កូនមិនស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវប្រញាប់បណ្ដុះនិស្ស័យ 4 យ៉ាងនេះឱ្យបានមុនអាយុ 8 ឆ្នាំ!

កូនមិនសូវស្ដាប់បង្គាប់ឪពុកម្ដាយ ទង្វើនេះនឹងចាប់ផ្ដើមធ្ងន់ធ្ងរឡើងមែនទែននៅពេលកូនឈានចូលដល់វ័យ 8 – 12 ឆ្នាំ ដែលជាអំឡុងវ័យនៃការមានឥស្សរភាពក្នុងការសម្រេចចិត្ត ព្រោះកុមារក្នុងវ័យនេះនឹងចាប់ផ្ដើមចេះគិត និងមានបុគ្គលភាពជារបស់ខ្លួនឯងច្បាស់លាស់ មើលអ្វីជុំវិញខ្លួន និងសម្រេចចិត្តតាមបែបរបស់ខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ការយល់ឃើញពីមនុស្សចាស់ឡើយ។

ថ្ងៃនេះទំព័រគ្រួសាររបស់ទស្សនាវដ្តីឡារ៉ែនសូមអនុញ្ញាតពាំនាំពាក្យណែនាំពីអ្នកជំនាញខាងចិត្តសាស្រ្តគ្រួសារ និងកុមារដែលបានរៀបរាប់យ៉ាងលម្អិត ព្រមទាំងដំបូន្មានសម្រាប់ឪពុកម្ដាយ ក្នុងការចិញ្ចឹមថែទាំកូនជាមួយនឹងជំនាញ 4 យ៉ាងសំខាន់ៗដែលគួរតែបង្ហាត់បង្រៀនកូនឱ្យបានមុននឹងកូនឈានទៅដល់អាយុ 8 ឆ្នាំមកជូនជ្រាបជាចំណេះដឹងដូចតទៅ។

1 . សាងទម្លាប់ឱ្យស្រឡាញ់ការអាន

នៅពេលដែលកូនមានទម្លាប់ និងឧបនិស្ស័យនេះហើយ នឹងជួយបន្ធូរកម្លាំងឪពុកម្ដាយបានច្រើនណាស់ ដែលសំខាន់នោះគឺ ក្នុងពេលដែលកូនចាប់ផ្ដើមចេះគិត ចេះសម្រេចចិត្ត និងសម្លឹងអ្វីៗជុំវិញខ្លួនដោយទស្សនៈរបស់គេហើយ។ គឺជាវិធីមួយទៀតដែលកូននឹងបានទទួលឥទ្ធិពលខាងការគិតល្អៗ និងពេលដែលកូនស្ដាប់យើងកាន់តែតិច និងចង់ស្ដាប់អ្នកដទៃច្រើនឡើងនោះ សៀវភៅល្អៗជួយផ្លាស់ប្ដូរជីវិត រឹតតែក្នុងយុគសម័យដែលមានព័ត៌មានល្អៗ ងាយស្រួលចូលដល់ផងនោះ យើងចង់អភិវឌ្ឍជីវិតលើផ្នែកណាមួយ ក៏អានសៀវភៅរបស់អ្នកដែលជោគជ័យក្នុងរឿងនោះ។ ចង់ជោគជ័យក្នុងជីវិត ក៏មានសាស្រ្តានៃភាពជោគជ័យឱ្យអាន ចង់ជោគជ័យផ្នែកហិរញ្ញវត្ថុ ការងារ សម្ព័ន្ធភាព សុខភាព ចិត្តវិញ្ញាណ គ្រប់យ៉ាងសុទ្ធមានឯកសារល្អៗទាំងអស់។ បើកូនស្រឡាញ់ការអានហើយបានអនុវត្តទៀតផងនោះ ជីវិតនឹងពេញទៅដោយសេចក្ដីសុខ បានជោគជ័យដូចបំណង មានពេលវេលា មានកម្លាំង និងបានចែករំលែករឿងល្អៗដល់សង្គមទៀតផងក៏អាចថាបានដែរ។

