8 ដំណាក់កាល ត្រៀមកូនទៅសាលារៀន

ក្រោយពីអ្នកម្តាយជ្រើសរើសសាលាមតេយ្យឱ្យកូនបានហើយ ដំណាក់កាលតទៅទៀតដែលគួរមានដើម្បីការត្រៀមរួចជាស្រេចតាំងពីដំបូងៗនោះ គឺការត្រៀមខ្លួនកូនសម្រាប់ការទៅ​សាលា។ គឺជារឿងសំខាន់មួយដែលអ្នកម្តាយគួរតែបង្ហាត់ឱ្យកូនបានយល់អំពីការទៅសាលារៀន និងបង្ហាត់ឱ្យកូនបានសាកល្បងធ្វើអ្វីៗដោយខ្លួនឯង ដែលត្រូវប្រើពេលវេលាក្នុងការហ្វឹកហាត់ ដើម្បីឱ្យការរស់នៅនៅឯសាលារបស់កូនដំណើរការទៅយ៉ាងមានសេចក្តីសុខ។

1 – សាងភាពស៊ាំធ្លាប់

សាងអារម្មណ៍ល្អៗដល់កូនក្នុងការជិតទៅសាលារៀន ឱ្យកូនស៊ាំធ្លាប់ជាមួយនឹងគំនិតក្នុងការទៅសាលារៀន អាចតាមរយៈការនិយាយថា នៅពេលកូនទៅសាលានឹងបានទៅជួបពួកម៉ាក បានលេងរបស់លេងជាច្រើន ហើយគួរសាកល្បងនាំកូនទៅមើលសាលាផង ដើម្បីឱ្យគេដឹងថា តើសាលាមានរូបរាងយ៉ាងណា និងមានអ្វីខ្លះ?។

2 – រកឧទាហរណ៍ល្អៗ

បើមានបង ឬសាច់ញាតិដែលធ្លាប់ទៅរៀនមុនឱ្យឃើញជាគំរូផងនោះគឺជារឿងល្អខ្លាំងណាស់ ព្រោះនឹងធ្វើឱ្យកូនស៊ាំធ្លាប់ ឆាប់សម្របសម្រួលខ្លួនបាន។ លោកឪពុកអ្នកម្តាយអាចឱ្យប្អូនជូនបងទៅសាលានៅពេលព្រឹកឱ្យបានញឹកញាប់ នឹងធ្វើឱ្យកូនតូចបានយល់ដឹងថា ការទៅសាលារៀនវាយ៉ាងដូចម្តេច។

3 – សាងបរិយាកាសការទៅសាលា

បបួលកូនទៅជ្រើសរើសសម្លៀកបំពាក់ របស់ប្រើប្រាស់ផ្ទាល់ខ្លួន ឧបករណ៍ការរៀនដែលត្រូវប្រើប្រាស់ ដើម្បីឱ្យកូនមានអារម្មណ៍ថាមានចំណែករួម សាងបរិយាកាសការទៅសាលាឱ្យកូនរំភើប និងទន្ទឹងរង់ចាំថ្ងៃដែលនឹងបានទៅសាលារៀនមែនទែន។

4 – បង្ហាត់ឱ្យចេះប្រាប់ពីតម្រូវការ

ការធ្វើឱ្យកូនអាចប្រាប់បានថា គេត្រូវការអ្វីរយៈដំបូងៗ ដូចជា ឈឺនោម ឃ្លានបាយ ស្រេកទឹក រួមទាំងប្រាប់ពីអារម្មណ៍យ៉ាងងាយៗ ដូចជាមិនពេ​ញចិត្ត ខឹង ចូលចិត្ត ជាដើមនោះ នឹងជួយធ្វើឱ្យកូនតូចអាចទំនាក់ទំនងឱ្យគ្រូដឹងបាន ដើម្បីនឹងបានចាត់ការជាមួយ​បញ្ហាតទៅទៀតបាន ដោយអ្នកម្តាយមិនគួរតបស្នងតម្រូវការរបស់កូនលឿនពេកទេ គួររង់ចាំឱ្យកូនប្រាប់ ឬអាចសួរនាំកូន និងព្យាយាមស្តាប់ពេលគេនិយាយ។

