នៅពេលកូនតូចឈានចូលខែទី 7

ខែទី 7

លក្ខណៈរបស់កូនតូច

កូនច្រើនតែគេងលក់ស្កប់ស្កល់រហូតដល់ម៉ោង 6 ព្រឹក ឬ 8 ព្រឹកតែម្ដង ពេលឈឺនោមកណ្ដាលយប់ ក្មេងខ្លះក៏មិនភ្ញាក់ដែរតែក្មេងខ្លះភ្ញាក់ និងយំបន្តិចបន្តួច រួចគេងលក់បន្ត និងក្មេងខ្លះត្រូវតែបានមឹមទឹកដោះម្ដងទៀតទើបព្រមគេងលក់បន្តទៀត។

ការបន្ទោបង់ក្នុងវ័យនេះ ចាប់ផ្ដើមមានពេលមានវេលាហើយ អាចនឹងជុះក្នុងមួយថ្ងៃ 1 – 2 ដង ក្មេងខ្លះ 2 – 3 ដង និងក្មេងខ្លះទៀត 2 ថ្ងៃជុះម្ដង ហើយក្មេងខ្លះ 3 ថ្ងៃម្ដង អាចរហូតដល់ត្រូវដាក់ថ្នាំសុលរន្ធគូទបញ្ចុះលាមកក៏មាន តែវិធីនេះមិនគួរធ្វើឡើយបើលាមកមិនរឹងខ្លាំងនោះ។

ក្មេងក្នុងវ័យនេះមិនគេងច្រើនដូចទម្លាប់ទេ ខណៈពេលភ្ញាក់នឹងមានអារម្មណ៍ល្អ មានពេលភ្ញាក់កាន់តែយូរឡើង ចាប់ផ្ដើមមានសេចក្ដីសុខដែលបានធ្វើចលនា បានលេងជាមួយប៉ាម៉ាក់ បានចេញទៅលេងនៅក្រៅផ្ទះ។ ចំណែករយៈពេលដែលធ្មេញដុះឡើងនឹងខុសប្លែកពីគ្នា តែភាគច្រើននៅពេលអាយុលើស 6 ខែ ច្រើនតែចាប់ផ្ដើមមានធ្មេញក្រោមខាងមុខដុះឡើងមកពីរគ្រាប់ហើយ។

ដល់ពេលអាហារបន្ថែមហើយ

កូនក្នុងវ័យនេះញ៉ាំបានច្រើនឡើង ព្រោះចាប់ផ្ដើមស្គាល់រសជាតិអាហារផ្សេងៗ និងចង់ញ៉ាំច្រើនឡើងហើយ។ គួរឱ្យញ៉ាំអាហារបន្ថែមដែលមានប្រូតេអ៊ីនច្រើន ដូចជា ថ្លើមមាន់កិន ស៊ុត សាច់ត្រី សណ្ដែក ហើយឧស្សាហ៍ថ្លឹងទម្ងន់មួយខែម្ដង។ បើទម្ងន់ខ្លួនកើនឡើងប្រមាណជា 300 ក្រាមឡើងទៅ បង្ហាញថា កូនធំធាត់ប្រក្រតីល្អហើយ។

– សាច់ត្រី បើសិនជាប្រភេទត្រីដែលមានឆ្អឹងច្រើន ត្រូវប្រយ័ត្នឱ្យខ្លាំង ត្រូវបេះឆ្អឹងចេញឱ្យអស់ជាមុនសិន។

– ថ្លើមផ្ដល់ប្រយោជន៍ច្រើនណាស់។ កូនអាចចូលចិត្តញ៉ាំថ្លើមមាន់ខ្លាំងជាងថ្លើមគោដែលរឹង និងពិបាកញ៉ាំ អ្នកម្ដាយមិនចាំបាច់ត្រូវឱ្យញ៉ាំរាល់ថ្ងៃទេ។

