន​អាការ​ខុសប្រក្រតី​អ្វី​ឬទេ​? ដូចជា​ ឈឺពោះ​មុន​ពេល​កំណត់​ និង​មាន​ឈាមធ្លាក់​ចេញពី​មាត់ស្បូន​ជាដើម​។ បើ​មាន​អាការ​ទាំងនេះ​ គួរ​បញ្ឈប់​ការ​មាន​ភេទ​សម្ពន្ធ​ និង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​។

5. ទឹកដោះ​ដែល​គួរ​ញ៉ាំ​ក្នុងអំឡុងពេល​មានគភ៌​ ស្ត្រី​អាច​ញ៉ាំទឹក​ដោះ​បាន​គ្រប់​ប្រភេទ​ ទាំង​ទឹកដោះគោ​ ទឹកដោះពពែ​ ឬទឹក​សណ្តែក​លឿង​ (មិន​ចាំបាច់​តែ​ទឹកដោះ​សម្រាប់​ស្រ្តី​មានគភ៌​ក៏បាន​ដែរ​) និង​គួរ​ញ៉ាំ​ឱ្យ​បាន​ទ្វេដង​ ព្រោះ​រាងកាយ​របស់​អ្នកមាន​គភ៌​ត្រូវការ​កាល់ស្យូម​ ហើយ​កូនតូច​ក៏​ត្រូវការ​កាល់ស្យូម​ដែរ​ ព្រោះ​កាល់ស្យូម​នេះ​ជួយការ​ពារ​សភាវ​លើសឈាម​បាន​។

6. មុន​ប្រើ​ថ្នាំ​ក្នុងអំឡុងពេល​មានគភ៌​……គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យសម្ភព​ គឺជា​វិធី​ដែល​ល្អ​បំផុត​ ព្រោះថ្នាំ​ប្រភេទ​ខ្លះ​មាន​គ្រោះថ្នាក់​ដល់​ទារក​ ដូចជា​ស្ត្រី​មានគភ៌​ដែល​រក្សា​សម្ផស្ស​ ត្រូវការ​ញ៉ាំ​ថ្នាំ​ព្យាបាល​មុន​ និង​ថ្នាំ​ព្យាបាល​មុន​ខ្លះ​ជា​ប្រភេទ​លាប​ និង​ខ្លះទៀត​ជា​ប្រភេទ​លេប​ ដែល​អាច​ចាត់ទុកថា​ជា​ប្រភេទ​ថ្នាំ​គ្រោះថ្នាក់​ ដែល​មានផល​ប៉ះពាល់​ទៅដល់​ទារក​នៅក្នុង​គភ៌​ អាច​ធ្វើ​ឱ្យ​កើត​ពិការភាព​បាន​ ដូច្នេះ​មុននឹង​ប្រើ​ថ្នាំ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ និង​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រប់ពេល​ថា​ ខ្លួនឯង​មានគភ៌​ ដើម្បី​បាន​ទទួលការ​ផ្តល់​ថ្នាំ​ដែល​ត្រឹមត្រូវ​។

7. មាន​ដុំ​សាច់​ដុះ​លើ​រាងកាយ​ក្នុងអំឡុងពេល​មានគភ៌​ភាព​គ្រោះថ្នាក់​ អាស្រ័យ​លើ​ទីតាំង​ និង​លក្ខណៈ​របស់​សាច់​ដុះ​នោះ​។ នៅពេល​ស្ទាប​ប៉ះ​ ស្ត្រី​មានគភ៌​គួរ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​វាយតម្លៃ​ពី​ដុំ​សាច់​ដុះ​នោះ​ និង​ធ្វើការ​ព្យាបាល​ជា​បន្ត​។ យ៉ាងណាក៏ដោយ​ ការ​ត្រៀមខ្លួន​ជាស្រេច​មុន​ពេល​មានគភ៌​ គឺជា​រឿង​ចាំបាច់​ ដូចជា​ ពិនិត្យ​រកមើល​សាច់​ដុះ​ និង​ធ្វើការ​ព្យាបាល​ឱ្យ​ជា​-សះស្បើយ​មុន​ពេល​សម្រេចចិត្ត​មានគភ៌​ វា​នឹង​ជួយ​កាត់បន្ថយ​សភាវ​គភ៌​ប្រថុយប្រថាន​បាន​។

ការ​មើលថែ​ទាំ​គភ៌​យ៉ាង​ត្រឹមត្រូវ​តាម​គោល​ភោជនាហារ​ និង​ពាក្យណែនាំ​របស់​ពេទ្យ​ ទារក​នឹង​ធំធាត់​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ និង​រឹងប៉ឹង​។ នៅពេល​គេ​ធំឡើង​ ឪពុក​ម្តាយ​នឹង​មាន​មោទនភាព​ដែល​បាន​មើលថែ​ទាំ​គភ៌​យ៉ាង​ល្អ​។ បើ​មាន​ចំណុច​សង្ស័យ​អ្វី​ផ្សេង​ក្រៅពី​នេះ​ ការ​ប្រឹក្សា​ជាមួយ​ពេទ្យ​សម្ភព​ នឹង​ទទួល​បានការ​ណែនាំ​យ៉ាង​ត្រឹមត្រូវ​ ព្រោះ​រាងកាយ​ស្ត្រី​ម្នា​ក់ៗ​ មិន​ដូចគ្នា​ទេ​ ដូច្នេះហើយ​ការ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពេញ​មួយរយៈពេល​ 9ខែ​នោះ​ នឹង​យល់​បាន​ច្បាស់​ល្អ​ជាង​៕

Advertisement