រឿងដែលស្រ្តីគួរដឹង…តើរាងកាយស្រ្តីមានគភ៌ផ្លាស់ប្ដូរយ៉ាងណាខ្លះក្នុងរយៈពេល 9 ខែ

ដំបូងបង្អស់ សូមសម្ដែងក្តីសោមនស្សរីករាយចំពោះអនាគតអ្នកម្ដាយដែលកំពុងតាំងគភ៌ក្នុងខណៈនេះ។ ស្រ្តីជាច្រើននាក់ នៅពេលដឹងថា ខ្លួនឯងចាប់ផ្ដើមតាំងគភ៌ហើយ តែងអត់មិននឹកសង្ស័យមិនបានឡើយថា តើរាងកាយរបស់ខ្លួននឹងចាប់ផ្ដើមប្រែប្រួលនៅពេលណា? ក្បាលពោះនឹងប៉ោងធំនៅពេលណា? សាច់ស្បែក សម្បុរសម្បកនឹងប្រែប្រួលដូចដែលអ្នកឯទៀតគេធ្លាប់ប្រាប់ឬអត់?

ដូច្នេះ យើងនាំគ្នាមកថា តើអ្វីខ្លះដែលនឹងប្រែប្រួលយ៉ាងមើលឃើញច្បាស់ក្នុងអំឡុងតាំងគភ៌បន្តពីពេលនេះទៅ…។

ទម្ងន់ខ្លួន : ស្រ្តីមានគភ៌នឹងមានទម្ងន់ខ្លួនកើនឡើងប្រមាណជា 10 ដល់ 12 គីឡូក្រាមរហូតមួយរយៈពេលមានគភ៌ គឺនឹងកើនឡើងជាបណ្ដើរៗ ដូចតទៅនេះ ៈ

– ត្រីមាសដំបូង ឬ 3ខែដំបូង ភាគច្រើនមិនសូវប្រែប្រួលច្រើនឡើយ។ អ្នកខ្លះអាចនឹងថយចុះទៅវិញទៀតផង ព្រោះស្ថិតក្នុងអំឡុងពេលចាញ់កូន ឬបើកើនឡើង ក៏មិនលើស 2 គីឡូក្រាមដែរ និងរឹតតែមានគភ៌កូនដំបូងផងនោះរឹតតែមើលមិនដឹងថា កំពុងមានគភ៌ទៀតផង។

– ត្រីមាសទី 2 តាំងពី 4 ខែឡើងទៅ ទម្ងន់ខ្លួននឹងកើនឡើងក្នុងមួយអាទិត្យប្រមាណជា 1/2 គីឡូក្រាម ឬក្នុងមួយខែ 2 គីឡូក្រាម។ ពេលនេះលែងជាអាថ៌កំបាំងទៀតហើយ ដោយសារតែចាប់ពីខែទី 5 នេះទៅ ទម្ងន់ខ្លួននឹងកើនឡើងក្នុងមួយខែ 1 – 2 គីឡូក្រាមហ្នឹងឯង។

– លុះដល់ខែទី 6 ឡើងទៅ និងកំពុងឈានចូលដល់ត្រីមាសទី 3។ ពេលនេះទម្ងន់ខ្លួនអាចនឹងកើនឡើងក្នុងមួយខែ 2 – 3 គីឡូក្រាម (ចង់លាក់រឿងមានផ្ទៃពោះទៀតយ៉ាងមេចនឹងបាន បើក្បាលពោះប៉ោងឡើងគ្រប់តែពេលយ៉ាងនេះ)។

