និស្ស័យល្អ 10យ៉ាងដែលឪពុកម្ដាយសម័យថ្មី គួរបង្រៀនដល់កូន

ការ​បង្ហាត់​កុមារ​ឱ្យ​មាន​ទស្សន​គតិ​ និង​ឧបនិស្ស័យ​ក្នុង​ការរស់នៅ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​ ទាំង​រឿង​ការ​ចូលក្នុង​សង្គម​ និង​ចេះ​ហាត់​មើលថែ​ទាំ​សុខភាព​តាំងពី​អាយុ​នៅ​តិច​ៗ នឹង​ធ្វើ​ឱ្យ​រឿង​ល្អ​ៗទាំងអស់​នេះ​នៅ​ដក់ជាប់​នឹង​ខ្លួន​គេ​រហូត​មួយ​ជីវិត​ ​ហើយ​ខាងក្រោម​នេះ​ គឺជា​រឿង​សំ​ខាន់​ៗដែល​អាណាព្យាបាល​សម័យថ្មី​គួរតែ​បង្រៀន​ឱ្យ​កូន​ៗប្រ​ត្តិ​បត្តិ​ឱ្យ​ក្លាយជា​ទម្លាប់​និស្ស័យ​ ៖

1. ញើសសំបោរ​ឱ្យ​អស់
​រឹតតែ​បង្ហាត់​ឱ្យ​កុមារ​ឆាប់​ចេះ​ញើសសំបោរ​លឿន​ប៉ុនណា​ បញ្ហា​សុខភាព​របស់​ពួកគេ​នឹង​ឆាប់​បាន​ថយ​ចុះ​លឿន​ប៉ុន​នោះ​ដែរ​ ព្រោះ​ច្រមុះ​ដែល​ពោរពេញ​ដោយ​សំបោរ​ គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​ត្រចៀក​ និង​រោគ​ផ្សេងទៀត​ជាច្រើន​។
2. បរិភោគ​អាហារ​ពេលព្រឹក​រាល់ថ្ងៃ​
អាហារ​ពេលព្រឹក​ គឺជា​ពេល​អាហារ​ដ៏​សំខាន់​បំផុត​ ព្រោះ​នឹង​ជួយ​ឱ្យ​ក្មេង​គិត​ និង​រៀន​បាន​កាន់តែ​ល្អ​ឡើង​ ​អាណាព្យាបាល​គួរ​រកនឹក​អាហារ​ពេល​ព្រឹ​កប្លែក​ៗថ្មី​ៗ ដើម្បី​ឱ្យ​កូន​ៗមាន​អារម្មណ៍​ចង់​ញ៉ាំ​ ដោយសា​កល្បង​ប្តូរ​ពី​បាយ​សាច់​ជ្រូក​ មក​ជា​នំ​សាំង​វិច​ ឬនំ​ប៊ើហ្គ៊ើ​ជាដើម​។
3. ការពារ​ស្បែក​របស់​ខ្លួនឯង​
អ្នក​ដែល​កើតរោគ​មហារីក​ស្បែក​ភាគច្រើន​ ច្រើនតែ​កើត​ដោយសារ​ការ​ហាល​កម្ដៅថ្ងៃ​ដែល​សន្សំ​បន្តិច​ម្តង​ៗតាំងពី​វ័យ​កុមា​រម​កម្ល៉េះ។ ចូរ​បង្រៀន​ឱ្យ​កុមារ​យល់ដឹង​អំពី​រឿង​នេះ​ និង​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​ មុន​ពេល​ចេញក្រៅ​ផ្ទះ​គ្រប់ពេល​។
4. កម្រើក​រាងកាយ​ និង​ហាត់ប្រាណ
