តើវីតាមីនសម្រាប់ក្មេង ចាំបាច់ដែរឬទេ?

ឱ្យកូនញ៉ាំវីតាមីនបន្ថែមសម្រាប់កុមារ តើមានភាពចាំបាច់ដែរឬទេ?

លោកឪពុកអ្នកម្តាយជាច្រើននាក់ដែលចាប់ផ្តើមមានកង្វល់ ដោយសារតែកូនច្រើនតែញ៉ាំអាហារមិនទៀងទាត់ពេលវេលា និងពេលខ្លះក៏ញ៉ាំអាហារមិនគ្រប់ 5 ប្រភេទក្រុម ក្មេងខ្លះជក់លេង គិតតែពីលេង មិនញ៉ាំអាហារ ក្មេងខ្លះទៀតមិនញ៉ាំបន្លែ ក្មេងខ្លះ​​មិនញ៉ាំទឹកដោះគោ និងក្មេងខ្លះមិនញ៉ាំផ្លែឈើ។

ទើបរឿងផ្សេងៗទាំងអស់នេះ ធ្វើឱ្យលោកឪពុកអ្នកម្តាយអត់មិនបារម្ភមិនបានឡើយ ព្រោះខ្លាចក្រែងថាកូនសម្លាញ់ខ្វះសារជាតិអាហារ ទើបខំព្យាយាមស្វែងរកអាហារបន្ថែមផ្សេងៗ ដូចជា វីតាមីនបន្ថែមដែលអាចចេញមកក្នុងរូបបែបរបស់សូកូឡា ថ្នាំ ឬបង្អែមផ្សេងៗមកឱ្យកូនបានញ៉ាំដើម្បីបំពេញនូវអ្វីដែលបាត់បង់។

ការឱ្យវីតាមីនបន្ថែមដល់កូននេះ ឡារ៉ែនមានគោលគំនិតមួយជម្រាបដល់លោកឪពុកអ្នកម្តាយ គឺចូរសង្កេតមើលថា តើមានអាហារក្រុមណា ដែលកូនមិនបានញ៉ាំខ្លះឬទេ? តើកូនញ៉ាំបន្លែ ផ្លែឈើ ទឹកផ្លែឈើដែរឬទេ? កូនញ៉ាំ​សាច់សត្វ សាច់ត្រី ស៊ុត ឬញ៉ាំទឹកដោះគោខ្លះដែរឬទេ? បើកូនញ៉ាំ​បានគ្រប់យ៉ាង ហើយញ៉ាំឆ្លាស់គ្នាម្តងនេះម្តងនោះក៏មិនគួរជាមានបញ្ហាអ្វីឡើយ កូនប្រហែលជាបានទទួលសារធាតុអាហារគ្រប់ចំនួនហើយ មិនចាំបាច់ត្រូវឱ្យកូនញ៉ាំវីតាមីនបន្ថែមទៀតទេ។

ព្រោះអាហារគឺជាប្រភពរបស់សារជាតិអាហារដែលល្អបំផុត តែបើកូនរបស់អ្នកមានបញ្ហាខាងការញ៉ាំ ដូចជា មិនព្រមញ៉ាំអាហារក្នុងប្រភេទក្រុមណាមួយ មិនញ៉ាំសាច់សត្វអ្វីទាំងអស់ ឬកូនញ៉ាំតែបាយតែម្យ៉ាង មិនញ៉ាំបន្លែ ឬផ្លែឈើឡើយ។ ក្មេងខ្លះមានប្រតិកម្មចាញ់អាហារមួយចំនួន ឬនៅពេលខ្លះដែលកូនឈឺថ្កាត់រយៈពេលយូរ ក៏អាចនឹងធ្វើឱ្យគេញ៉ាំបានតិចដែរ ក្នុងករណីនេះលោកឪពុកអ្នកម្តាយគួរតែប្រឹក្សាជាមួយគ្រូពេទ្យ។

ការឱ្យវីតាមីនបន្ថែមសម្រាប់កូន គួរតែស្ថិតនៅក្រោមការមើលថែទាំរបស់ពេទ្យជាចំបង លោកឪពុកអ្នកម្តាយមិនគួររកទិញមកឱ្យកូនញ៉ាំដោយខ្លួនឯងឡើយ ព្រោះវីតាមីនប្រភេទខ្លះ បើក្មេងបានទទួលក្នុងបរិមាណច្រើនជ្រុលពេក ជំនួសឱ្យការបានទទួលប្រយោជន៍ តែបែរជាហុចផលឱ្យក្លាយជាគ្រោះថ្នាក់វិញបាន បើរាងកាយប្រមូលសន្សំទុក និងមិនបណ្តេញចំណែកដែលលើសនោះចេញមកទេ។

ដូច្នេះ វីតាមីនដែលល្អបំផុតមាននៅក្នុងអាហារដែលកូនបរិភោគប្រក្រតីនោះស្រាប់ហើយ បើកូនបានបរិភោគអាហារគ្រប់ 5 ប្រភេទក្រុមក្នុងមួយថ្ងៃៗរួមគ្នាដែលមិនចាំបាច់គ្រប់ពេលក៏បានដែរនោះ តែប៉ុណ្ណឹង វីតាមីនបន្ថែម ក៏លែងចាំបាច់ត្រូវឱ្យកូនញ៉ាំហើយ៕

Advertisement