5 វិធី កែបញ្ហាកូនខាំក្រចកដៃ គួរតែបញ្ឈប់ទង្វើនេះមុនក្លាយជាទម្លាប់

គឺជាបញ្ហាមួយទៀតដែល ឡារ៉ែនជឿថាលោកឪពុកអ្នកម្តាយជាច្រើននាក់ត្រូវតែធ្លាប់ជួបមិនខាន គឺបញ្ហាដែលកូនជាទីស្រឡាញ់ចូលចិត្តតែខាំក្រចកខ្លួនឯងជាញឹកញាប់ហ្នឹងឯង ដែលទង្វើនេះអាចនឹងធ្វើឱ្យកូនបាត់បង់សុជីវធម៌ រួមទាំងអាចនឹងធ្វើឱ្យកើតបញ្ហាពាក់ព័ន្ធនឹងធ្មេញ និងប្រថុយប្រថានជាមួយមេរោគបាក់តេរីផ្សេងៗដែលនឹងធ្វើឱ្យឈឺថ្កាត់បានទៀតផង បើដូច្នេះយើងសាកល្បងមកកែបញ្ហានេះទាំងអស់គ្នាមុននឹងកូនធ្វើវាឱ្យក្លាយជាទម្លាប់អាក្រក់ដោយ 5 វិធីដែល ឡារ៉ែននាំយកមកជម្រាបជូនក្នុងថ្ងៃនេះដូចតទៅ។

1 . កុំធ្វើឱ្យកូនមានកង្វល់ក្នុងចិត្ត

លោកឪពុកអ្នកម្តាយគួរតែយល់ជាមុនសិនថា ការដែលកូនចូលចិត្តខាំក្រចកដៃនេះដោយសារតែគេកំពុងមានអារម្មណ៍តានតឹង មានសម្ពាធ ឬអាចនឹងអផ្សុកគ្មានអ្វីធ្វើ ទើបបន្ធូអារម្មណ៍ដោយការខាំក្រចកលេងហ្នឹងឯង ដូច្នេះបើលោកឪពុកអ្នកម្តាយណាចូលចិត្តស្តីបន្ទោសកូន ឬចូលចិត្តឈ្លោះទាស់ទែងគ្នាស្រែកឡូឡាជាប្រចាំនោះ សូមប្រាប់ទៅចុះថា ទង្វើរបស់លោកអ្នកហ្នឹងឯងគឺជាប្រភពកំណើតរបស់ការដែលកូនចូលចិត្តខាំក្រចកហ្នឹងឯង តទៅមុខទៀត ពេលមានការអ្វី ក៏និយាយស្តីជាមួយកូនស្រួលៗល្អៗ អធិប្បាយឱ្យកូនស្តាប់យ៉ាងចិត្តត្រជាក់ ឬបើលោកឪពុកអ្នកម្តាយចាប់ផ្តើមមានការប្រកែកគ្នានោះ ក៏សុំឱ្យចិត្តត្រជាក់វិញ ឬទៅជជែកគ្នានៅកន្លែងផ្សេងឱ្យឆ្ងាយពីភ្នែកកូនទៅប្រសើជាង។

2 . អធិប្បាយឱ្យកូនយល់

មុននឹងហាមឱ្យកូនសម្លាញ់ឈប់ខាំក្រចកដៃ លោកឪពុកអ្នកម្តាយគួរអធិប្បាយឱ្យគេយល់អំពីចំណុចអាក្រក់ជាមុន បើកូនយល់ហើយថា ការខាំក្រចកដៃលេងនឹងធ្វើឱ្យកូនឈឺថ្កាត់រហូតខានបានទៅជួបពួកម៉ាកនៅឯសាលារៀន ឬនឹងធ្វើឱ្យអ្នកឯទៀតគេចំអកឡកលើយកូនបាន នោះនឹងធ្វើឱ្យគេយល់ថា ហេតុអីទើបគួរបញ្ឈប់ទង្វើហ្នឹង។

3 . កាត់ក្រចកដៃឱ្យខ្លីជាប់ជានិច្ច

ជាវិធីងាយៗដែលលោកឪពុកអ្នកម្តាយគួរតែធ្វើស្រាប់ទៅហើយ ព្រោះការដែលបណ្តោយឱ្យកូនទុកក្រចកវែងៗនោះ វាមានតែចំណុចអាក្រក់ទាំងអស់ ទាំងធ្វើឱ្យមានមេរោគជាប់ច្រើន ទាំងអាចនឹងគ្រវាសដៃមកត្រូវមុខខ្លួនឯងទៀតផង តែអ្វីដែលច្បាស់លាស់ពិតប្រាកដនោះគឺ ការកាត់ក្រចកដៃឱ្យខ្លីៗជានិច្ចនោះ នៅជួយបញ្ឈប់ទង្វើចូលចិត្តខាំក្រចកដៃលេងបានផងដែរ។

4 . ការកិច្ចការងារឱ្យគេធ្វើ

ជំនួសការដែលឱ្យគេនៅស្ងៀមៗ ទំនេរៗ គ្មានអ្វីធ្វើរហូតរកដំណោះស្រាយដោយការខាំក្រចកដៃលេងនោះ លោកឪពុកអ្នកម្តាយគួរតែសាកល្បងរកកិច្ចការងារសប្បាយៗ ការងារច្នៃបង្កើតណាមួយឱ្យគេធ្វើលមើល មិនថាតែការបបួលទៅជិះកង់ ដើរលេង ទាត់បាល់ ឬអាចជាកិច្ចការងារក្នុងផ្ទះ ដូចជា ការគូររូបផាត់ពណ៌ ឬការលេងតរូបភាពក៏បានដែរ និយាយងាយៗគឺ កុំឱ្យកូនបានទំនេរដៃ នាំគេធ្វើជារឿយៗ ធានាថា ការងារអស់ទាំងនោះ នឹងជួយបំបាត់ទង្វើនេះបានយ៉ាងពិតប្រាកដ។

5 . កោតសរសើរនៅពេលកូនលែងសូវខាំក្រចកដៃលេងហើយនោះ

នៅពេលដែលសាកល្បងប្រើវិធីឱ្យកូនឈប់ខាំក្រចកដៃលេងហើយ លទ្ធផលបង្ហាញថា កូនលែងសូវធ្វើទង្វើនោះដូចពីមុនទៀតហើយនោះ ក៏សាកល្បងពោលពាក្យសរសើរគេបន្តិចទៅ ឬអាចនឹងរករង្វាន់ ឬក៏នាំទៅញ៉ាំអ្ីឆ្ងាញ់ៗ រួចប្រាប់គេថា អ្វីដែលប៉ា និងម៉ាក់ឱ្យកូននៅថ្ងៃនេះ គឺជារង្វាន់ដែលកូនឈប់ខាំក្រចកដៃហ្នឹងឯង។

ដឹងហើយមែនទេថា បញ្ហាដែលកូនចូលចិត្តខាំក្រចកដៃនេះ មិនមែនកើតចេញពីខ្លួនក្មេងតែម្យ៉ាងនោះទេ តែគួរចាប់ផ្តើមកែ​ខៃលើខ្លួនលោកឪពុកអ្នកម្តាយខ្លួនឯងផង ហើយការចង់បញ្ឈប់ទង្វើនេះ លោកឪពុកអ្នកម្តាយគួរតែចិត្តត្រជាក់ៗ និងសង្កេតមើលទង្វើរបស់កូនជាប្រចាំ ធានាថា វាមិនពិបាកជ្រុលពេកនោះទេ៕

Advertisement