ផ្លែឈើសំខាន់សម្រាប់ស្រ្តីមានគភ៌

ស្រ្តីដែលស្ថិតក្នុងអំឡុងពេលតាំងគភ៌ ការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍គឺជារឿងចាំបាច់ខ្លាំងណាស់ ជាពិសេសអាហារដែលត្រូវនឹងលក្ខណៈសុខភាព និងមានសារធាតុអាហារគ្រប់ទាំង 5 ប្រភេទក្រុម សុទ្ធតែជួយក្នុងកម្មវិធីការសាងភាពចម្រើនធំធាត់របស់ទារកបានល្អទាំងអស់ រួមទាំងការទទួលទានបន្លែផ្លែឈើក៏មានភាពចាំបាច់មិនតិចជាងគ្នាប៉ុន្មានដែរ ហើយនៅថ្ងៃនេះ យើងនឹងនាំស្រ្តីមានគភ៌ទាំងឡាយឱ្យបានយល់ដឹងពីគន្លឹះគួរដឹងរបស់ការញ៉ាំផ្លែឈើមានជម្រាបជូន។

ញ៉ាំផ្លែឈើបំបាត់អាការទល់លាមក

អាការទល់លាមកនៅលើស្រ្តីមានគភ៌ នៅពេលកើតឡើងហើយ អាចរាប់ថាជារឿងមួយដែលសាងនូវភាពតានតឹងធុញថប់ដល់ស្រ្តីមានគភ៌ខ្លាំងណាស់ ព្រោះធ្វើឱ្យមិនសប្បាយខ្លួន និងអាចធ្ងន់ធ្ងរដល់ថ្នាក់កើតឫសដូងបាតក៏មាន ដូច្នេះជម្រើសដែលល្អសម្រាប់ស្រ្តីមានគភ៌ដើម្បីការពារ និងទប់ទល់បញ្ហាទល់លាមកនេះមិនពិបាកខ្លាំងក្លានោះទេ គ្រាន់តែស្រ្តីយើងជ្រើសរើសទទួលទានផ្លែឈើដែលមានចំណែកជួយក្នុងការបន្ទោបង់ដើម្បីកែបញ្ហាទល់លាមកយ៉ាងងាយៗ ដូចជា ផ្លែល្ហុងទុំ អម្ពិលទុំ ក្រូច ផ្លែប៉ោម ចេកណាំវ៉ា និងផ្លែទំពាំងបាយជូរ ជាដើម តែបើស្រ្តីមានគភ៌ណាមិនមានបញ្ហាទល់លាមកស្រាប់ហើយនោះ ក៏មិនគួរទទួលទានផ្លែអម្ពិលទុំ ទំពាំងបាយជូរ និងល្ហុងទុំច្រើនពេកទេ ព្រោះផ្លែឈើទាំងនោះនឹងទៅជំរុញប្រព័ន្ធបន្ទោបង់ឱ្យកាន់តែធ្វើការស្រួលឡើងដែលមិនល្អសម្រាប់ស្រ្តីមានគភ៌ប៉ុន្មានឡើយ។ ជម្រើសមួយទៀតសម្រាប់ស្រ្តីមានគភ៌ដែលមិនចូលចិត្តទទួលទានផ្លែឈើស្រស់ គឺអាចទទួលទានយ៉ាអួ ឬញ៉ាំទឹកផ្លែឈើស្រស់ធ្វើជាថ្នាំសម្រួលការបន្ទោបង់ក៏បានដូចគ្នា។

ញ៉ាំផ្លែឈើបានប្រយោជន៍យ៉ាងណា?

