មើលថែទាំផ្នែកផ្លូវចិត្តរបស់កូនតូចវ័យកំពុងធំ

នៅពេលកូនឈានចូលខួប 1 ឆ្នាំដំបូង ជាវ័យដែលគេលែងជាក្មេងទារកទៀតហើយ ក្នុងវ័យនេះកូនតូចដឹងក្តីច្រើនជាងដែលលោកឪពុកអ្នកម្តាយគិតទៅទៀត តែអ្វីដែលលោកឪពុកអ្នកម្តាយគ្រប់រូបតាំងចិត្តរួចហើយនោះគឺ ចង់ឱ្យកូនក្លាយជាក្មេងល្អ មានសុខភាពកាយ និងចិត្តដែលល្អ ដើម្បីឱ្យមានអនាគតដែលភ្លឺថ្លា អ្នកខ្លះដល់ថ្នាក់រៀបផែនការជីវិតឱ្យកូនតាំងពីវ័យនេះក៏មានដែរ។

តែមិនថាជាមានក្តីតាំងចិត្តយ៉ាងណាក៏ដោយ រឿងដែលលោកឪពុកអ្នកម្តាយមិនគួរភ្លេចនោះគឺ ផ្លូវចិត្តរបស់កូន ទោះជាគេមើលទៅនៅក្មេងក៏ដោយ តែពេលខ្លះក៏ដឹងអ្វីៗច្រើនលើសពីមនុស្សចាស់គិតទៅទៀត ដូច្នេះយើងមកដឹងទាំងអស់គ្នាវិញប្រសើរជាងថា តើចំណុចគួរប្រយ័ត្នក្នុងការចិញ្ចឹមមើលថែកូនឱ្យគេគ្មានបញ្ហាផ្នែកផ្លូវចិត្តមានអ្វីខ្លះ?។

1 . លោកឪពុកអ្នកម្តាយ កុំឈ្លោះគ្នានៅនឹងមុខកូន : ព្រោះការដែលលោកឪពុកអ្នកម្តាយឈ្លោះគ្នានៅចំពោះមុខកូន នឹងធ្វើឱ្យកូនកើតអារម្មណ៍ទើសទាល់ វិលវល់ ឬមានភាពមិនយល់ពីឪពុកម្តាយរបស់ខ្លួន មិនដឹងថាកាន់ជើងខាងណាល្អ ដែលវាប្រាកដណាស់!…ព្រោះទាំងគូសុទ្ធតែជាមនុស្សដែលកូនស្រឡាញ់។ បើស្ថានការណ៍បែបនេះកើតឡើងញឹកញាប់ វាមានតែធ្វើឱ្យកូនកើតទុក្ខ គិតថាឪពុកម្តាយមិនស្រឡាញ់គ្នា ឬឈ្លោះគ្នាដោយសារតែកូនជាដើមហេតុ ដូច្នេះកុំគិតថាកូននៅតូចមិនដឹងថា ឪពុកម្តាយកំពុងឈ្លោះគ្នាឱ្យសោះ។ បើសិនជាមានបញ្ហាទាស់ទែងគ្នា ក៏ព្យាយាមឱ្យកើតឡើងយូរៗម្តង និងកុំឈ្លោះគ្នាឱ្យកូនឃើញតែម្តងប្រសើរជាង។

2 . គិតផែនការជីវិតឱ្យកូនខ្លះផង ៈ មិនបានមានន័យពីការកំណត់ប្រកាសថា កូននឹងត្រូវធំឡើងហើយត្រូវតែបែបនេះ បែបនោះតាមដែលឪពុកម្តាយគិតនោះទេ តែមានន័យថា គួររៀបផែនការបែបត្រួសៗថា តើចង់ឱ្យកូនរៀននៅឯណា រៀនអ្វីបន្ថែមជាពិសេសឬក៏អត់? ឬមើលទៅហាក់ដូចជាកូនចាប់អារម្មណ៍លើអ្វីជាពិសេសរហូតដល់ចង់ជំរុញបន្ថែមដែរទេ? រួមទាំងប្រាក់សន្សំ ដែលឪពុកម្តាយអាចនឹងផ្ញើប្រាក់មួយចំនួនទុកក្នុងធនាគារសម្រាប់កូនជាពិសេស ដើម្បីទុកជាទុនសម្រាប់ពេលអនាគតក៏បាន។