– សាច់មាន់ សាច់ជ្រូក សាច់គោ បើកិនខ្លួនឯងគួរជ្រើសរើសសាច់ណាដែលទន់ផុយ កិនឱ្យម៉ដ្ឋ ព្រោះសាច់កិននៅតាមហាងច្រើនតែមានផ្នែករឹងៗលាយឡំមកជាមួយ។

– ចំណែកស៊ុតវិញ ក្មេងអាយុតិចជាង 12 ខែ គួរឱ្យញ៉ាំតែស៊ុតក្រហមបានហើយ ចំណែកស៊ុតសច្រើនតែឱ្យចាប់ផ្ដើមញ៉ាំក្រោយអាយុបាន 12 ខែ ព្រោះពេលនោះឱកាសក្នុងការកើតមានប្រតិកម្មចាញ់ស៊ុតសនឹងមិនសូវកើតឡើងទេ។

– បន្លែ គួរចាប់ផ្ដើមពី ល្ពៅ ត្រប់វែង មើមឆៃថាវ ដំឡូងបារាំង ការ៉ុត ព្រោះងាយស្រួលធ្វើឱ្យផុយ ចំណែកស្លឹកបាស ស្ពៃក្ដោប បើស្ងោរហូតដល់ទន់ ក៏អាចឱ្យញ៉ាំបាន និងឱ្យញ៉ាំប៉េងប៉ោះក៏ល្អដែរ។

– ផ្លែឈើ ក្មេងអាយុលើស 6 ខែអាចញ៉ាំផ្លែឈើបានសឹងតែគ្រប់ប្រភេទហើយ ដូចជា ចេកទុំ ក្រូច ទំពាំងបាយជូរ ឪឡឹក ល្ហុងទុំ ផ្លែប៉ោម។ ផ្លែឈើទន់ៗប្រើវិធីកិន ផ្លែឈើរឹងៗប្រើវិធីកោស។ គួរចាប់ផ្ដើមឱ្យញ៉ាំតាំងពី 1 – 2 ម៉ាត់ជាមុនសិន មុននឹងបន្ថែមឡើងជាបណ្ដើរៗ។ ចំណុចដែលត្រូវប្រយ័ត្នគឺ រើសគ្រាប់ចេញឱ្យអស់ មិនដូច្នោះទេអាចនឹងធ្វើឱ្យកូនស្លាក់បាន។

អាការដែលអាចកើតឡើង

– នៅពេលធ្មេញដុះឡើង

* កូនវ័យ 6 – 8 ខែ ធ្មេញក្រោមខាងមុខច្រើនតែចាប់ផ្ដើមដុះឡើងមក 2 គ្រាប់ ក្មេងខ្លះអាចដុះឡើងលឿនជាងនេះ តែក្មេងខ្លះក៏អាចយឺតដែរ ទម្រាំនឹងដុះថ្មេញក៏ជិតនឹង 1 ខួបក៏មាន តែអ្នកម្ដាយមិនគួរកង្វល់នោះទេ បើធ្មេញកូនមិនដុះឡើងតាមពេលវេលាទាំងនោះ។ ការដុះឡើងរបស់ធ្មេញច្រើនតែចាប់ផ្ដើមពីធ្មេញក្រោមខាងមុខ 2 គ្រាប់ ដុះឡើងមកដំណាលគ្នា តែមានក្មេងខ្លះធ្មេញក្រោមផ្នែកខាងអាចដុះចេញមក 2 គ្រាប់មុន ធ្វើឱ្យមានចន្លោះកណ្ដាលក៏មានដែរ និងក្មេងខ្លះធ្មេញក្រោមមិនទាន់ដុះទេ តែធ្មេញលើខាងមុខដុះចេញមកមុន 2 គ្រាប់ក៏មានដែរ។ ធ្មេញដំបូងៗដែលដុះឡើងមកអាចនឹងឆ្ងាយពីគ្នាខ្លះទៅ ផ្អៀងមិនត្រង់ខ្លះទៅ ក៏មិនអីដែរ ព្រោះធ្មេញទាំងនោះនឹងត្រង់រៀបរយដោយខ្លួនឯងនៅពេលក្រោយ។

