“ពន្យារកំណើតហើយ…ម៉េចនៅតែតាំងគភ៌ទៀត?” សំណួរដែលស្រ្តីទាំងឡាយ ចង់ដឹងចម្លើយ

ថ្ងៃនេះយើងនាំគ្នាមកនិយាយលម្អិតអំពីការពន្យារកំណើតតាមវិធីនីមួយថា តើវាមានឱកាស “ភ្លាត់ភ្លាំង” (ដែលយើងតែងបានឮជាញឹកញាប់ថា ពន្យារកំណើតហើយ ម៉េចនៅតែមានកូនទៀត?!) តិច ឬច្រើនប៉ុនណា និងហេតុអ្វីបានជាពន្យារកំណើតហើយ នៅតែមានកូនបានទៀតដោយរៀងតាមវិធីពន្យារកំណើតដែលស្រ្តីទាំងឡាយនិយមប្រើ។

1 . វិធីដាក់កង

ការដាក់កងពន្យារកំណើតមានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ 0.8 % អាចដាក់បានយូរដល់ទៅ 10 ឆ្នាំ(អ្នកខ្លះដាក់រហូតភ្លេចក៏មាន ដល់ពេលនឹកឃើញ ត្រូវឱ្យចៅៗនាំទៅមន្ទីរពេទ្យដើម្បីយកចេញក៏មាន)។ កងពន្យារកំណើតបែបមានអ័រម៉ូន មានឱកាសតាំងគភ៌តិចបំផុតគឺត្រឹមតែ 0.2% ប៉ុណ្ណោះ ដោយកងនឹងបញ្ចេញអ័រម៉ូនមកពន្យារកំណើត និងអាចដាក់បានយូរដល់ទៅ 5 ឆ្នាំ។

2 . ពន្យារកំណើតបែបប្រើអ័រម៉ូន

ការចាក់ថ្នាំពន្យារកំណើតកាលពីសម័យមុនដែលយើងធ្លាប់ឃើញមានការចាក់ជាច្រើនម្ជុលនោះ បច្ចុប្បន្នយើងមានថ្នាំចាក់តែមួយម្ជុលប៉ុណ្ណោះនឹងពន្យារកំណើតបាន 3 ឆ្នាំ។

ឯការចាក់ថ្នាំពន្យារកំណើត ចាក់ម្តងមួយម្ជុលរៀងរាល់ 3 ខែម្តងនោះ មានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ 6% ឯការលេបថ្នាំពន្យារកំណើតប្រភេទអ័រម៉ូនរួម ឬប្រភេទប្រូចេស្ទីនវិញ មានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌បានដល់ទៅ 9%ឯណោះ ព្រោះអ្នកខ្លះក៏ភ្លេចលេបខ្លះទៅ អ្នកខ្លះទៀតថ្ងៃខ្លះមិនបានលេបក៏មាន ដូច្នេះហើយទើបធ្វើឱ្យយើងចេះតែឆ្ងល់ថា ញ៉ាំថ្នាំពន្យារកំណើតហើយ ម៉េចនៅតែតាំងគភ៌បានទៀតហ្នឹងឯង។

3 . ការពន្យារកំណើតបែបប្រើឧបករណ៍បន្ថែមដើម្បីរារាំង

ស្រោមអនាម័យរបស់មនុស្សប្រុស មានឱកាសភ្លាត់ស្នៀតធ្វើឱ្យមនុស្សស្រីតាំងគភ៌បានដល់ទៅ 18% ឯណោះ(ឈប់ៗ កុំអាលបោះស្រោមអនាម័យចោលអី ព្រោះបើប្រើប្រាស់បែបត្រឹមត្រូវ ឱកាសភ្លាត់ភ្លាំងធ្វើឱ្យមនុស្សស្រីតាំងគភ៌មានត្រឹមតែ 2 – 3 ភាគរយប៉ុណ្ណោះ)។ ដែលអាចភ្លាត់ភ្លាំងធ្វើឱ្យមានឱកាសក្នុងការតាំងគភ៌ច្រើនបែបនេះ ក៏ដោយសារតែពាក់ខុសផង ត្រូវផង អ្នកខ្លះក៏យកស្រោមដែលទើបប្រើហើយថ្មីមកប្រើម្តងទៀត និងប្រើប្រេងរំអឹលដែលជាហេតុធ្វើឱ្យស្រោមបាត់បង់ភាពរឹងមាំ ទៅជារហែក ឬលិចជាដើមក៏មាន។

ស្រោមអនាម័យសម្រាប់ស្រ្តី ពីមុនក៏ធ្លាប់មានដែរ តែដោយសារការការពារមិនឱ្យមានគភ៌មិនសូវមានប្រសិទ្ធភាព ព្រោះមានឱកាសភ្លាត់ភ្លាំងក្នុងការតាំងគភ៌ដល់ទៅ 28 % ឯណោះ ទើបបច្ចុប្បន្នលែងមានអ្នកប្រើតែម្តង។

4 . វិធីពន្យារកំណើតបែបធម្មជាតិ

ការរាប់ថ្ងៃ (7 ថ្ងៃមុន និងក្រោយពេលមានវដ្ដរដូវ មិនធ្វើឱ្យតាំងគភ៌ឡើយ) អាចមានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ខ្ពស់ដល់ទៅ 24% ឯណោះ ឯការបញ្ចេញទឹកកាមនៅខាងក្រៅ អាស្រ័យលើជំនាញរបស់ខាងប្រុសក្នុងការដកប្រដាប់បន្តពូជចេញមកក្រៅមុនពេលបាញ់ទឹកអសុចិ(ទឹកកាមមេជីវិត)នោះ អាចមានឱកាសភ្លាត់ភ្លាំងធ្វើឱ្យតាំងគភ៌ខ្ពស់ដល់ទៅ 22% ឯណោះ។

ឥឡូវឃើញហើយឬនៅថា វិធីពន្យារកំណើតតាមបែបធម្មជាតិ មានឱកាសភ្លាត់ស្នៀតធ្វើឱ្យស្រ្តីតាំងគភ៌ខ្ពស់ណាស់ ដូច្នេះបើនៅមិនទាន់ត្រៀមខ្លួនក្នុងការមានបុត្រទេនោះ ចូរជ្រើសរើសប្រើវិធីណាដែលមានឱកាសភ្លាត់ភ្លាំងតិចបំផុតទើបជាការប្រសើរ៕

Advertisement