ការរៀបផែនការមានផ្ទៃពោះ

ការមានគភ៌គឺជារឿងធម្មជាតិរបស់បុរស និងស្រ្តីដែលរស់នៅជាមួយគ្នា តែការមានគភ៌ដោយមានការរៀបផែនការទុកជាមុននោះ ផ្តល់នូវលទ្ធផលផ្សេងពីការដែលមិនបានរៀបផែនការជាមុនយ៉ាងស្រឡះ ជាពិសេសបំផុតជាមួយអ្នកដែលមានរោគប្រចាំកាយ ឬជំងឺសួពូជដែលធ្ងន់ធ្ងរ ដែលវាអាចហុចផលប៉ះពាល់ដល់កូនដោយត្រង់ ដូច្នេះមុនពេលមានគភ៌យើងគួរតែពិនិត្យសុខភាព និងរៀបផែនការឱ្យបានរៀបរយដើម្បីកូនរបស់យើងដែលនឹងកើតមកនាពេលអនាគត។

លោកឪពុកអ្នកម្តាយគួរតែទៅជួបគ្រូពេទ្យ និងផ្តល់នូវព័ត៌មានដែលសំខាន់ ដូចជា ប្រវត្តិការឈឺថ្កាត់ក្នុងក្រុមគ្រួសារ ការប្រើប្រាស់ថ្នាំ ការញ៉ាំសុរា ការជក់បារី ជំងឺឆ្លងខាងភេទសម្ព័ន្ធ ជំងឺដែលធ្លាប់កើត ការចាក់វ៉ាក់សាំង ការធ្វើការងារ ឬស្ថានភាពបរិស្ថាន រួមទាំងសត្វចិញ្ចឹមផងដែរ។

តែសម្រាប់ស្រ្តីជាភរិយា គ្រូពេទ្យនឹងសួរនាំអំពីការមានវដ្តរដូវប្រចាំខែថា តើប្រក្រតីដែរឬទេ? ធ្លាប់មានគភ៌ពីមុនមកដែរឬអត់? និងបើអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយនោះ ត្រូវតែប្រាប់ឱ្យគ្រូពេទ្យដឹង ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺក្រលៀន រោគហឺត និងគួរយកថ្នាំដែលញ៉ាំនោះទៅឱ្យគ្រូពេទ្យត្រួតពិនិត្យមើលផង ព្រោះរឿងទាំងអស់នេះនឹងធ្វើឱ្យគ្រូពេទ្យណែនាំពីវិធីដែលត្រឹមត្រូវដល់គូស្វាមីភរិយាដែលចង់មានផែនការចង់មានបុត្របាន។

បន្ទាប់ពីនោះ គ្រូពេទ្យនឹងពិចារណាដើម្បីផ្តល់ការរក្សាព្យាបាល ប្រឹក្សាជាមួយគ្រូពេទ្យជំនាញក្នុងករណីដែលជំងឺរបស់អ្នកនៅគ្រប់គ្រងមិនទាន់បានល្អ និងឱ្យចាក់វ៉ាក់សាំងសំខាន់មុនពេលមានគភ៌ ដូចជា វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល តេតាណូស រួមទាំងស្រ្តីដែលចង់បានបុត្រខ្លួនឯងក៏ត្រូវមានការពិនិត្យសុខភាពក្នុងប្រអប់មាត់ដែរ ព្រោះបើសិនជាមានធ្មេញពុកនោះ អាចនឹងហុចផលមិនល្អដល់ការតាំងគភ៌បាន។

មានការសិក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលមានរោគអញ្ចាញ ឬធ្មេញនឹងមានភាពពាក់ព័ន្ធជាមួយរោគគភ៌មានជាតិពុល ឬប្រសូតមុនកំណត់។ ចុងក្រោយបំផុតគូស្វាមីភរិយាត្រូវត្រួតពិនិត្យសុខភាពផ្លូវចិត្តផង ដោយសារតែការមានគភ៌ជាសភាវដែលជំរុញធ្វើឱ្យកើតភាពធុញថប់តានតឹង និងបើធ្លាប់មានប្រវត្តិកើតជំងឺស្រងូតស្រងាត់សោកសៅក្នុងក្រុមគ្រួសារផងនោះ ក៏អាចនឹងជំរុញឱ្យកើតជំងឺសោកសៅទាំងក្នុងខណៈតាំងគភ៌ និងក្រោយប្រសូត ដែលវាអាចនឹងធ្វើឱ្យមានអារម្មណ៍អស់សង្ឃឹម មានបញ្ហារឿងការគេងជាដើម ដូច្នេះមុនពេលមានគភ៌គួរតែគ្រប់គ្រងសភាវទាំងនេះឱ្យបានជាមុនសិន។

សូមកុំភ្លេចថា ការតាំងគភ៌ដែលមានគុណភាព យើងគួរតែរៀបផែនការ និងត្រៀមខ្លួនរួចជាស្រេចឱ្យបានល្អបំផុតតាមដែលយើងអាចធ្វើបាន ដើម្បីកូនរបស់យើង និងក្រុមគ្រួសារដែលមានសេចក្តីសុខ៕

Advertisement