5 – បង្ហាត់ឱ្យកូនចេះជួយខ្លួនឯង

ញ៉ាំអាហារខ្លួនឯងបាន ស្លៀកពាក់ខោអាវ ឬចូលបន្ទប់ទឹកបានដោយខ្លួនឯង រឿងទាំងអស់នេះជាមូលដ្ឋានគ្រឹះដែលនឹងធ្វើឱ្យកូនអាចជួយខ្លួនឯងបានពេលនៅក្នុងសាលា ទោះជាអំឡុងពេលដំបូងៗកូនអាចនឹងធ្វើបានមិនសូវជាល្អរៀបរយក៏ដោយ តែនៅពេលទៅសាលារាល់ថ្ងៃ ការបានហ្វឹកហាត់ញឹកញាប់ នឹងធ្វើឱ្យកូនចេះជួយខ្លួនឯងបានកាន់តែល្អឡើង ជាការសាងក្តីមោទនៈដល់កូន

និងធ្វើឱ្យកូនកើតមានភាពជឿជាក់ក្នុងចិត្តចំពោះខ្លួនឯងថា គេអាចធ្វើបានដោយខ្លួនឯង ហើយទោះជាគេអាចនឹងធ្វើបានមិនសូវជាល្អមែន តែការបានស្ថិតនៅក្នុងសភាពជុំវិញខ្លួនដែលមិត្តភ័ក្តិធ្វើបាន នឹងធ្វើឱ្យកូនចេះជួយខ្លួនឯងបានកាន់តែល្អឡើងមិនខាន។

6 – បង្ហាត់ជំនាញចូលសង្គម

ការទៅសាលារៀនគឺជាការហ្វឹកហាត់ឱ្យកូនរស់នៅរួមជាមួយអ្នកដទៃបាន មុនទៅសាលារៀនអ្នកម្តាយត្រូវរកឱកាសឱ្យកូនបានមានបដិសម្ព័ន្ធជាមួយអ្នកដទៃដោយការនាំទៅកន្លែងក្មេងលេង លេងជាមួយអ្នកជិតខាង ទៅសួនច្បារសាធារណៈ ឬសារមន្ទីរ

ដើម្បីឱ្យកូនបានស៊ាំធ្លាប់ជាមួយទីកន្លែងដែលមានមនុស្សច្រើនៗ រៀនយល់ដឹងពីរបៀបវិន័យក្នុងការរស់នៅរួមជាមួយអ្នកឯទៀត ដែលរឿងទាំងអស់នេះកូនអាចរៀនយល់ដឹងបានពីលោកឪពុកអ្នកម្តាយផងដែរ ជាពិសេសរឿងការអត់ធន់ ការរង់ចាំចំពោះរឿងផ្សេងៗ។ អ្វីទាំងអស់នេះគឺជាការរៀបចំត្រៀមខ្លួនឱ្យកូន មុននឹងឆ្ពោះទៅក្នុងរបងសាលារៀន។

7 – រៀបចំប្រព័ន្ធជីវិតវ័យរៀន

នៅពេលកូនទៅសាលារៀន ជីវិតរបស់គេនឹងកើតការផ្លាស់ប្តូរ ពេលភ្ញាក់ ពេលគេងក៏នឹងផ្លាស់ប្តូរ មានការញ៉ាំ លេង និងគេងតាមពេលម៉ោងទៀងទាត់។ មុនទៅសាលាអ្នកម្តាយត្រូវចាប់ផ្តើមកែសម្រួលប្រព័ន្ធការរស់នៅប្រចាំថ្ងៃរបស់កូនឱ្យត្រូវនឹងពេលវេលារបស់សាលារៀន ដើម្បីចៀសពីអារម្មណ៍មួម៉ៅ ឬងង៉ក់រករឿងនៅពេលដល់ថ្ងៃដែលត្រូវទៅសាលាមែនទែននោះ។

