អាហារ​ និង​ថ្នាំ​ 5យ៉ាងដែល​អ្នកម្តាយ​កំពុង​បំបៅ​ដោះ​កូន​ ហាម​ទទួលទាន​

ក្នុងអំឡុងពេល​ដែល​អ្នកម្តាយ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​របស់​ខ្លួន​នោះ​ ការ​ទទួលទាន​អាហារ​របស់​អ្នកម្តាយ​ គឺជា​រឿង​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ជាង​ពេល​ប្រក្រតី​ ព្រោះ​សារធាតុ​អាហារ​ខ្លះ​អាច​ត្រូវ​បញ្ជូន​បន្ត​ទៅ​កូនតូច​តាមរយៈ​ទឹកដោះម្តាយ​ ​ធ្វើ​ឱ្យ​ទឹកដោះ​របស់​អ្នកម្តាយ​មាន​រសជាតិ​ប្រែប្រួល​ ឬអាច​ធ្វើ​ឱ្យ​មាន​សារធាតុគីមី​ប្រមូល​សន្សំ​នៅក្នុង​រាងកាយ​កូន​បាន​ ​ដូច្នេះ​យើង​នាំគ្នា​មក​មើល​ថា​ តើ​អាហារ​ និង​ថ្នាំ​ទាំង​ 5យ៉ាងដែល​អ្នកម្តាយ​កំពុង​បំបៅ​ដោះ​កូន​ត្រូវ​តម​ និង​ហាម​ញ៉ាំ​នោះ​ មាន​អ្វីខ្លះ​?

1. ឱសថ​បុរាណ​មួយចំនួន​ ថ្នាំចិនសែ​ប្រភេទ​ខ្លះ​ ឬស្រាថ្នាំ​ជាដើម​ មិន​គួរ​ទទួលទាន​ទេ​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូន​ហើមពោះ​ រាក​ យំ​រករឿង​ច្រើន​ ឬបន្ទោបង់​ខុសប្រក្រតី​ទៀតផង​។
2. ហាម​ទទួលទាន​វត្ថុ​ជ្រក់​ ត្រាំ​ ឬភេសជ្ជៈ​ដែល​មាន​ជាតិ​អាល់កុល​(ជាតិ​ស្រវឹង​) ព្រោះ​ជាតិ​អាល់កុល​មានផល​ប៉ះពាល់​ដល់​ខួរក្បាល​របស់​កូនតូច​ដោយ​ត្រង់​។
3. អាហារ​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង​ គួរ​តម​សិន​ ព្រោះ​នឹង​ធ្វើ​ឱ្យ​កូន​បាន​ទទួល​រសជាតិ​ហឹរ​ពី​ទឹកដោះម្តាយ​ដែរ​ និង​អាច​ធ្វើ​ឱ្យ​កូនតូច​ឈឺពោះ​បាន​ តែបើ​អាហារ​ឱសថ​បុរាណ​មួយ​ចំនួន​ដូចជា​ ស្លឹក​ម្រះព្រៅ​ ខ្ញី​ ម្រេច​ អាច​ទទួលទាន​បាន​ ព្រោះ​ជា​អាហារ​ដែល​មាន​រសជាតិ​ក្តៅ​ខុសពី​ម្ទេស​។ ​អាហារ​ឱសថ​បុរាណ​ដែល​មាន​រសជាតិ​ក្តៅ​ទាំងនោះ​ ថែមទាំង​ជួយ​បំប៉ន​ទឹក​ដោះ​ម្តាយ​ទៀតផង​។
4. បន្លែ​ដែល​មាន​ជា​តិ​ហ្គាស​ច្រើន​ ដូចជា​ ស្ពៃ​ក្តោប​ ផ្កា​ខាត់ណា​ ឬបន្លែស្រស់​ប្រភេទ​ខ្លះ​ គួរ​តម​សិន​ ព្រោះ​អាច​ធ្វើ​ឱ្យ​កូន​ហើមពោះ​បាន​ ឬបើ​ចង់​ញ៉ាំ​ គួរ​ញ៉ាំ​បន្លែ​ដែល​ឆ្អិន​ហើយ​ប្រសើរ​ជាង​។5. ថ្នាំពេទ្យ​មួយចំនួន​មានផល​ប៉ះពាល់​ដល់​កូន​តាមរយៈ​ទឹកដោះម្តាយ​ ដូច្នេះ​បើ​អ្នកម្តាយ​កើតមាន​អាការ​ឈឺថ្កាត់​អ្វីមួយ​ និង​ត្រូវ​ការប្រើ​ប្រាស់​ថ្នាំ​ ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​គ្រប់ពេល​៕

Advertisement