កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​ តើ​ត្រូវ​បញ្ចុក​ម្តង​ទៀត​ឬទេ​?

ឡា​រ៉ែ​ន ជឿ​ថា​នៅ​រៀងរាល់​ពេល​បញ្ចុក​ថ្នាំ​ក្នុង​ពេល​ដែល​កូនតូច​មាន​អាការ​ឈឺ​ថ្កាត់​ម្តង​ៗនោះ​ គឺ​ពិតជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ឈឺក្បាល​វិលមុខ​មិន​ស្ទើរ​ឡើយ​ ព្រោះ​ណាមួយ​កូន​មិនព្រម​ញ៉ាំ​ ឬលេបថ្នាំ​នោះ​សោះ​ ​និង​មួយទៀត​ គឺ​លេប​ចូល​ទៅ​ហើយ​ តែ​ក្អួត​ចេញ​មកវិញ​អស់​ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​កើតមាន​ការ​ស្ទាក់ស្ទើរ​ក្នុងចិត្ត​ថា​ តើ​គួរ​បញ្ចុក​ម្តង​ទៀត​ឬយ៉ាងណា​?ដូច្នេះ​ ខាងក្រោម​នេះ​ គឺជា​ចម្លើយ​ចំពោះ​ចម្ងល់​នេះ​។

មូលហេតុ​កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​រួច
​អាការ​ក្អួត​របស់​កូន​ក្រោយពេល​ត្រូវ​ប៉ា​ម៉ាក់​បញ្ចុក​ថ្នាំ​រួច​ ជា​បញ្ហា​ដែល​ជួប​ញឹកញាប់​ និង​កើតឡើង​ដដែល​។ កូន​ក្អួត​ក្រោយ​ការ​បញ្ចុក​ថ្នាំ​ ច្រើនតែ​បណ្តាល​មក​ពី​ការ​ស្រែកយំ​យ៉ាង​ខ្លាំង​ក្លា​ ព្រោះតែ​មិន​ចូលចិត្ត​រសជាតិ​របស់​ថ្នាំ​ មិន​ចូលចិត្ត​ក្លិន​របស់​ថ្នាំ​ ហើយ​កូន​ត្រូវការ​បដិសេធ​ ទើប​ព្យាយាម​ធ្វើ​ឱ្យ​កើត​អាការ​ក្អួត​ ឬកើត​ពី​តិចនិក​ក្នុង​ការ​បញ្ចុក​ថ្នាំ​មិនល្អ​ ធ្វើ​ឱ្យ​រសជាតិ​ថ្នាំ​ទៅ​ប៉ះ​នឹង​បរិវេណ​គល់​អណ្តាត​នាំ​ឱ្យ​កើត​ប្រតិកម្ម​ការ​ខ្ជាក់​ចេញ​មកវិញ​ដោយ​ស្វ័យប្រវត្តិ​ ដែល​ខាង​វេជ្ជសាស្ត្រ​ហៅថា​ gag​ reflex​ ​ធ្វើ​ឱ្យ​ក្មេង​ក្អួត​ចេញ​មក​។

កូន​ក្អួត​ក្រោយពេល​បញ្ចុក​ថ្នាំ​ តើ​ត្រូវ​បញ្ចុក​ថ្នាំ​ម្តង​ទៀត​ឬទេ​?
1-ត្រូវ​បញ្ចុក​ឡើងវិញ​ម្តង​ទៀត​ : ក្នុងករណី​បញ្ចុក​ហើយ​ក្អួត​ភ្លាម​(មិនមែន​ក្អែ​ចេញ​មក​បន្តិចបន្តួច​ទេ​) ចូរ​អ្នកម្តាយ​បញ្ចុក​ថ្នាំ​ក្នុង​បរិមាណ​ដដែល​ឡើងវិញ​ម្តង​ទៀត​ ក្រោយពី​កូន​ឈប់​ក្អួត​ហើយ​។
2- មិនបាច់​បញ្ចុក​ម្តង​ទៀត​ទេ​ : ក្នុងករណី​ដែល​កូន​ក្អួត​ បន្ទាប់ពី​ការ​បញ្ចុក​ថ្នាំ​កន្លង​ផុត​ទៅ​អស់​រយៈពេល​យូរ​ក្រែល​ហើយ​ ឬចាប់​ពី​កន្លះម៉ោង​ឡើង​ទៅ​នោះ​ មិន​ចាំបាច់​បញ្ចុក​ឡើងវិញ​ម្តង​ទៀត​ទេ​ ព្រោះថ្នាំ​មួយចំនួន​អាច​ត្រូវ​បាន​បឺត​ជ្រាបចូល​ទៅ​ក្នុង​រាងកាយ​កូន​ខ្លះ​ហើយ​ ​តែ​ត្រូវ​បញ្ចុក​តាមពេលវេលា​ដែល​ពេទ្យ​កំណត់​នៅ​លើ​កក្រោយ​ៗទៀត​។