– វីតាមីន C ដែលមាននៅក្នុងផ្លែឈើច្រើនប្រភេទនោះ មានចំណែកជួយក្នុងការសាងឆ្អឹង និងធ្មេញរបស់កូន ជួយជំរុញប្រព័ន្ធការដុតបំផ្លាញអាហារ ជួសជុលសាច់ភ្នាសផ្សេងៗ ធ្វើឱ្យសម្បុរស្បែករបស់ស្រ្តីមានគភ៌តឹងភ្លឺរលោង ស្រស់ថ្លា។

– អាស៊ីតហ្វូលិក ជាវីតាមីន B ដែលអាចរលាយក្នុងទឹកបាន និងឃើញមានច្រើននៅក្នុងផ្លែឈើដែលមានរសជាតិជូរ ដូចជា ក្រូច ជាដើម ដោយអាស៊ីតហ្វូលិកនេះជាសារធាតុដែលចាំបាច់ដល់ការចម្រើនធំធាត់របស់ទារក និងជួយការពារភាពខុសប្រក្រតីរបស់ឈាម។

– វីតាមីន A មានចំណែកជួយក្នុងការមើលឃើញ បំប៉នខ្សែភ្នែកបានយ៉ាងល្អ និងថែមទាំងមានសារធាតុបេតាឃែរ៉ូធីនដែលចាំបាច់ដល់ការចម្រើនធំធាត់របស់កោសិការាងកាយ ជួយឱ្យកោសិកាស្បែក ឆ្អឹង និងកែវភ្នែកមានភាពល្អឥតខ្ចោះ រឹងមាំ ដែលគេសង្កេតឃើញមានច្រើននៅក្នុងបន្លែផ្លែឈើពណ៌លឿង ដូចជា ផ្លែឃែនតាលូប(ត្រសក់ស្រូវបារាំង) ស្វាយ ល្ហុងទុំ ល្ពៅ ជាដើម។

– កាល់ស្យូម ជួយក្នុងការសាងឆ្អឹង និងធ្មេញឱ្យរឹងមាំ កាត់បន្ថយអាការឈឺជើង ឈឺសន្លាក់ឆ្អឹងរបស់ស្រ្តីពេលតាំងគភ៌បាន។ កាលស្យូមនេះអាចទទួលបានពីផ្លែត្របែកទុំ និងក្រៅពីនេះស្រ្តីមានគភ៌នៅអាចទទួលបានសារធាតុដែក និងផូស្វ័រអំពីផ្លែឈើពណ៌លឿងទុំ ដូចជាផ្លែល្ហុងទុំជាដើមទៀតផង។

ផ្លែឈើដែលស្រ្តីមានគភ៌មិនគួរទទួលទាន

ផ្លែឈើដែលស្រ្តីមានគភ៌មិនគួរទទួលទានគឺ ផ្លែឈើកែច្នៃ(តំណាប់) និងផ្លែឈើជ្រក់ផ្សេងៗ ព្រោះអាហារផ្អាប់ជ្រក់ ឬផ្លែឈើកែច្នៃនេះច្រើនតែឆ្លងកាត់កម្មវិធីការផលិតច្រើនដំណាក់កាល និងទម្រាំនឹងមកដល់ដៃអ្នកបរិភោគគុណតម្លៃសារធាតុអាហារក្នុងផ្លែឈើទាំងអស់នោះរលាយបាត់អស់ទៅហើយ។ ក្រៅពីនេះ ស្រ្តីមានគភ៌គួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែមខ្លាំង ដូចជា ផ្លែទុរេន មៀន សាវម៉ាវ ទៀប ជាដើម ដោយសារតែវាមានជាតិស្ករច្រើនដែលអាចប្រថុយនឹងការកើតសភាវទឹកនោមផ្អែម និងធ្វើឱ្យទម្ងន់ខ្លួនស្រ្តីមានគភ៌ឡើងលើសកម្រិតទៀតផង។

សារៈខ្លឹមសារដែលគួរដឹងពាក់ព័ន្ធនឹងការទទួលទានផ្លែឈើសម្រាប់ស្រ្តីមានគភ៌លែងជារឿងពិបាកតទៅទៀតហើយ ដូច្នេះបន្ទាប់ពីនេះទៅ ស្រ្តីមានគភ៌អាចយកចំណេះដឹងទាំងនេះទៅប្រើបាន ធានាថា សុខភាពរាងកាយនឹងរឹងប៉ឹងល្អទាំងម្តាយ ទាំងកូនយ៉ាងពិតប្រាកដ៕

Advertisement