Do & Don’t នៅពេលកូនញៀនលេង iPad

វត្ថុមួយចំនួន នៅពេលវាមានចំណុចល្អ ក៏ច្បាស់ជាមានចំណុចអាក្រក់ដូចគ្នា បើកូនតូចរបស់លោកឪពុកអ្នកម្តាយចាប់ផ្តើមញៀនលេងអៃភែដហើយនោះ អត្ថបទ Do & Don’t ខាងក្រោមនេះអាចជួយអ្នកបាន។

នៅពេលដែលរបស់លេងបែបពីដើមៗ លែងគួរឱ្យចាប់អារម្មណ៍សម្រាប់សម្រាប់កុមារក្នុងយុគសម័យឌីជីថលហើយនោះ អ្វីដែលលោកឪពុកអ្នកម្តាយគួរធ្វើនោះគឺ ឱ្យកូនលេងអៃភែដបាន តែត្រូវតែជាអ៊ែបដែលបង្កើនការរៀនយល់ដឹងរបស់កូនប៉ុណ្ណោះ។

– រឿងដែលគួរធ្វើនៅពេលកូនញៀនលេងអៃភែដ

ប្លុកវេបសាយរបស់មនុស្សធំ ឬដាក់ផាសវើដ ដើម្បីកំណត់ការប្រើប្រាស់អ៊ីនធើណេតរបស់កូន ទាំងអស់នេះអាស្រ័យលើអាយុ និងភាពដឹងក្តីរបស់កូន។

លោកអ្នកគួរប្រើប្រាស់ផាស់វើដដើម្បីចូលអ៊ីមេល ឬបញ្ជីឈ្មោះបុគ្គលដែលទំនាក់ទំនង ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនតូចនឹងមិនអាចលប់បាន ឬផ្លាស់ប្តូរព័ត៌មានណាមួយដោយលោកអ្នកមិនដឹងខ្លួន។

ដោនឡូតហ្គេម បទចម្រៀង ឬតុក្កតាណា ដែលកូនអាចរៀនយល់ដឹងពីតួអក្សរ វាក្យស័ព្ទផ្សេងៗ រួមទាំងការរៀនយល់ដឹងអំពីតួលេខ ហ្គេមប្រស្នាស្រួលៗ មានប្រយោជន៍ចំពោះក្មេងៗក្នុងការហ្វឹកហាត់ខួរក្បាល និងជួយឱ្យកូនមានសមាធិផ្ចង់នៅលើរឿងអ្វីមួយបានល្អនៅពេលដែលគេធំឡើង។

ចាំបាច់បំផុតក្នុងការដែលត្រូវដាក់ស្រោមក្រាស់ៗ ឬបិទកញ្ចក់ការពារលើអេក្រង់អៃភែដ ដើម្បីការពារការខូចខាតបើសិនកូនធ្វើអៃភែដជ្រុះ និងលោកឪពុកអ្នកម្តាយកុំភ្លេចសង្កេតមើលពីរឿងភាពមុតស្រួច នៅលើគែម ឬជ្រុងរបស់ស្រោមអៃភែដ និងគួរជ្រើសរើសប្រើស្រោមណាដែលមានភាពទន់ស្រួលកាន់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់កូន។

– រឿងដែលមិនគួរធ្វើពេលកូនញៀនលេងអៃភែដ

ស្ថាប័នកុមារវេជ្ជសាស្រ្តនៃអាមេរិក បានរៀបរាប់ថា លោកឪពុកអ្នកម្តាយមិនគួរឱ្យកូនអាយុតិចជាង 2 ឆ្នាំប្រើអៃភែដយូរលើសពី 2 ម៉ោងក្នុងមួយថ្ងៃឡើយ ឬមិនទេក៏មិនគួរឱ្យកូនលេងអៃភែដតែម្តង។

ដាក់ល័ក្ខខណ្ឌក្នុងការមិនឱ្យលេងចំពោះកូន បើកូននៅមិនទាន់ធ្វើកិច្ចការងារផ្សេងទៀត ដូចជា រត់ហាត់ប្រាណ អានសៀវភៅ ធ្វើកិច្ចការផ្ទះ ឬលេងរបស់លេងផ្សេងទៀតនោះ។

ហាមយកអៃភែដទៅទុកក្នុងបន្ទប់គេងរបស់កូន ព្រោះពន្លឺដែលជះចេញពីអេក្រង់នឹងទៅរំខានការគេងលក់របស់កូន។

បើលេងអៃភែដច្រើនជ្រុលពេកសម្រាប់ក្មេងអាយុ 3 -​ 4 ឆ្នាំ ក្មេងអាចមានអាការសោកសៅ ស្រងូតស្រងាត់ វិតក្កកង្វល់ និងមានបញ្ហាខាងផ្លូវចិត្តផ្សេងៗ ដូចជា ពេលកូនមិនអាចដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងអ៊ែប ឬពេលអស់ថ្ម ជាដើម។

មិនគួរឱ្យសិទ្ធិកូនច្រើនជ្រុលពេកដល់ថ្នាក់អាចស្វែងរកព័ត៌មានតាមរយៈស៊ើចអេនជីនបានដោយខ្លួនឯងនោះទេ គួរឱ្យកូនលេងអៃភែដដើម្បីគ្រាន់តែស្តាប់បទចម្រៀង ឬលេងហ្គេមបានហើយ។

ការចង់ហាមកូនមិនឱ្យលេងអៃភែដ ទាល់តែលោកឪពុកអ្នកម្តាយខ្លួនឯងក៏ត្រូវតែមិនញៀនស្មាតហ្វូនដែរ ពេលដែលមានមេសសេច ឬឡាញចូលមក អ្នកមិនគួរចាប់អារម្មណ៍ ឬចាប់យកមកមើលនៅចំពោះមុខកូននោះទេ ព្រោះវានឹងក្លាយជាគំរូមិនល្អចំពោះកូន បើសិនលោកអ្នកនៅតែជក់នឹងស្មាតហ្វូនរបស់ខ្លួននោះ កូនក៏នឹងរៀនយល់ដឹងក្នុងការធ្វើបែបនោះដូចលោកអ្នកដែរមិនខាន៕

Advertisement