ទំហំរបស់ស្បូន និងក្បាលពោះ : រឹតតែអនាគតអ្នកម្ដាយមានអាយុគភ៌ច្រើនឡើងប៉ុនណា ក្បាលពោះក៏នឹងរឹតតែរីកធំឡើងដែរ ដោយខណៈពេលតាំងគភ៌ក្រោយ 3 ខែ អនាគតអ្នកម្ដាយអាចនឹងស្ទាបប៉ះដុំសាច់អ្វីម្យ៉ាងរឹងទល់ឡើងនៅម្ដុំថ្ងាស(ក្បាលពោះផ្នែកក្រោមផ្ចិត) នោះគឺ ស្បូនដែលរីកធំឡើងសន្សឹមៗពីប្រឡោះឆ្អឹងត្រគាក រហូតដល់ចំណុចផ្ចិត។ លុះដល់ខែទី 7 – 9 ចុងកំពូលស្បូនក៏នឹងឡើងមកដល់ចំណុចចុងដង្ហើម។ អំឡុងពេលនេះឯងដែលស្រ្តីមានគភ៌នឹងមានអារម្មណ៍ថា ទើសទែង និងថប់ៗនោះ។

– មុនពេលតាំងគភ៌ ស្បូនមានទំហំប៉ុន-ផ្លែជម្ពូ

– ពេលអាយុគភ៌ 12 សប្ដាហ៍ ស្បូននឹងមានទំហំប៉ុន-ផ្លែក្រូចថ្លុង

– ពេលអាយុគភ៌ 22 សប្ដាហ៍ ស្បូននឹងមានទំហំប៉ុន-បាល់ទាត់

– ពេលអាយុគភ៌ 36 សប្ដាហ៍ ពោះនឹងរុញខ្ពស់ឡើងទៅជិតដល់ឆ្អឹងដើមទ្រូង។

ខណៈពេលតាំងគភ៌ ស្បូនរបស់ស្រ្តីមានគភ៌រីកធំឡើងខ្លាំង ដើម្បីឱ្យមានទីកន្លែងសម្រាប់ទារកដែលកំពុងចម្រើនធំធាត់។ នៅខាងក្នុងស្បូនប្រកបដោយសាច់ដុំមួយប្រភេទហៅថា សាច់ដុំរាប។ អ័រម៉ូនផូជេស្ទើរ៉ូន នឹងធ្វើឱ្យសាច់ដុំរាបបន្ធូរខ្លួន និងធ្វើឱ្យយឺតយារបានកាន់តែខ្លាំងឡើង ដូច្នេះហើយទើបវាអាចពង្រីកខ្លួនបានដោយងាយ។

ស្បែកក្បាលពោះឡើងសង្វារ : ជារឿងសំខាន់ និងជារឿងដែលស្រ្តីមានផ្ទៃពោះកង្វល់ចិត្តខ្លាំងជាងគេ។ បើសិនឃើញថា ស្បែកនៅម្ដុំក្បាលពោះយឺតរីកស្រដៀងចង់ប្រេះបែកនោះ គេហៅថា សង្វារពោះ។ វានឹងមានលក្ខណៈស្រដៀងជាខ្សែឆ្នូតៗពណ៌ផ្កាឈូកៗ ឬអាចនឹងមានពណ៌ស្រគាំៗខ្លះៗនៅលើក្បាលពោះ ត្រគាក គល់ភ្លៅ សុដន់ ឬជើងផ្នែកខាងលើ។ ចំណែកការណែនាំគឺ ចូរលាបឡេថែបំប៉នស្បែកដែលគ្មានចំណែកលាយផ្សំរបស់សារធាតុវ៉ៃថេននីង។ លាបតាំងពីចាប់ផ្ដើមដឹងថា ខ្លួនតាំងគភ៌តែម្ដង ឬក៏ប្រើឡេសម្រាប់តែស្រ្តីមានផ្ទៃពោះជាពិសេស ឬប្រើផលិតផលពីធម្មជាតិ ដូចជាប្រេងដូងក៏ល្អម្យ៉ាងដែរ ស្បែកនឹងបានស្រស់ថ្លា និងមានសុវត្ថិភាពពីសារធាតុគីមីទៀតផង។