​កុមារ​ៗឥឡូវនេះ​ច្រើនតែ​ចូលចិត្ត​អង្គុយលេង​ហ្គេម​កុំព្យូទ័រ​ ឬមើល​ទូរ​ទស្សន៍​យូរ​ៗដោយ​មិន​កម្រើកខ្លួន​ទៅណា​ ធ្វើ​ឱ្យ​អាច​កើត​ជំ​ងឺ​ផ្សេង​ៗជា​ញឹកញាប់​ ដូច្នេះ​ឪពុកម្ដាយ​គួរ​បង្ហាត់​ឱ្យ​គេ​ចេះ​ធ្វើ​កិច្ចការ​ឯទៀត​ខ្លះ​ផង​ ដូចជា​បង្ហាត់​ឱ្យ​ចេះ​ហាត់ប្រាណ​តាម​រយ:ការ​ធាក់កង់​ ឬលេង​បាល់បោះ​ជាដើម​។
5. ថែទាំ​សុខភាព​មាត់​ធ្មេញ​របស់​ខ្លួនឯង
​បង្រៀន​កូន​ៗថា​ ការ​មិន​ដុស​សម្អាត​ធ្មេញ​ ឬបណ្តោយ​ឱ្យ​ធ្មេញ​ពុក​ នឹង​មាន​ជំងឺ​អាក្រក់​ផ្សេងទៀត​កើតឡើង​។ បង្រៀន​ឱ្យ​គេ​ចេះ​ដុសធ្មេញ​ឱ្យ​បាន​ត្រឹមត្រូវ​ និង​នាំទៅ​ទិញ​ច្រាស​ដុសធ្មេញ​ម៉ូដ​ណា​ដែលគេ​ស្រឡាញ់​ ដើម្បី​ជា​ការជំរុញ​ឱ្យ​គេ​កាន់តែ​ចង់​ដុសធ្មេញ​ឡើង​។
6. ខ្ទប់មាត់​ និង​លាងដៃ​ពេល​កណ្តាស់​រួច​
មាន​មេរោគ​ច្រើន​ប្រភេទ​ណាស់​នៅក្នុង​ទឹកមាត់​ពេល​យើង​ក្អក​ ឬកណ្តាស់​ចេញ​មក​ ដូចជា​ មេរោគ​ផ្តាសាយ​ មេ​រោ​គកញ្រ្ចឹល​ជាដើម​។ល។ បង្ហាត់​ឱ្យ​ក្មេង​ៗចេះ​លើកដៃ​ខ្ទប់មាត់​ពេល​ក្អក​ ​ឬកណ្តាស់​ រួចហើយ​លាងដៃ​នឹង​សាប៊ូ​ឱ្យ​បាន​ស្អាត​ដើម្បី​ការពារ​ការ​ចម្លងរោគ​ទៅ​គ្នា​ទៅវិញទៅមក​។
7. ខំប្រឹង​ និង​ព្យាយាម​ ដើម្បី​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​ មិនមែន​ដើម្បី​ឱ្យ​ក្លាយជា​មនុស្ស​ពូកែ​បំផុត​នោះ​ទេ​
នៅក្នុង​ពិភព​នៃ​ការប្រកួត​ប្រជែង​ និង​សម្ពាធ​ដែល​គ្មាន​ហេតុផល​ គ្មាន​នរណា​ម្នាក់​ទទួល​បាន​គ្រប់យ៉ាង​ដែល​ខ្លួន​ចង់បាន​នោះ​ឡើយ​។ ចូរ​បង្រៀន​ឱ្យ​កូន​បាន​ដឹង​ថា​ គេ​បាន​ប្រើប្រាស់​ភាព​ជំនាញ​របស់​គេ​យ៉ាង​អស់ពី​សមត្ថភាព​ហើយ​ នោះ​គឺជា​មោទនភាព​របស់​ខ្លួន​យើង​ មិនមែន​ស្ថិតនៅ​លើ​ការសម្រេច​របស់​អ្នកដទៃ​នោះ​ទេ​។ បង្រៀន​ឱ្យ​គេ​យល់ថា​ កុំ​រីករាយ​នឹង​រង្វាន់​ខ្លាំង​ជ្រុល​ពេក​ តែ​ចូរ​ផ្តល់​ភាព​សំខាន់​ទៅលើ​ការ​អភិវឌ្ឍ​ និង​លទ្ធផល​នៃ​ការ​ព្យាយាម​របស់​ខ្លួន​យើង​វិញ​ ទើប​ប្រសើរ​ជាង​។
