ពេលកូនឈឺ…រឿងដែលអ្នកម្ដាយគួរដឹងពាក់ព័ន្ធនឹងការប្រើថ្នាំ

អាការក្ដៅខ្លួន ជាសញ្ញាមួយដាស់តឿនថា រាងកាយកំពុងតែតស៊ូជាមួយនឹងមេរោគ មិនថាតែមេរោគវីរុស ឬបាក់តេរីនោះទេហើយនៅពេលកូនតូចក្ដៅខ្លួន រឿងដំបូងបង្អស់ដែលឪពុកម្ដាយត្រូវធ្វើគឺ ការបញ្ចុះកម្ដៅ។ ជាប្រក្រតីបើអាការគ្រុនក្ដៅមិនខ្លាំងប៉ុន្មាន គ្រូពេទ្យជំនាញណែនាំឱ្យប្រើវិធីជូតខ្លួនដោយក្រណាត់សើម និងឱ្យញ៉ាំទឹកឱ្យបានច្រើនដើម្បីបញ្ចុះកម្ដៅ តែបើសិនជាចាំបាច់ត្រូវប្រើថ្នាំវិញនោះ ក៏ត្រូវប្រើដោយក្ដីប្រយ័ត្នប្រយែងដែរ។

តើពេលណាទើបត្រូវពឹងថ្នាំបញ្ចុះកម្ដៅ

មុនដំបូងលោកឪពុកអ្នកម្ដាយត្រូវស្គាល់ពីការវាស់សីតុណ្ហភាព(កម្ដៅ)ក្នុងខ្លួនរបស់កូនជាមុនសិនថា តើកូនតូចមានសីតុណ្ហភាពប៉ុន្មាន?។ មិនគួរប្រើត្រឹមតែវិធីស្ទាបថ្ងាសនោះឡើយ។

– ប្រើប្រដាប់វាស់ស្ទង់កម្ដៅ(ឧណ្ហមាត្រ)តាមរយៈមាត់ មានសីតុណ្ហភាពខ្ពស់ជាង 37.5 អង្សាC

– ប្រើប្រដាប់វាស់ស្ទង់កម្ដៅតាមរយៈប្រឡោះក្លៀក មានសីតុណ្ហភាពខ្ពស់ជាង 37 អង្សាC

បើវាស់អាការគ្រុនក្ដៅដោយប្រដាប់វាស់កម្ដៅ(Thermometer ) ឃើញមានសីតុណ្ហភាពខ្ពស់ជាងតួលេខខាងលើ នោះមានន័យថា រាងកាយកូនតូចមានគ្រុនក្ដៅខ្លួនហើយ។ បើប្រើវិធីជូតខ្លួនដោយក្រណាត់សើមហើយ អាការក្ដៅខ្លួនមិនថយចុះនោះ សឹមពិចារណាការឱ្យញ៉ាំថ្នាំបញ្ចុះកម្ដៅ(កម្ដៅខ្ពស់គឺ មានតាំងពី 38.5 អង្សាC ឡើងទៅ)។

– វាស់តាមរយៈរន្ធគូទ មានសីតុណ្ហភាពខ្ពស់ជាង 38 អង្សាC។

តើថ្នាំបញ្ចុះកម្ដៅត្រូវប្រើយ៉ាងណា?

ថ្នាំបញ្ចុះកម្ដៅដែលនិយមប្រើគឺ ប៉ារ៉ាសេតាម៉ុល ថ្នាំពពួកអាស្ពីរីន និងអៃប្រ៊ូផូហ្វ៊េន(ថ្នាំបញ្ចុះកម្ដៅខ្ពស់)។ ហាមប្រើដោយខ្លួនឯង ត្រូវប្រើតាមតែគ្រូពេទ្យចេញវេជ្ជបញ្ជាប៉ុណ្ណោះ ព្រោះថ្នាំគ្រប់ប្រភេទមានផលប៉ះពាល់ដល់ថ្លើម ជាពិសេសចំពោះក្មេងតូចៗ ហើយខ្នាតរបស់ថ្នាំដែលឱ្យកូនតូចញ៉ាំ ត្រូវអាស្រ័យលើទម្ងន់ខ្លួន និងសម្រាប់វ័យទារកវិញ គេច្រើនប្រើថ្នាំទឹកប្រភេទបន្តក់ ខ្នាត 5 CC សម្រាប់ទម្ងន់ខ្លួន 10 គីឡូក្រាម។

តើក្ដៅខ្លួនបែបណាត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ?