សុដន់រីកធំ : ស្រ្តីមានគភ៌នឹងចាប់ផ្ដើមសង្កេតឃើញថា ទំហំសុដន់របស់ខ្លួននឹងចាប់ផ្ដើមរីកធំបន្ទាប់ពីមានផ្ទៃពោះបាន 2 ខែមក។ សរសៃឈាមនៅនឹងសុដនអាចនឹងរីកធំឡើងរហូតដល់មើលឃើញច្បាស់។ ក្បាលសុដន់នឹងរីកធំ និងមានពណ៌ស្រគាំ។

អនាគតអ្នកម្ដាយខ្លះអាចនឹងមានដុំអ្វីម្យ៉ាងទល់ៗនៅក្រោមក្លៀក តែមិនបាច់ភ្ញាក់ផ្អើលទេ ភាគច្រើននោះគឺជាការរីកធំធាត់របស់សុដន់ដើម្បីត្រៀមអ័រម៉ូនក្នុងការផលិតទឹកដោះហ្នឹងឯង។

ដូច្នេះហើយទើបទំហំរបស់សុដន់អ្នករីកធំឡើងខ្លាំង ហើយនឹងចាប់ផ្ដើមផលិតសារធាតុដែលហៅថា ទឹកដោះលឿង តែនៅមិនទាន់ផលិតទឹកដោះអ្វីទាំងអស់រហូតទាល់តែឆ្លងទន្លេហើយ 2 – 3 ថ្ងៃ។

រន្ធស្បូនប្រែប្រួល : ស្រ្តីមានគភ៌នឹងមានទឹករំអិល និងធ្លាក់សកើនឡើង ដោយសារតែមានការហូរវិលរបស់លោហិតមកចិញ្ចឹមច្រើនជាងប្រក្រតី។ បើធ្លាក់សមិនច្រើន អាចរាប់ថា ប្រក្រតី តែបើសិនមានធ្លាក់សមកច្រើន និងអាការរមាស់ មិនពណ៌ខុសប្រក្រតី ឬមានក្លិនមិនល្អវិញនោះ គួរទៅជួបគ្រូពេទ្យជំនាញ។

ហាមទិញថ្នាំយកមកសុល(ញាត់ចូល)រន្ធស្បូនដោយខ្លួនឯងជាដាច់ខាត ព្រោះវាបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់ អាចហុចផលអាក្រក់ដល់ទារកក្នុងគភ៌ទៀតផង។ ដូច្នេះ ស្រ្តីមានគភ៌គួរទៅជួបគ្រូពេទ្យដើម្បីទទួលយកការព្យបាលដែលត្រឹមត្រូវទើបជាការប្រសើរ។

ស្រ្តីមានគភ៌ រាងកាយនឹងមានការប្រែប្រួលច្រើនណាស់ដើម្បីសម្រួលឱ្យស័ក្តិសមនឹងតម្រូវការរបស់ទារក និងភាពត្រៀមជាស្រេចក្នុងការប្រសូត។ ការប្រែប្រួលផ្លាស់ប្ដូរទាំងអស់នេះកើតចេញពីការជំរុញរបស់សារធាតុគីមីដែលហៅថា អ័រម៉ូនដែលនឹងត្រូវដឹកជញ្ជូនទៅទូទាំងសារពាង្គកាយដោយឈាម តែអាការផ្សេងៗ មិនថាតែរឿងសាច់ស្បែកដែលប្រែប្រួល កើតមុន ជាំមុខ អាចម៍រុយនោះ នឹងរលុបបាត់ទៅវិញជាបណ្ដើរៗនៅពេលឆ្លងទន្លេរួច។ ដូច្នេះចូរកុំទៅវិតក្កកង្វល់ធ្វើអ្វី ត្រៀមកាយ ត្រៀមចិត្តសម្រាប់ចិញ្ចឹមមើលថែទាំកូនតូចជាទីស្រឡាញ់របស់អ្នកវិញប្រសើរជាង

Advertisement