8. ចេះ​បរិភោគ​អាហារ​ដែល​មានគុណ​ប្រយោជន៍​
កុំឱ្យ​កុមារ​ញៀន​អាហារ​ដែល​មិនសូវ​មានប្រយោជន៍​រហូត​ក្លាយជា​និស្ស័យ​ ដែល​នាំ​ឱ្យ​កើតរោគ​ធាត់​ និង​ប្រថុយ​នឹង​ការ​កើតជំងឺ​ទឹកនោមផ្អែម​នៅពេល​ធំឡើង​។ ចូរ​បង្ហាត់​កូន​ឱ្យ​ចេះ​បរិភោគ​បន្លែ​ និង​ផ្លែឈើ​ដែល​មាន​គុណប្រយោជន៍​ឱ្យ​បាន​ញឹកញាប់​។
9. ចូលបន្ទប់​ទឹក​រៀងរាល់​ពេលព្រឹក
​កុមារ​គួរតែ​ត្រូវ​បាន​បង្ហាត់​ឱ្យ​យល់ដឹង​ពី​ការ​បន្ទោបង់​ប្រចាំថ្ងៃ​។ គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ អាការ​ដាស់តឿន​ទាក់ទិន​នឹង​ប្រព័ន្ធ​បន្ទោបង់​របស់​រាងកាយ​តែង​កើត​ឡើង​ច្រើន​បំផុត​ គឺ​ក្នុងអំឡុងពេល​ក្រោយ​អាហារ​ពេលព្រឹក​ ហើ​យក្មេងៗ​គួរតែ​មាន​ពេល​ចូលបន្ទប់​ទឹក​នៅពេល​នោះ​។
10​. ចេះ​គ្រប់គ្រង​កំហឹង​មិនថា​តែ​អាការ​ក្រេវក្រោធ​ ឬការ​បញ្ចេញ​ទឹកមុខ​បង្ហាញ​ពី​អារម្មណ៍​ជំនួស​ឱ្យ​ការ​ទម្លាយ​វា​ចេញ​មក​ក៏ដោយ​ អាណាព្យាបាល​គួរ​បង្ហាត់​ឱ្យ​កូន​ៗចេះ​ទប់​ និង​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​ និង​ចេះ​សម្របសម្រួល​ក្នុង​គ្រប់​ស្ថានការណ៍​ ដោយ​ប្រាប់​កូន​ៗថា​ អារម្មណ៍​ទាំងនោះ​មិនល្អ​ទេ​។ ត្រូវ​ចេះ​ពិចារណា​ក្នុង​កម្រិត​ណាមួយ​សិន​ មុននឹង​បង្ហាញ​វា​ចេញ​មក​ ឬក៏​បោះ​បង់់​វា​ចោល​ មិនបាច់​នឹកដល់​វា​តែម្តង​ រឹតតែ​ប្រសើរ​ទៅទៀត​។

រឿង​ការ​មើលថែ​ទាំ​កុមារ​ ប្រៀប​ដូចជា​ការ​ដាំ​ដើមឈើ​ដែរ​ ​បើសិនជា​មនុស្ស​ធំ​យកចិត្ត​ទុកដាក់​ ឧស្សាហ៍​រៀបចំ​តុបតែង​ និង​ផ្តល់​ឱ្យ​នូវ​អ្វី​ដែល​ស័ក្តិសម​នោះ​ ដើមឈើ​ជាទីស្រឡាញ់​របស់​យើង​នឹង​រីក​លូតលាស់​ធំធាត់​យ៉ាង​ល្អ​ស្អាត​ និង​រឹងមាំ​មិនខាន​៕

Advertisement