8 – តួនាទីឪពុកម្តាយ

លោកឪពុកអ្នកម្តាយគឺជាបច្ច័យសំខាន់ក្នុងការបញ្ជូនកូនចេញឆ្ពោះទៅរកពិភពដ៏ធំទូលាយយ៉ាងជឿជាក់ក្នុងចិត្ត បើទាំងលោកឪពុក និងអ្នកម្តាយមានទស្សនគតិដែលល្អចំពោះសាលា និងគ្រូ រួមទាំងត្រៀមកូនដោយការបង្ហាត់ជំនាញការមើលថែទាំខ្លួនឯងយ៉ាងជាប់លាប់មុនទៅសាលា រួមទាំងថ្ងៃដែលទៅសាលារៀនរយៈដំបូងផងនោះ។ អ្នកម្តាយមិនគួរបង្ហាញពីភាពអាឡោះអាល័យពេលកូនដើរចូលសាលារៀននោះទេ តែត្រូវត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាអ្នកជួយបង្កើនកម្លាំងចិត្ត និងដោះស្រាយបញ្ហានៅពេលកូនត្រូវការ ក្រុមគ្រួសារក៏នឹងឆ្លងផុតអំឡុងពេលឈានបន្តទៅចូលរៀនបានយ៉ាងរលូនមិនខាន។

 

Check list

            តើកូនដល់ពេលល្មមទៅសាលារៀនហើយឬនៅ?

អ្នកម្តាយជាច្រើននាក់អាចមានការសង្ស័យថា តើកូនរបស់ខ្លួនល្មមដល់ពេលទៅសាលារៀនហើយឬនៅ? ចំពោះចម្ងល់នេះ យើងមានឆេកលិសត៍ 10 រឿង ដែលគួរត្រៀមខ្លួនកូនមុនទៅសាលារៀន បើសិនកូនរបស់អ្នកខ្វះចំណុចណាមួយ អាចត្រៀមចំណុចនោះឱ្យកូនបន្ថែមបាន។

– ស្គាល់ពេលវេលា ដូចជា យប់ ថ្ងៃ ព្រឹក ល្ងាច ហើយ

– អាចធ្វើតាមច្បាប់ របៀបវិន័យស្រួលៗបាន

– អាចប្រាប់នៅពេលឈឺនោម ឬឈឺពោះ និងចូលបន្ទប់ទឹកដោយខ្លួនឯងបាន

– ស្លៀកពាក់ដោយខ្លួនឯងបាន ដូចជា បិទឡេវអាវ ស្លៀកសំពត់ រូតខ្សែរូតបានដោយខ្លួនឯង

– អាចញ៉ាំបាយដោយខ្លួនឯងបាន

– នៅឆ្ងាយពីឪពុកម្តាយបានដោយមិនយំ

– និយាយជាប្រយោគដែលអាចទំនាក់ទំនងយល់គ្នាបាន

– ប្រាប់ពីតម្រូវការបាន ដូចជា ឃ្លាន ស្រេកទឹក ងងុយគេង ជាដើម

– ចេះរង់ចាំ

– គេងខ្លួនឯងបាន មិនបាច់បំពេ

– លេងជាមួយពួកម៉ាកឯទៀតបាន

បើពិនិត្យមើលហើយ កូនតូចអាចធ្វើបាន 3 ភាគ 4 នោះបញ្ជាក់ថា កូនតូចអាចទៅសាលារៀនបានហើយ តែលោកឪពុកអ្នកម្តាយគួរបង្ហាត់បន្ថែមលើផ្នែកដែលកូនតូចនៅខ្វះខាត តែបើសាកល្បងបង្ហាត់ហើយមិនទាន់ពេលវេលានោះ អ្នកម្តាយត្រូវប្រាប់ទៅអ្នកគ្រូឱ្យបានដឹងថា កូនត្រូវបន្ថែមលើចំណុចណាខ្លះទៀតផង៕

Advertisement