ដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មិគួរដឹង

បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែល ឡារ៉ែន ជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តបើមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់ដោយរបៀបណា? ដូច្នេះលេខនេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជម្រាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់រូបដូចខាងក្រោម ៖

. ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សម្រាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសម្រួលខ្លួនជាមុនសិន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សម្រាប់ការផ្ងូតទឹកសម្អាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសម្អាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់ក្បាលជង្គង់ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសម្អាត​ខ្លួនកូនតូចក៏បានដែរ ។

. ជូតសម្អាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសម្អាតម្តុំរន្ធផ្ជិត និងអវយវ:ភេទដែលច្រើនកើតមានភាព​សើមអាប់ ដូច្នេះគួរធ្វើការជូតសម្អាតដោយអាល់កុលរៀងរាល់លើកក្រោយពេលផ្ងូតទឹករួច រហូតទាល់តែគល់ផ្ជិតជ្រុះ និងឡើងស្ងួត ។ ហាមប្រើម្សៅ​រោយ​​​ពីលើផ្ជិតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេល​កូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសំអាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: និងឧច្ចារ:ដែល​ប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតប្តឹតឲ្យស្ងួតល្អ បន្ទាប់​​​​​​​​​​​​​​​​​​​​ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យ ។

ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស់ សាច់ទន់ខ្យល់ចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ ។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែដើម្បីឲ្យងាយស្រួលស្លៀក និងដោះចេញ ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច ។

. ហាត់សង្កេត សម្លេងយំ និងអាការរបស់កូនតូច : ការបញ្ចេញសម្លេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យយើងដឹង ។

. ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយគឺជាប្រភពនៃសា​រជាតិ​អាហារចំបងៗរបស់​​ទារកពេញរយ:ពេល 1 ឆ្នាំតំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជា​ភោជ​​​​​នាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជា​ពិសេសទារក​ដែលអាយុបាន 6 សប្តាហ៍ នឹងចាប់ផ្តើមរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូនសម្លាញ់បានមឺមដោះឲ្យបានច្រើនជាងមុនដែរ ។

. ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្នឹទ្ធ : ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធរវាងម្តាយ និងកូនឲ្យកាន់តែកើនច្រើនឡើង មិនថាតែការកំរើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធឲ្យកូនញញឹម និងមានសេចក្តីសុខ ។

ទោះនៅក្នុងរយ:តំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសំរបសំរួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំងជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសំរាកគ្រប់គ្រាន់ក៏​ដោយ តែការប្រែប្រួលរបស់កូនដែលរីកចំរើនធំធាត់ជាបណ្តើររៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅលើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់​ក្រុមគ្រួសាររបស់លោកអ្នកមិនខាន ៕

Advertisement