– អាចមានគ្រុនក្ដៅខ្លួនខ្លាំង

* ក្មេងជាងពាក់កណ្ដាលកើតជំងឺដំបៅមាត់ក្នុងអំឡុងអាយុ 6 ខែ ដល់ 1 ខួបកន្លះ និងកើតច្រើនក្នុងអំឡុងអាយុ 6 – 8 ខែ

ចាប់ផ្ដើមដោយអាការក្ដៅខ្លួនខ្លាំងតែម្យ៉ាង វាស់កម្ដៅខ្លួនឃើញ 38 – 39 អង្សាC មិនមានក្អក គ្មានហៀរសំបោរ មិនរាក កណ្ដាលយប់នឹងយំរំខាន បៅទឹកដោះថយចុះ តែពេលខ្លះអាចមានក្អួត លែងមានអារម្មណ៍លេង ស្អែកឡើងកម្ដៅខ្លួននៅតែខ្ពស់។ លុះកម្ដៅខ្លួនថយចុះ នឹងមានឡើងស្នាមកន្ទួលនៅតាមដើមទ្រូង ខ្នង ជាគ្រាប់ក្រហមៗតូចៗដូចមូសខាំ។ ស្នាមអុចៗនេះនឹងមានច្រើនឡើងរាលទៅដល់មុខ ក ដៃ និងជើង។ លាមកនៅពេលល្ងាចថ្ងៃទី 3 ឬពេលព្រឹកថ្ងៃទី 4 ច្រើនតែរាវ ស្រដៀងរាក តែនឹងជាដាច់ទៅវិញនៅថ្ងៃទី 5។

ជំងឺនេះកើតហើយឆាប់ជា មិនធ្វើឱ្យមានជំងឺជ្រៀតជ្រែកទេ មិនចាំបាច់ប្រើថ្នាំទេ គ្រាន់តែជូតខ្លួនឱ្យកូនដោយកន្សែងត្រជាក់ដើម្បីបញ្ចុះកម្ដៅ និងឱ្យកូនមឹមទឹកដោះតាមប្រក្រតី។

– ទល់លាមក

* អាហារបន្ថែមក្នុងរយៈដំបូង ភាគច្រើនជាអាហារងាយរំលាយ មិនសូវមានកាកសរសៃ ទើបមិនសូវជំរុញពោះវៀន ធ្វើឱ្យកូនតូចងាយនឹងទល់លាមក ដូច្នេះគួរឱ្យញ៉ាំអាហារដេលមានជាតិកាកសរសៃ ដូចជា បន្លែស្លឹកបាស ស្ពៃក្ដោប ដាក់ចូលទៅក្នុងបបរ។ បើកូនតូចមិនព្រមញ៉ាំបន្លែ ចូរឱ្យញ៉ាំផ្លែឈើជំនួសឱ្យបានច្រើន ដូចជាញ៉ាំល្ហុងទុំ ឬចេកទុំ ជាដើម។ បើកូនជុះ 2ថ្ងៃ 1ដង ហើយលាមកមិនរឹង កូនមិនពិបាកក្នុងខ្លួន ក៏មិនអីដែរ។ មិនគួរប្រើថ្នាំបញ្ចុះលាមកដោយមិនចាំបាច់ឡើយ។

“កូនក្នុងវ័យនេះ ញ៉ាំបានច្រើនឡើងហើយ ព្រោះចាប់ផ្ដើមដឹងរសជាតិអាហារផ្សេងៗហើយ គួរឱ្យញ៉ាំអាហារបន្ថែមដែលមានប្រូតេអ៊ីនច្រើនៗដូចជា ថ្លើមមាន់កិន ស៊ុត សាច់ត្រី សណ្ដែក និងឧស្សាហ៍ថ្លឹងទម្ងន់កូន មួយខែម្ដង បើទម្ងន់ខ្លួនកើនប្រមាណ 300 ក្រាមឡើងទៅ បង្ហាញថា កូនធំធាត់តាមប្រក្រតីហើយ”។

