រឿងល្អៗរបស់ស្រ្តីៗយើងនៅពេលតាំងគភ៌

ស្រ្តីយើង នៅពេលឈានចូលទៅរកភាពជាម្តាយហើយ នឹងមានប្រតិកម្មចេញពីសញ្ជាតិញាណដែលប្រែប្រួលមិនដូចពីមុន។ ខុសពីពេលមុនដែលមិនទាន់តាំងគភ៌ យើងអាចនឹងហូបចុក ដើរលេង និងរស់នៅយ៉ាងសប្បាយអស់ដៃ តែនៅពេលអ្នកមានតួនាទីថ្មីនៃភាពជាម្តាយគេហើយនោះ គ្រប់យ៉ាងក្នុងជីវិតក៏នឹងប្រែផ្លាស់តួនាទីថ្មីស្ទើរតែទាំងអស់ នោះក៏ព្រោះតែរឿងរ៉ាវដែលកំពុងនឹងកើតឡើងចាប់ពីពេលដែលដឹងខ្លួនថាមានគភ៌ហើយនោះ មនុស្សជាម្តាយត្រូវធ្វើតែរឿងល្អៗដើម្បីកូននៅក្នុងផ្ទៃហ្នឹងឯង។ ឥឡូវយើងនាំគ្នាមកមើលថា តើមានរឿងល្អៗអ្វីខ្លះដែលកើតឡើងនៅក្នុងជីវិតជាម្តាយ និងធ្វើឱ្យអ្នកញញឹមឡើងយ៉ាងមានសេចក្តីសុខបំផុតនោះ?

បែរមកមើលថែទាំខ្លួនឯង

ស្រ្តីយើងកាលពីមុនមិនទាន់រៀបការ ឬនៅមិនទាន់មានគភ៌ ប្រាកដណាស់ថា ពួកយើងច្រើនតែខ្វះការយកចិត្តទុកដាក់មើលថែទាំសុខភាព អ្នកខ្លះក៏ចូលចិត្តញ៉ាំ និងដើរលេងយ៉ាងអស់ដៃ។ ពីធ្លាប់ជក់បារី ញ៉ាំស្រា តែមកដល់ពេលនេះត្រូវបត់ 180 អង្សា ឈប់គ្រប់យ៉ាងទាំងអស់ដើម្បីកូនតូចក្នុងផ្ទៃ ហើយបែរមកតាំងចិត្តញ៉ាំអាហារដើម្បីសុខភាព។ ពីមុនមិនដែលញ៉ាំទឹកដោះគោសោះ ក៏បែរមកញ៉ាំទឹកដោះគោបំប៉ន ខំប្រឹង និងព្យាយាមញ៉ាំអាហារ និងគេងសម្រាកឱ្យបានគ្រប់គ្រាន់។ រកពេលវេលាហាត់ប្រាណឱ្យរាងកាយរឹងមាំ មិនថាតែធ្វើយ៉ូហ្កាស្រាលៗ ដើរលេងឱ្យយឺតសរសៃសរសូង រួមទាំងយកចិត្តទុកដាក់រឿងការថែរក្សាភាពស្អាត និងអនាម័យ​ដំណាលៗគ្នាទៀតផង។ អ្វីដែលស្រ្តីមានគភ៌មិនដែលធ្លាប់ធ្វើ ឡារ៉ែនជឿថា ដល់ពេលមានគភ៌ ស្រ្តីយើងនឹងកង្វល់បារម្ភពីគភ៌របស់ខ្លួនខ្លាំងបំផុត នេះហើយគឺជារឿងល្អៗដែលស្រ្តីមានគភ៌ស្វែងរកឃើញ និងសាងឡើងដើម្បីឱ្យកូនតូចរបស់ខ្លួនបានទទួលនូវអ្វីល្អៗដំណាលៗគ្នាហ្នឹងឯង។