3 . កុំបង្ខំកូនមុនវ័យសមល្មម ៈ កូនក៏គួរតែមានសេចក្តីសុខទៅតាមវ័យ និងវិវឌ្ឍនាការរបស់កូន។ អាចនឹងមិនដូច ឬលឿនជាងក្មេងដទៃ តែបើសិនជាមិនមានអ្វីខុសប្រក្រតីទេនោះ អ្នកម្តាយក៏មិនគួរកង្វល់ ឬបង្ខំកូនខ្លាំងជ្រុលពេកដែរ រួមទាំងបើកូនធំឡើងបន្តិចទៀត កូនក៏គួរតែបានលេងសប្បាយតាមវ័យ ច្រើនជាងការគិតតែពីរៀន ឬបង្កើនចំណេះដឹង។

4 . កុំតឹងរ៉ឹងនឹងរបៀបវិន័យខ្លាំងពេក ៈ ដោយសារតែអ្នកម្តាយគិតថាកូនមិនមែនជាក្មេងតូចទេ តែការពិតកូនក៏នៅក្មេងខ្លាំងណាស់ ដូច្នេះអ្នកម្តាយកុំតឹងរ៉ឹងជាមួយរឿងរបៀបវិន័យឱ្យច្រើនខ្លាំងពេកអី ព្រោះបើសិនជាតឹងតែងខ្លាំងពេកតាំងពីពេលនេះទៅ ដល់ធំឡើងកូនអាចនឹងក្លាយជាមនុស្សខ្លាចឪពុកម្តាយ ព្រោះខ្លាចការដាក់ទោស ក្លាយជាមនុស្សខ្វះភាពជឿជាក់ក្នុងចិត្ត ឬមិនទេក៏អាចក្លាយជាមនុស្សឈ្លើយច្រងេងច្រងាងតែម្តងក៏អាចថាបានដែរ ដូច្នេះយកត្រឹមតែមានរបៀបវិន័យឱ្យកូនស្គាល់ច្បាប់ទម្លាប់គោលៗសិនទៅបានហើយ។

5 . កុំគិតថា កូនអ្នកដទៃល្អជាងកូនខ្លួនឯង ៈ អាចនឹងទៅរួចបានដែរដែលថា អ្នកម្តាយអាចនឹងឃើញកូនរបស់អ្នកដទៃក្នុងវ័យនេះទាំងឆ្លាត ទាំងប៉ឹននិយាយ ក៏អត់សរសើរមិនបានថា កូនគេពូកែមែន ដែលវាក៏មិនមែនជារឿងប្លែក និងមិនអីទេ បើសិនជាអ្នកម្តាយនឹកកោតសរសើរ និងលាក់ទុកនៅក្នុងចិត្តនោះ តែការយកមកនិយាយប្រៀបធៀបកូនខ្លួនឯង និងកូនគេឱ្យកូនខ្លួនឯងឮនោះ វាមិនមែនជារឿងល្អចំពោះផ្លូវចិត្តរបស់កូនប៉ុន្មានឡើយ និងក៏មិនបានធ្វើឱ្យកូនពូកែឡើងដែរ។ អ្នកម្តាយគួរយល់ពីវិវឌ្ឍនាការរបស់កូន និងជំរុញដោយការផ្តល់កម្លាំងចិត្តវិញប្រសើរជាង។

6 . កុំធ្វើជាគំរូមិនល្អឱ្យកូនឃើញ ៈ ការពិតទៅអ្នកម្តាយគ្រប់រូបប្រហែលជាតាំងចិត្តចង់ធ្វើជាគំរូដ៏ល្អស្រេចទៅហើយ តែនៅក្នុងពេលដែលភ្លេចខ្លួន ឬរឿងដែលអ្នកម្តាយគិតថាជារឿងបន្តិចបន្តួចប្រហែលជាមិនអ្វីទេនោះ ក៏គួរតែត្រូវប្រយ័ត្នដូចគ្នាដែរ ដូចជា ការបោះសំរាមចោលនៅលើថ្នល់ ការទៅឈរកាត់មុខគេដោយមិនតម្រង់ជួរតាមលេខរៀង ជាដើម កុំគិតថាកូនមិនដឹងនោះ ព្រោះការពិតទៅគ្រប់យ៉ាងដែលអ្នកម្តាយធ្វើឱ្យកូនឃើញ កូនចាំបានយ៉ាងច្បាស់តែម្តង ដូច្នេះបើអ្នកម្តាយធ្វើឱ្យកូនឃើញ មិនយូរប៉ុន្មានអាចនឹងបានចម្លែកចិត្តមិនខាន ដែលបានឃើញកូនធ្វើដូចដែលអ្នកម្តាយធ្លាប់ធ្វើក៏អាចថាបានដែរ៕

Advertisement