វិវឌ្ឍនាការរបស់កូន

. រាងកាយ

* ងើបខ្លួនឡើងក្នុងឥរិយាបថអង្គុយ និងក្មេងខ្លះអាចលូនវារបានហើយ

* បើជួយចាប់លើក ក៏នឹងក្រោកឈរបាន

* ប្រើម្រាមដៃចាប់វត្ថុផ្សេងៗបានចំណានឡើងហើយ

* ចង់កាន់ស្លាបព្រាដាក់ចូលមាត់ខ្លួនឯង តែអាចមិនសូវជាត្រង់ចំមាត់ប៉ុន្មានទេ

សង្គមជុំវិញខ្លួន

* ចេះបញ្ចេញសំឡេងដែលមានទាំងសំឡេងស្រៈ និងព្យញ្ជនៈ និងសំឡេងដែលមានអត្ថន័យមួយម៉ាត់ៗបានច្បាស់ហើយ

* ចាំហេតុការណ៍ដែលធ្លាប់កើតឡើងបានហើយ

* ចេះចាប់ផ្ដើមប្រៀបធៀបទង្វើរបស់ខ្លួនឯង ជាមួយនឹងអ្នកដទៃ

* មានអារម្មណ៍ចេះលេងសើច និងសើចឮខ្លាំងៗពេលត្រូវចិត្ត

* ចាប់អារម្មណ៍របស់លេង ចូលចិត្តលេងរបស់លេងច្រើនឡើង និងចូលចិត្តលាបាតដៃមើលរបស់នៅក្នុងដៃ

លេងជាមួយកូនឱ្យបានញឹកញាប់

អំឡុងពេលបញ្ចុកអាហារបន្ថែម អ្នកម្ដាយត្រូវបណ្ដោយឱ្យកូនសប្បាយជាមួយការកាន់ស្លាបព្រា ចាប់អាហារដាក់ចូលមាត់ញ៉ាំដោយវិធីការរបស់កូនតូចខ្លួនឯង ព្រោះវានឹងក្លាយជាការសាងទស្សនគតិដែលល្អដល់ការញ៉ាំអាហាររបស់កូនតូច។ នៅមិនទាន់ត្រូវចាំបាច់កង្វល់ថា កូននឹងបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់នោះទេ ព្រោះអាហារចម្បងរបស់កូន គឺទឹកដោះស្រាប់ហើយ។ ការដែលកូនបានញ៉ាំដោយខ្លួនឯង នឹងជួយអភិវឌ្ឍខាងផ្នែកការប្រើដៃ ជាមួយខ្សែភ្នែកឱ្យសម្ព័ន្ធគ្នាហ្នឹងឯង។

អ្នកម្ដាយត្រូវចាំឱ្យបានជាប់ជានិច្ចថា ក្មេងម្នាក់ៗមានវិវឌ្ឍនាការមិនដូចគ្នាទេ ក្នុងវ័យនេះក្មេងខ្លះអាចនឹងវារបានខ្លះៗហើយ តែក្មេងខ្លះដែលអាចនៅមិនទាន់វារបាននៅឡើយនោះ ក៏មិនរាប់ថា មានវិវឌ្ឍនាការយឺតនោះដែរ។ អ្នកម្ដាយត្រូវសង្កេតមើលថា បើកូនជាក្មេងដែលស្ងៀមស្ងាត់ មិនសូវមានសកម្មភាព ក៏អាចនឹងជួយជំរុញដោយការរករបស់លេងមកលេងជាមួយកុន នាំកូនលេងឱ្យបានញឹកញាប់ (ត្រូវសង្កេតមើលថា កូនចង់លេងជាមួយដែរឬក៏អត់ផង) នាំចេញទៅដើរលេងនៅខាងក្រៅផ្ទះឱ្យបានញឹកញាប់ បើកពិភពខាងក្រៅឱ្យកូនបានរៀនយល់ដឹង និងជំរុញពីការធ្វើចលនារបស់កូនផង៕

Advertisement