មានភាពស៊ូទ្រាំ និងរឹងប៉ឹងកាន់តែខ្លាំងឡើង

pregnant woman have a pain standing

ពីមុន មានអ្វីបន្តិចបន្តួចក៏ងាយ និងឆាប់ឈឺថ្កាត់ ទន់ជ្រាយដូចស្ទើរស្លាប់ស្ទើររស់អ៊ីចឹង តែចាប់ពីពេលដឹងថាមានគភ៌ហើយនោះ អ្នកនឹងត្រូវនឹងធឹង និងធ្វើចិត្តឱ្យស្ងប់ឱ្យបានច្រើន ហើយតាំងចិត្តចិញ្ចឹមថែបំប៉នទារកក្នុងគភ៌តូចមួយរបស់អ្នកឱ្យធំធាត់រឹងមាំឡើង និងប្រសូតចេញមកយ៉ាងមានសុវត្ថិភាព។ ដោយក្នុងអំឡុងពេលពពោះ 9 ខែនេះ ស្រ្តីមានគភ៌នឹងត្រូវមើលថែទាំថ្នាក់ថ្នមគភ៌ឱ្យបានល្អបំផុត ទទួលទានអាហារដែលមានប្រយោជន៍ដើម្បីកូន អត់ទ្រាំមិនញ៉ាំអាហារដែលមិនហុចផលល្អដល់គភ៌។ ទង្វើណាដែលមិនមែនជាផលល្អចំពោះទារកក៏ចៀសមិនធ្វើទាំងអស់។ សុខចិត្តស៊ូទ្រាំដើម្បីកូនរហូតដល់ទៅ 9 ខែ ឈឺថ្កាត់ផ្សេងៗក៏មិនញ៉ាំថ្នាំ ទោះបីជាចាញ់កូនខ្លាំងក្លាប៉ុនណា ក៏សុខចិត្តទ្រាំអត់ធន់ និងទាំងអស់នេះហើយជាការបង្វឹកស្រ្តីមានគភ៌ឱ្យចេះអត់ធន់ស៊ូទ្រាំយ៉ាងដល់ទីបំផុត សូម្បីតែក្នុងអំឡុងថ្ងៃប្រសូតមកដល់ក៏ដោយ។ ទោះជាឈឺចាប់ប៉ុនណា តែអ្នកម្តាយដូចជារូបអ្នកក៏ខាំមាត់ទ្រាំ ដោយបេះដូងមោះមុតរឹងប៉ឹងបានយ៉ាងពិតប្រាកដ។ នោះគឺដើម្បីបានឃើញមុខកូនជាទីស្រឡាញ់របស់អ្នកនៅក្នុងវង្វង់ដៃឱបដ៏សែនសុវត្ថិភាព។

តឱ្យឈឺចាប់ប៉ុនណា ក៏អ្នកម្តាយគ្រប់រូបរីករាយទទួលយកការឈឺចាប់នោះដែរ។

មានទឹកចិត្តទន់ភ្លន់ និងរៀនយល់ដឹងពីរឿងថ្មីៗជានិច្ច

នៅពេលដឹងថាមានគភ៌ហើយ ស្រ្តីមានគភ៌នឹងមិននៅស្ងៀមឡើយ ព្យាយាមរកពេលវេលាទំនេរៗមកអង្គុយចាក់អំបោះព្រំធ្វើជាមួក អាវ ស្រោមដៃ ស្រោមជើងទុកសម្រាប់កូនតូចជាទីស្រឡាញ់។ អានសៀវភៅ ស្តាប់បទភ្លេង រកកិច្ចការងារថ្មីៗ ស្រាលៗធ្វើដើម្បីបន្ធូរអារម្មណ៍ បន្ធូរភាពធុញថប់តានតឹង សម្លឹងពិភពលោកក្នុងន័យល្អ និងដែលសំខាន់នោះគឺ មួយរយទាំងមួយរយ នារីៗយើងនៅពេលមានគភ៌ហើយ ផ្លូវចិត្តនឹងទន់ភ្លន់ស្ងប់ស្ងាត់ជាងមុនទាំងអស់។

ទាំងអស់នេះហើយជារឿងរ៉ាវល្អៗដែលចូលមកប្រលោមដួងចិត្តមនុស្សដែលជាអនាគតអ្នកម្តាយ ធ្វើឱ្យមានសុខភាពផ្លូវចិត្តស្រស់ថ្លា មិនតានតឹងធុញថប់ ហុចផលឱ្យទារកក្នុងគភ៌បានទទួលនូវភាពកក់ក្តៅ ទន់ភ្លន់អំពីអ្នកម្តាយដំណាលៗគ្នាដែរ។ អាចរាប់ថា រឿងទាំងអស់នេះគឺជារង្វាន់ដ៏ល្អបំផុតពេញមួយរយៈពេលនៃការតាំងគភ៌របស់នារីៗយើង៕

Advertisement