– នៅលើក្មេងតូចត្រូវប្រយ័ត្នប្រយែងការប្រើថ្នាំឱ្យខ្លាំង បើកូនតូចរបស់អ្នកអាយុមិនទាន់ដល់ 3 ខែ និងកូនឡើងកម្ដៅខ្លួនខ្ពស់ជាង 38 អង្សាC ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យភ្លាម ទោះជាកូននៅលេងរពឹស ឬមិនទាន់បាត់មាត់បាត់កក៏ដោយ និងមិនគួរឱ្យឱ្យញ៉ាំថ្នាំដោយខ្លួនឯងឡើយ។

– អាយុ 3 – 6 ខែ បើមានឡើងកម្ដៅខ្លួនខ្ពស់ជាង 38.5 អង្សាC ឬមានគ្រុនក្ដៅខ្លួនខ្ពស់ជាង 37.5 អង្សាC យូរលើសពី 24 ម៉ោង ក៏ហាមនៅបង្អង់យូរដែរ។

– កូនអាយុ 6 ខែឡើងទៅ មានគ្រុនក្ដៅខ្លួនខ្ពស់ដល់ 38.5 អង្សាC និងកម្ដៅមិនថយចុះយូរជាង 3 ថ្ងៃ។

– តែបើសិនជាអាយុប៉ុន្មានក៏ដោយ មានគ្រុនក្ដៅខ្លួនកម្ដៅខ្ពស់ជាង 39.5 អង្សាCនោះ ហាមបង្អែបង្អង់យូរជាដាច់ខាត ទោះជាកូនមើលទៅគ្មានបង្ហាញអាការថាឈឺជំងឺអ្វីផ្សេងក៏ដោយ។

ក្នុងខណៈដែលកូនគ្រុនក្ដៅខ្លួន បើកូននៅលេងបាន ក៏មិនចាំបាច់ដល់ថ្នាក់ត្រូវឱ្យកូនឈប់លេងដែរ តែគ្រាន់តែហាមៗកូនកុំឱ្យលេងច្រើនពេក និងនៅចាំសង្កេតមើលអាការផ្សេងៗដែលអាចនឹងកើតឡើងចំពោះកូន ដូចជា កូនឈឺក មានហៀរសំបោរ មានឡើងស្លាកស្នាមអ្វីនៅលើខ្លួនឬទេ? និងឧស្សហ៍វាស់កម្ដៅខ្លួនកូនឱ្យបានញឹកញាប់ប៉ុណ្ណឹងបានហើយ។

អាយុ 6 ខែឡើងទៅ បើកូនតូចរបស់លោកអ្នកមានឡើងកម្ដៅខ្លួនប្រមាណជា 38.5 អង្សាC ចូរសង្កេតមើលអាការ បើសីតុណ្ហភាពខ្ពស់ឡើង ឬមិនថយចុះច្រើនជាង 3 ថ្ងៃ ចូរនាំទៅជួបលោកគ្រូពេទ្យ។ សម្រាប់ក្មេងដែលមានអាយុ 3 ខែដល់ 2 ឆ្នាំ បើមានអាការគ្រុនក្ដៅខ្លួនខ្ពស់ជាង 39.5 អង្សាC ចូរនាំទៅមន្ទីពេទ្យភ្លាម ទោះជាកូនគ្មានបង្ហាញអាការថាឈឺថ្កាត់ក៏ដោយ៕

Advertisement