ការឱ្យ​រង្វាន់​កូន ពេល​កូន​ធ្វើអំពើ​ល្អ

“ការ​ទទួលស្គាល់​របស់​ឪពុក​ម្តាយ​ នឹង​ជួយ​ឱ្យ​កូន​កើតមាន​មោទនភាព​ចំពោះខ្លួន​ឯង​ និង​ធ្វើ​ឱ្យ​គេ​អាច​ធ្វើ​រឿង​ផ្សេង​ៗបាន​ល្អ​ដូចគ្នា​ដែរ​”នៅពេល​កូន​ធ្វើអំពើ​ល្អ​ ឬមាន​ស្នាដៃ​ក្នុង​ការ​ធ្វើអ្វី​មួយ​គួរ​ជាទី​ពេញចិត្ត​នោះ​ ឪពុក​ម្តាយ​កុំ​ភ្លេច​ពោល​ពាក្យ​សរសើរ​ ឬឱ្យ​រង្វាន់​ជា​ការ​តបស្នង​ទៅវិញ​ផង​ ព្រោះ​រូប​កូន​ខ្លួនឯង​ក៏​ត្រូវការ​ការ​ទទួលស្គាល់​ចំពោះខ្លួន​គេ​ដែរ​ថា​ គេ​អាច​ធ្វើ​បាន​ ដូច្នេះ​ពាក្យ​រីករាយ​សរសើរ​ ឬរង្វាន់​ ក៏​ប្រៀប​ដូចជា​កម្លាំង​ដឹកនាំ​ចិត្ត​មួយ​ដែរ​។

តែ​ការ​ឱ្យ​រង្វាន់​ មិនមែន​ជា​ការ​សូកប៉ាន់​កូន​នោះ​ទេ​ មាន​ជាច្រើន​ដង​ណាស់​ដែល​ឪពុក​-ម្តាយ​តែង​ប្រើ​រង្វាន់​ធ្វើជា​រឿង​ជន្ល​រចិត្តឱ្យ​កូន​ធ្វើ​នូវ​រឿង​អ្វី​ម្យ៉ាង​ឱ្យ​បាន​ ឬបញ្ឈប់​ទង្វើ​ដែល​មិនល្អ​ ដូចជា​ បើ​កូន​ញ៉ាំបាយ​អស់ពី​ចាន​ ម៉ាក់​នឹង​ទិញ​សៀវភៅ​តុក្កតា​រឿង​ថ្មី​មក​ឱ្យ​ ឬបើ​កូន​ឈប់​យំ​ ម៉ាក់​នឹង​នាំទៅ​ទិញ​នំ​ញ៉ាំ​ ឬក៏​បើ​កូន​ប្រឡង​បាន​លេខ1​ ម៉ាក់​នឹង​ទិញ​កង់​ថ្មី​ឱ្យ​ជាដើម​។
រឿង​ទាំងអស់​នេះ​ នឹង​ហុច​ផល​ឱ្យ​កុមារ​រៀន​យល់ដឹង​ និង​ជ្រួតជ្រាប​ថា​ ការ​ធ្វើអ្វី​ក៏ដោយ​ តែងតែមាន​ចំណុច​ដូរដោះ​គ្នា​ ឬផល​តបស្នង​ដែលគេ​ពេញចិត្ត​ជានិច្ច​ បើ​គ្មាន​រង្វាន់​ គេ​នឹង​មិន​ធ្វើ​ទេ​ ដូច្នេះ​យើង​ហៅ​ទង្វើ​បែបហ្នឹង​ថា​ ការ​សូកប៉ាន់​កូន​។
ការ​ឱ្យ​រង្វាន់​ មិន​គួរ​ឱ្យ​ផ្ដេសផ្ដាស់​ ឬមិន​ចាំបាច់​ត្រូវតែ​ជា​របស់របរ​ វត្ថុ​ ឬលុយកាក់​ជានិច្ច​នោះ​ទេ​ អាច​ជា​ការ​សរសើរ​ដោយ​វាចា​ក៏បាន​ គួរ​ឱ្យ​រង្វាន់​នៅពេល​ដល់ពេល​វេលា​ដែល​ស័ក្តិសម​ និង​តាម​ភាពសមរម្យ​។ គ្រប់ពេល​ដែល​ឱ្យ​ គួរ​ប្រាប់​ពី​ហេតុផល​ផង​ថា​ ដោយសារ​ហេតុ​អី​ទើប​កូន​គួរតែ​បាន​ទទួល​រង្វាន់​នេះ​ ដើម្បី​ឱ្យ​រង្វាន់​នេះ​ក្លាយជា​រង្វាន់​ដែល​មានតម្លៃ​ និង​ស័ក្តិសិទ្ធិ​ ត្រូវ​នឹង​មនុស្ស​ដែល​ស័ក្តិសម​នឹង​វា​ដូចគ្នា​ ដូចជា​ នៅ​ពេល​កូន​បាន​ជួយ​លើក​មិត្តភក្តិ​ដែល​ជំពប់​ជើង​ដួល​រង​របួស​នៅក្នុង​ទីលាន​ក្មេង​លេង​ ហើយ​ក្រោក​ឡើងវិញ​មិន​រួច​ជាដើម​នោះ​ ឪពុក​-ម្តាយ​គួរ​ឱ្យ​រង្វាន់​ដោយ​ការ​និយាយ​សរសើរ​ និង​លើក​តម្កើង​នូវ​អ្វី​ដែល​កូន​បាន​ធ្វើ​ ដែល​វា​នឹង​ធ្វើ​ឱ្យ​កូន​មាន​មោទនភាព​លើ​ខ្លួនឯង​ និង​រៀន​យល់ដឹង​ក្នុង​ការ​ធ្វើល្អ​តទៅទៀត​ដែរ​៕

Advertisement