អាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌ ហាមរកថ្នាំញ៉ាំខ្លួនឯង!

ស្រ្តីដែលកំពុងតាំងគភ៌មានឱកាសងាយនឹងឈឺថ្កាត់ខ្លាំងណាស់ បើមិនស្រួលខ្លួន ឬកើតរោគគ្រុនផ្តាសាយនោះ អាចនឹងមានក្តីកង្វល់ថា តើគួរតែត្រូវមើលថែទាំខ្លួនឯងយ៉ាងណា? ញ៉ាំថ្នាំអ្វីបានខ្លះ? តើវានឹងហុចផលប៉ះពាល់ដល់កូនក្នុងផ្ទៃដែរឬទេ?។ ថ្ងៃនេះ ឡារ៉ែន មានចម្លើយមកជម្រាបជូន។

ស្រ្តីជាច្រើននាក់ដែលកំពុងស្ថិតក្នុងអំឡុងការតាំងគភ៌ អាចនឹងឈឺថ្កាត់ ឬកើតជំងឺគ្រុនផ្តាសាយដោយមិនបានដឹងខ្លួនមុនបាន ដោយសារតែខណៈពេលដែលស្រ្តីមានគភ៌មានប្រព័ន្ធប្រឆាំងជំងឺថយចុះនោះ នៅពេលកើតជំងឺហើយ ក៏ច្រើនតែក្រជាជាងប្រក្រតី។ ការកើតជំងឺគ្រុនផ្តាសាយបែបប្រក្រតី នឹងគ្មានផលប៉ះពាល់ដល់កូនក្នុងគភ៌ឡើយ ដោយស្រ្តីមានគភ៌អាចញ៉ាំថ្នាំបាន តែត្រូវតែជាថ្នាំដែលគ្រូពេទ្យរៀបចំឱ្យប៉ុណ្ណោះ មិនអាចរកទិញតាមឱសថស្ថានទូទៅយកមកញ៉ាំដោយខ្លួនឯងបានទេ ព្រោះថ្នាំបញ្ចុះកម្តៅប្រភេទខ្លះអាចនឹងហុចផលប៉ះពាល់ដល់ទាំងម្តាយ និងកូនក្នុងគភ៌បាន ដូច្នេះបើសិនជាត្រូវញ៉ាំថ្នាំ គួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។

អាការនៃជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌

– ហៀរសំបោរ

– ឈឺក្បាល ក្តៅខ្លួន

– តឹងច្រមុះ ក្អក កណ្តាស់

– អ្នកខ្លះអាចនឹងមានអារម្មណ៍ថា ក្តៅរងា ក្តៅរងា

បើមានអាការធ្ងន់ធ្ងរ ដូចជា ក្អកកាន់តែខ្លាំងឡើង ស្លេស្ម៍ឡើងពណ៌បៃតង ហត់ដង្ហក់ ឬមានគ្រុនក្តៅខ្លាំង ញ៉ាំថ្នាំហើយអាការនៅតែមិនធូស្រាលនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យ មិនគួរទិញថ្នាំថ្នាំមកញ៉ាំដោយខ្លួនឯងឡើយ។ បើមានអាការធ្ងន់ធ្ងរជ្រៀតជ្រែក ឬគ្រុនក្តៅខ្លួនលើស 1 សប្តាហ៍ ស្រ្តីមានគភ៌ប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យកុំបង្អង់យូរ។

វិធីមើលទាំខ្លួន និងព្យាបាលអាការគ្រុនផ្តាសាយក្នុងអំឡុងពេលមានគភ៌

– ពេលស្រ្តីមានគភ៌ចាប់ផ្តើមមានអាការគ្រុនផ្តាសាយ គួរមើលថែទាំរាងកាយដោយការស្លៀកសម្លៀកបំពាក់ឱ្យកក់ក្តៅជាប់ជានិច្ច។

– បើមានគ្រុនក្តៅ គួរជូតខ្លួនដោយក្រណាត់សើម ឬងូតទឹកក្តៅឧណ្ហៗ នឹងជួយឱ្យបំភាយកម្តៅចេញពីរាងកាយបានល្អ។

– គួរគេងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់ ញ៉ាំទឹកក្តៅឧណ្ហៗឱ្យបានច្រើន។

– ពេលគេងគួរដាក់ក្បាលឱ្យខ្ពស់ឡើងបន្តិច ដើម្បីជួយឱ្យដកដង្ហើមបានស្រួល

– គួរស្ថិតនៅក្នុងស្ថានភាពជុំវិញខ្លួនដែលមានខ្យល់អាកាសចេញចូលល្អ និងទីកន្លែងដែលទូលាយស្រឡះ។

– ញ៉ាំអាហារឱ្យគ្រប់ 5 ប្រភេទក្រុម និងផ្លែឈើស្រស់ឱ្យបានច្រើន ព្រោះផ្លែឈើមានវីតាមីនប្រឆាំងនឹងអនុមូលឥស្សរៈ។

ទាំងអស់នេះ បើស្រ្តីមានគភ៌ញ៉ាំអាហារមិនចូល ឬគ្មានអារម្មណ៍ចង់ញ៉ាំអាហារនោះ សាកល្បងជ្រើសរើសញ៉ាំអាហារទន់ៗ ដូចជា បបរសាមចូក បបរត្រី ទឹកផ្លែឈើ ឬទឹកដោះពពែបន្ថែមក៏បាន ដើម្បីឱ្យបានសារធាតុអាហារគ្រប់ចំនួនក្នុងអំឡុងពេលមានគភ៌នេះ ព្រោះរាងកាយអ្នកម្តាយត្រូវការសារធាតុអាហារទៅចិញ្ចឹមកូនតូចនៅក្នុងគភ៌៕

Advertisement