តើផ្លែប៉ោមមានប្រយោជន៍ចំពោះកូនតូចយ៉ាងណាខ្លះ?

ផ្លែប៉ោមមានគុណសម្បត្តិក្នុងការព្យាបាលដ៏ល្អ អាចជួយសម្រាលអាការឈឺថ្កាត់ ដូចជា អាការក្អក, រោគក្រពះ, រោគពាក់ព័ន្ធនឹងធ្មេញ និងអាការរាករូសនៅលើក្មេងតូចបាន។ ផ្លែប៉ោមជាអាហារចាប់ផ្តើមដំបូងដែលល្អបំផុតសម្រាប់ក្មេងតូច អាចចាប់ផ្តើមឱ្យញ៉ាំបានតាំងពីអាយុ 6 ខែឡើងទៅ។ តើផ្លែប៉ោមមានប្រយោជន៍ចំពោះក្មេងតូចយ៉ាងណាខ្លះ?

– ជួយសម្រាលអាការហើមពោះ

អ្នកម្តាយនឹងសង្កេតឃើញថា កូនតូចច្រើនតែជួបនឹងបញ្ហាឆ្អល់ពោះ ហើមពោះញឹកញាប់ ដូច្នេះអ្នកម្តាយអាចជួយសម្រាលអាការនេះរបស់កូនតូចបាន ដោយគ្រាន់តែបកសំបកផ្លែប៉ោមកិន និងស្ងោរ ឬចំហុយឱ្យកូនតូចញ៉ាំ ព្រោះសារធាតុ ផូលីហ្វ៊ីណូល ដែលនៅក្នុងផ្លែប៉ោមជួយកាត់បន្ថយអាការឆ្អល់ពោះ ហើមពោះបានដោយការស្រោបការពារពីលើសាច់ភ្នាសក្រពះ។

– ជួយសម្អាតធ្មេញ និងធ្វើឱ្យអញ្ចាញរឹងមាំ (មានប្រយោជន៍បំផុតសម្រាប់ក្មេងតូចដែលមានអាយុចាប់ពី 1,5 ឆ្នាំឡើងទៅ)

ការទំពារផ្លែប៉ោម មិនត្រឹមតែជួយបង្កើនការហូរវឹលរបស់លោហិតនៅក្នុងអញ្ចាញធ្មេញបានកាន់តែល្អឡើងនោះទេ តែកាកសរសៃអាហារនៅក្នុងផ្លែប៉ោមនៅបានបំពេញតួនាទីប្រៀបដូចជាការដុសសម្អាតធ្មេញដូច្នោះដែរ។

– សម្រាលអាការក្អក

ក្មេងតូចដែលកើតអាការក្អក នឹងធ្វើឱ្យមិនអាចគេងលក់បានស្រួលពេញមួយយប់នោះឡើយ តែផ្លែប៉ោមដែលមានរសជាតិផ្អែមមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអាការក្អក ចូរយកទឹកផ្លែប៉ោមដែលបានមកពីការស្ងោរ ឬចំហុយឱ្យកូនតូចញ៉ាំប្រមាណជា 1សប្តាហ៍ អាការក្អកនឹងបានធូរស្រាល ហើយកូនតូចនឹងគេងលក់បានឆ្អែតពេញលេញមិនខាន។

– ប៉បាត់អាការរាករូស

ជំងឺរាករូសគឺជាជំងឺដែលជួបញឹកញាប់នៅលើក្មេងតូចច្រើនជាងមនុស្សធំ ផ្លែប៉ោមដែលឆ្អិន និងមានរសជាតិផ្អែម អាចព្យាបាល និងកាត់បន្ថយអាការរាគរូសបាន ដោយយកទឹកផ្លែប៉ោមដែលបានមកពីការស្ងោរ ឬចំហុយមកកិនឱ្យហ្មត់ រួចឱ្យកូនតូចញ៉ាំ 2 – 4 ដងក្នុងមួយថ្ងៃ។

– សាងប្រព័ន្ធប្រឆាំងជំងឺ

ផ្លែប៉ោមពណ៌ក្រហមមានសារធាតុប្រឆាំងអនុមូលឥស្សរៈដែលហៅថា ” Quercetin ” ។ តាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ” Quercetin” អាចជួយសាង និងបង្កើនប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយបានទៀតផង។

ចំណុចគួរប្រយ័ត្នក្នុងការឱ្យកូនតូចញ៉ាំផ្លែប៉ោម

-មិនគួរឱ្យក្មេងតូចញ៉ាំខណៈពេលដែលពោះទំនេរនោះទេ ព្រោះផ្លែប៉ោមនឹងពិបាករំលាយជាងប្រក្រតីនៅពេលពោះទំនេរ ឬនៅពេលព្រឹក។

-កូនតូចត្រូវមានអាយុ 6 ខែឡើងទៅ និងត្រៀមរួចរាល់ហើយសម្រាប់ការចាប់ផ្តើមទទួលយកអាហារបន្ថែម។

-លាងឱ្យបានស្អាតមុននឹងញ៉ាំ។

-យកគ្រាប់ចេញមុននឹងឱ្យកូនតូចញ៉ាំ៕

Advertisement