កាល់ស្យូម សារធាតុអាហារដែលចាំបាច់ចំពោះស្រ្តីមានគភ៌

ស្រ្តីមានគភ៌ដែលទទួលទានអាហារដែលមានកាល់ស្យូមខ្ពស់ខណៈមានគភ៌នោះ នឹងធ្វើឱ្យកូនក្នុងផ្ទៃមានឆ្អឹង និងធ្មេញរឹងមាំ ភាគច្រើនលោកគ្រូពេទ្យដែលពិនិត្យគភ៌នឺងណែនាំឱ្យស្រ្តីមានគភ៌ទទួលទានកាល់ស្យូមឱ្យបានគ្រប់គ្រាន់ ព្រោះបើកូនប្រសូតចេញមកហើយ អាចនឹងទាញយកកាល់ស្យូមពីខ្លួនអ្នកម្តាយទៅសាងបង្កើនផ្នែកផ្សេងៗរបស់រាងកាយទៀតផង។ ក្នុងខណៈតាំងគភ៌វិញ បើស្រ្តីមានគភ៌បានទទួលកាល់ស្យូមមិនគ្រប់គ្រាន់អាចនឹងកើតប្រគ្រីវកាច់ ឬសភាវសាច់ដុំឡើងរឹងក្នុងផ្នែកផ្សេងៗរបស់រាងកាយបាន។

ប្រភពរបស់កាល់ស្យូមដែលស្រ្តីមានគភ៌គួរដឹង

1. អាហារដែលធ្វើអំពីទឹកដោះ

ដូចជា ទឹកដោះគោឆៅ ទឹកដោះគោជូរ យ៉ាអួ ឈីស និងប៊័រស្រស់ អាហារពពួកនេះសម្បូរទៅដោយកាល់ស្យូមច្រើនបំផុត និងជ្រាបចូលទៅក្នុងរាងកាយបានល្អ។ ទឹកដោះគោ 1 កែវនឹងផ្តល់បរិមាណកាលស្យូមប្រមាណជា 200 – 300 មីល្លីក្រាម។

2. គ្រាប់សណ្តែក និងធញ្ញជាតិ

សណ្តែកផ្សេងៗ ល្ង និងអាហារដែលធ្វើពីពពួកសណ្តែកលឿង ដូចជា តៅហ៊ូ ពពុះតៅហ៊ូ ទឹកសណ្តែកលឿង ទឹកតៅហ៊ូ -ល- អាហារពពួកសណ្តែកលឿងនេះសម្បូរទៅដោយកាល់ស្យូម និងគ្មានកូលេស្តេរ៉ូល។

3. បន្លែពណ៌បៃតងចាស់

ពពួកបន្លែស្លឹកពណ៌បៃតងនឹងមានកាល់ស្យូមខ្ពស់ ដូចជា ប្រូខូលី ស្លឹកផ្ទី ស្លឹកញ ស្លឹកអង្កាញ់ បន្លែផ្អែម ជាដើម ស្រ្តីមានគភ៌អាចយកបន្លែផ្សេងៗដែលចូលចិត្តមកធ្វើជាម្ហូបអាហារពិសាបានច្រើនយ៉ាង ដូចជា ឆាបន្លែរួម ឬស្ងោបន្លែតៅហ៊ូសាច់ជ្រូកចិញ្រ្ចាំ ជាដើម។

4. សាច់សត្វ

ភាគច្រើនអាហារធ្វើពីសាច់សត្វដែលមានកាល់ស្យូមនឹងសង្កត់ធ្ងន់លើអាហារពពួកត្រីប្រឡាក់ ត្រីដែលញ៉ាំបានទាំងឆ្អឹង ពួកត្រីដុត ជាដើម តែក៏មិនគួរបរិភោគច្រើនជ្រុលពេកដែរ ព្រោះថា ត្រីពពួកនេះនឹងមានសូដ្យូមខ្ពស់។

5. វីតាមីន D

វីតាមីន D នឹងជួយបឺតជ្រាបកាល់ស្យូមចូលទៅក្នុងរាងកាយបានល្អ ដូច្នេះស្រ្តីមានគភ៌គួរបានទទួលវីតាមីន D ឱ្យបានយ៉ាងតិចមួយថ្ងៃ 400 យូនិត។ អាហារដែលមានវីតាមីន D គឺ ទឹកដោះគោ ឈីស ប៊័រ យ៉ាអួ និងពន្លឺថ្ងៃនាពេលព្រឹកក៏ជួយបម្លែងទៅជាវីតាមីន D តាមរយៈស្បែកបានដែរ។

 

ចំណុចគួរប្រយ័ត្នក្នុងការទទួលទានកាល់ស្យូម

មិនគួរទទួលទានកាល់ស្យូម និងអាហារដែលមានសារធាតុដែកក្នុងពេលជាមួយគ្នាឡើយ ព្រោះនឹងធ្វើឱ្យប្រសិទ្ធភាពក្នុង​ការបឺតជ្រាបយកសារធាតុអាហាររបស់ទាំងពីរយ៉ាងថយចុះ គួរទទួលទានឆ្ងាយពីគ្នាយ៉ាងតិច 2 ម៉ោងទើបល្អ៕

Advertisement