ជួយយ៉ាងណា ពេលកូនឈ្លោះគ្នាជាមួយពួកម៉ាក

មិត្តភាពរបស់ក្មេងវ័យជិតចូលជំទង់( Pre teen )ច្រើនតែមិនសូវជាស្ថិតស្ថេរយូរអង្វែងប៉ុន្មានទេ ជាមធ្យមច្រើនតែសេពគប់គ្នាបានតែប្រមាណជា 1 ឆ្នាំប៉ុណ្ណោះ ព្រោះច្រើនតែមានមិត្តភ័ក្តិថ្មីៗទៀតនៅពេលឡើងទៅថ្នាក់ខ្ពស់ ឬមានចំណាប់អារម្មណ៍ខុសប្លែកពីគ្នា តែកូនរបស់អ្នកអាចនឹងប្រេះធ្លាយបេះដូងនៅពេលមិត្តភ័ក្តិដែលធ្លាប់តែនិយាយរកគ្នាបែរជាព្រងើយកន្តើយដាក់ដោយសារតែការទាស់ចិត្តគ្នាក្នុងរឿងណាមួយ ដែលរឿងនេះក្នុងនាមអ្នកជាឪពុកម្ដាយត្រូវតែជួយកូនក្នុងការសម្រាលការខូចចិត្តក្នុងគ្រានេះ។

– ទទួលស្ដាប់កូនយ៉ាងអាណិតមេត្តា ព្រោះក្មេងវ័យនេះច្រើនតែចង់ឱ្យឪពុកម្ដាយយកចិត្តទុកដាក់ស្ដាប់ពីបញ្ហារបស់ខ្លួន។ បើកូនចង់និយាយអំពីរឿងដែលឈ្លោះគ្នាជាមួយមិត្តភ័ក្តិនោះ អ្នកក៏គួរតែយកចិត្តទុកដាក់ស្ដាប់យ៉ាងពិតប្រាកដ និងកុំសម្រេចសេចក្ដីថា អ្នកណាខុស ឬត្រូវ ឬបញ្ចេញយោបល់ដូចជា “ម៉ាក់ថាហើយថា កូនឯងមិនគួរទៅសេពគប់ជាមួយម្នាក់ហ្នឹងទេ” ជាដើម ព្រោះមានតែនឹងធ្វើឱ្យកូនរឹតតែខឹង និងសោកស្ដាយកាន់តែខ្លាំងឡើង។ គ្រាន់តែងក់ក្បាលយ៉ាងយល់ចិត្ត និងនិយាយលួងលោមកូនថា “អ៊ើ ពិបាកមែន ម៉ាក់ដឹងហើយថាកូនកំពុងមានអារម្មណ៍យ៉ាងណា”។

– ផ្ដល់នូវពាក្យណែនាំនៅពេលកូនត្រូវការ តែកុំបង្ខំបើកូនមិនយល់ស្រប ព្រោះនឹងរឹតតែធ្វើឱ្យកូនកាន់តែមានអារម្មណ៍ខឹងខ្លាំងឡើង។ បើកូនរបស់អ្នកជាអ្នកខុស ចូរអធិប្បាយយ៉ាងសន្សឹមៗ មួយៗឱ្យគេបានយល់ ដើម្បីកុំឱ្យកូនធ្វើខុសឆ្គងម្ដងទៀត ដោយអាចនឹងនិយាយទៅកាន់កូនថា “កូនសាកល្បងគិតមើលទៅមើលថា បានធ្វើអ្វីខ្លះឱ្យពួកម៉ាកខូចចិត្តដែរឬទេ?” ជាដើម។

– កុំជ្រួលច្របល់រហូតជ្រុលពេក។ ការទូរស័ព្ទទៅមិត្តភ័ក្តិរបស់កូន ឬឪពុកម្ដាយរបស់មិត្តភ័ក្ដិកូនដែលឈ្លោះគ្នាដើម្បីរកខុស រកត្រូវ ឬកែសម្រួលសម្ព័ន្ធភាពឡើងវិញ ច្រើនតែធ្វើឱ្យរឿងរឹតតែច្របូលច្របល់រញ៉េរញ៉ៃកាន់តែធំឡើង ហើយកូនក៏ប្រហែលជាមិនពេញចិត្តដែរដែលអ្នកធ្វើបែបនេះ។

– ចែករំលែកបទពិសោធរបស់ខ្លួនឯងឱ្យកូនបានដឹង កូននឹងមានអារម្មណ៍ធូរស្រាលឡើងនៅពេលដឹងថា កាលពីអាយុនៅប្រហែលៗហ្នឹង អ្នកក៏ធ្លាប់ឈ្លោះជាមួយមិត្តភ័ក្ដិដូចគ្នាដែរ និងអាចទប់ទល់នឹងបញ្ហានោះបានទៀតផង។

– ណែនាំឱ្យកូនរកមិត្តភ័ក្តិថ្មី ដែលអាចនឹងជួយធ្វើឱ្យអារម្មណ៍របស់កូនបានល្អឡើងវិញ និងលែងសូវខូចចិត្តជាមួយនឹងរឿងចាស់ៗ និងកុំទៅកង្វល់ខ្វល់ខ្វាយនៅពេលឃើញថា កូនមានមិត្តភ័ក្តិតែម្នាក់ ឬពីរនាក់នោះអី ព្រោះមិត្តភាពដែលល្អ មិនបានមានន័យថា ត្រូវតែមានមិត្តភ័ក្ដិច្រើនៗជានិច្ចនោះទេ។

ឪពុកម្ដាយគឺជាមិត្តភ័ក្ដិដំបូងគេរបស់កូន និងជាមនុស្សដែលកូនទុកចិត្តបំផុតនៅពេលមានបញ្ហាម្ដងៗ ដូច្នេះការទទួលស្ដាប់បញ្ហារបស់កូនយ៉ាងយល់ចិត្តដោយមិនចាំបាច់និយាយអ្វីក៏ធ្វើឱ្យកូនបានធូរស្បើយមួយកម្រិតដែរ ហើយអធិប្បាយពន្យល់កូនដោយក្ដីស្រឡាញ់ និងអាណិតអាសូរ គឺជាភារកិច្ចរបស់ឪពុកម្ដាយ៕

Advertisement