តិចនិក​ការ​បញ្ចុក​ថ្នាំ​ ឱ្យ​កូន​បាន​ទទួល​ថ្នាំ​គ្រប់​ចំនួន​តាម​វេជ្ជបញ្ជា​
1- បញ្ចុក​ថ្នាំស​ម្រេច​គ្រប់ពេល​ ត្រូវ​មាន​អា​រម្ម​ណ៍​ល្អ​តាំងពី​លើកដំបូង​។ លើកដំបូង​របស់​ការ​បញ្ចុក​ថ្នាំ​ ត្រូវ​បបួល​កូនតូច​លេង​ ឱ្យ​មើល​នេះ​មើល​នោះ​ ចាប់​ កាន់​ ឧប​ករណ៍​ផ្សេង​ៗ។ បើ​ស្ថិត​ក្នុង​វ័យ​យល់ដឹង​ខ្លះ​ហើយ​ ត្រូវ​អធិប្បាយ​ ទុក​ពេលវេលា​ និង​កុំ​បង្ហាញ​អាការ​ធុញថប់​តានតឹង​ឱ្យ​កូន​ឃើញ​ឱ្យ​សោះ​។
2- ឧបករណ៍​សម្រាប់​បញ្ចុក​ថ្នាំ​ក៏​សំខាន់​ដែរ​ ត្រូវ​ជ្រើសរើស​ឱ្យ​ស័ក្តិសម​ ដូចជា​ថ្នាំ​ដែល​មាន​រសជាតិ​ល្វីង​ ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​ប្រើ​បំពង់​(សេ​រ៉ាំ​ង)ចាក់ថ្នាំ​ បាញ់​ទឹក​ថ្នាំ​បញ្ចូល​មាត់​កូន​តែ​ម្តង​ រួច​ឱ្យ​ញ៉ាំទឹក​តាម​ក្រោយ​។ ចំណែក​ថ្នាំ​ដែល​មាន​រសជាតិ​ផ្អែម​អាច​ប្រើ​ស្លាបព្រា​បញ្ចុក​បាន​។
3- ឥរិយាបថ​របស់​កូន​ក្នុង​ពេល​បញ្ចុក​ ក៏​សំខាន់​ដូចគ្នា​ដែរ​។ កុំ​បញ្ចុុ​កដោយ​ឱ្យ​កូន​គេង​រាបស្មើ​ ព្រោះ​កូន​នឹង​លេប​មិនទាន់​ ធ្វើ​ឱ្យ​ក្អួត​ព្រួស​ចេញ​មកវិញ​ ឬអាច​នឹង​ឈ្លក់​ថ្នាំ​បាន​ គួរ​បញ្ចុក​ថ្នាំ​កូន​ក្នុង​ឥរិយាបថ​ដែល​ក្បាល​នៅ​ខ្ពស់​ជាង​ខ្លួន​។
4- ត្រូវ​ត្រៀម​ទឹក​ទុកជាមុន​បន្តិចបន្តួច​ បន្ទាប់​ពី​បញ្ចុក​ថ្នាំ​ហើយ​ ចូរ​ឱ្យ​ទឹកញ៉ាំ​បន្តិច​ ព្រោះថ្នាំ​ប្រភេទ​ទឹក​ស៊ី​រ៉ូ​ នឹង​ធ្វើ​ឱ្យ​ស្អិត​ក្នុង​បំពង់ក​ អាច​ធ្វើ​ឱ្យ​កូន​ក្អក​ ហើយ​ការ​ឱ្យ​ញ៉ាំទឹក​បន្តិច​ អាច​ការពារ​អាការ​ក្អក​បាន​។
5- ប្តូរ​រសជាតិ​របស់​ថ្នាំ​ ពី​ល្វីង​ឱ្យទៅ​ជា​ផ្អែម​ តែ​ត្រូវ​សួរនាំ​លោកគ្រូពេទ្យ​ជាមុន​សិន​ ព្រោះថ្នាំ​ខ្លះ​ អាច​កើត​ប្រតិកម្ម​ខាង​គីមី​ជាមួយ​ទឹក​ស៊ី​រ៉ូ​ អាច​មានផល​ប៉ះពាល់​ដល់​ការ​បឺត​ជ្រាប​របស់​រាងកាយ​បាន​។
បានដឹង​ និង​ស្គាល់​ពី​តិច​និ​កល្អ​ៗពាក់ព័ន្ធ​នឹង​វិធី​បញ្ចុក​ថ្នាំ​កូន​ហើយ​ ឡា​រ៉ែ​ន សង្ឃឹមថា​ ក្មេង​តូច​ៗទាំងឡាយ​នឹង​លែង​សូវ​ក្អួត​ ឬព្រួស​ថ្នាំ​ចេញ​ទៀតហើយ​ ​តែ​អាការ​ក្អួត​នេះ​ក៏អាច​បណ្តាល​មក​ពី​ការ​កើត​ប្រតិកម្ម​ចាញ់​ថ្នាំ​ដែល​ញ៉ាំ​នោះ​បាន​ដែរ​ ដូច្នេះ​អ្នកម្តាយ​គួរ​សង្កេតមើល​អាការ​រួម​ផ្សេង​ទៀតផង​ ដូចជា​កូន​មាន​ឡើង​កន្ទួល​រមាស់​ ភ្នែក​ហើម​ មាត់​ហើម​ ពិបាក​ដកដង្ហើម​ជាដើម​ បើ​ឃើញ​កូនតូច​កើតមាន​អាការ​ទាំងនេះ​ ក្រោយពេល​បញ្ចុក​ថ្នាំ​រួច​ អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់​កុំ​បង្អង់​យូរ​៕

Advertisement