2 . បង្ហាត់ជំនាញពីការធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯង

រឿងសំខាន់មួយដែលត្រូវតែមានគឺ “ជំនាញនៃការគ្រប់គ្រងខ្លួនឯង” គឺជាឧបនិស្ស័យមួយសំខាន់ខ្លាំងណាស់ដែលមនុស្សជោគជ័យត្រូវតែមាន!។ ចាប់ផ្ដើមពីចំណុចទី 6 នៅក្នុងសៀវភៅពេទ្យ និងការហ្វឹកហាត់កុមារៗតាមរយៈស្ថានការណ៍ក្នុងជីវិតប្រចាំថ្ងៃ។ កុមារដែលមានជំនាញនៃការធ្វើជាម្ចាស់លើអារម្មណ៍ នឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មិនថាផ្នែកក៏ដោយ។ គ្រប់គ្រងខ្លួនឯងតទល់នឹងកម្លាំងជំរុញឱ្យចង់លេងហ្គេម ចង់ទិញនេះទិញនោះ ខឹងក្រេវក្រោធពេលត្រូវអ្នកដទៃថាឱ្យ ឬអ្នកដទៃធ្វើបាបជាដើម ក្មេងដែលមានជំនាញលើការគ្រប់គ្រងអារម្មណ៍ខ្លួនឯង នឹងចេះអត់ទ្រាំ ចេះរង់ចាំ និងចេះចាត់ការដោយសន្តិវិធី។ ជំនាញនេះអាចមិនបានមកភ្លាមៗក្នុងវ័យនេះទេ តែបើមានគ្រឹះមូលដ្ឋានដែលល្អហើយ នឹងទទួលបានជោគជ័យ 50 % មុនបាត់ទៅហើយ!។

3 . ជំនាញនៃការធ្វើជាម្ចាស់លើតិចណូឡូជី

មុននឹងយើងចង់ប្រគល់ឱ្យ ឬអាណាព្យាបាលខ្លះនឹងប្រគល់ទូរស័ព្ទស្មាតហ្វូនទៅឱ្យកូន យើងត្រូវប្រគល់ជំនាញនេះ(ជំនាញនៃការធ្វើជាម្ចាស់លើតិចណូឡូជី)ឱ្យទៅកូនជាមុនសិន ព្រោះតិចណូឡូជីត្រូវបានច្នៃម៉ូដឡើងឱ្យមនុស្សចាប់អារម្មណ៍ ឱ្យមនុស្សចូលចិត្តលេង ចង់ប្រើម្ដងហើយម្ដងទៀតហ្នឹងឯង។ សាកល្បងមើលមនុស្សធំក្នុងយុគសម័យនេះចុះ យើងខ្លួនឯងនៅពិបាកគ្រប់គ្រងខ្លួនឯងផង ចុះទម្រាំក្មេងដែលនៅមិនទាន់បានទទួលការហ្វឹកហាត់ការគ្រប់គ្រងខ្លួនឯងផងនោះ នឹងទៅជាយ៉ាងណា? ដូច្នេះបើបង្ហាត់កូនឱ្យចេះប្រើ ចេះស្វែងរកចំណេះ និងចេះធ្វើជាម្ចាស់លើតិចណូឡូជីនឹងមានប្រយោជន៍ច្រើនណាស់ចំពោះជីវិត។

4 . ជំនាញនៃការធ្វើជាចៅហ្វាយនាយរបស់លុយ

កុមារគួរតែបានទទួលការបង្ហាត់បង្រៀនពីការមើលឃើញពីគុណតម្លៃរបស់អ្វីដែលយើងមាន។ កុមារគួរតែបានស្គាល់ពាក្យថា “ចាំបាច់” និង “តម្រូវការ”។ កុមារគួរតែបានរៀនយល់ដឹងពីការគ្រប់គ្រងចាត់ចែងលុយកាក់ ដោយមានម្ដាយនៅចាំមើលថែទាំ និងឱ្យអំណាចបន្តិចម្ដងៗក្នុងការប្រើប្រាស់លុយកាក់របស់គេម្ដងបន្តិចៗ។ ជំនាញក្នុងរឿងនេះ លទ្ធផលដែលនឹងតាមមកគឺ កុមារនឹងបានដឹងពីគុណតម្លៃរបស់ប្រាក់ ដឹងថា លុយកាក់មាសប្រាក់មិនមែនធ្លាក់ចុះមកពីលើមេឃទេ ចេះគ្រប់គ្រងការគិត មានគំនិតច្នៃប្រឌិតលើការចាយវាយលុយដើម្បីឱ្យកើតមានក្តីមោទនភាពលើខ្លួនឯងនាពេលអនាគត៕

Advertisement