ដាក់ឱ្យកូនតូចគេងយ៉ាងណាកុំឱ្យក្បាលសំប៉ែត…

រឿងកង្វល់មួយទៀតរបស់ឪពុកម្ដាយថ្មោងថ្មី គឺប្រហែលជាគេចមិនផុតពីរឿងចង់ឱ្យកូនមានក្បាលមូលស្អាត មិនសំប៉ែតនោះឡើយ តែបច្ចុប្បន្នមានក្មេងក្បាលសំប៉ែតកាន់តែច្រើនឡើង ដោយសារតែខាងវេជ្ជសាស្រ្តបានណែនាំឱ្យទារកគេងផ្ងារច្រើនជាងគេងផ្កាប់ ដើម្បីការពារសភាវ SDS (Sudden Death Syndrome) ឬឱកាសដែលក្មេងទារកស្លាប់បាត់បង់ជីវិតខណៈគេងលក់។

មូលហេតុរបស់ការក្បាលសំប៉ែត ដោយសារតែឆ្អឹងរបស់ទារកទើបកើតដំបូងជាឆ្អឹងដែលមានភាពទន់ខ្ចី បើគេងសង្កត់ក្នុងឥរិយាបថដដែលគ្រប់ពេលវេលា នឹងធ្វើឱ្យឆ្អឹងលលាដ៍ក្បាលរបស់ទារកទៅជាសំប៉ែតបាន។ យ៉ាងណាក៏ដោយ សភាវក្បាលសំប៉ែតនេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ(មានផលប៉ះពាល់តែលើភាពស្រស់ស្អាតរបស់ទ្រង់ទ្រាយក្បាលប៉ុណ្ណោះ) ដូច្នេះសម្រាប់លោកឪពុកអ្នកម្ដាយដែលមិនចង់ោ្យកូនមានក្បាលសំប៉ែត ឡារ៉ែនមានពាក្យណែនាំយ៉ាងងាយៗមកជម្រាបជូន។

1 . រៀបចំឥរិយាបថឱ្យកូនគេងផ្អៀង ឆ្លាស់គ្នាទៅមក ម្ដងឆ្វេង ម្ដងស្ដាំ។

2 . ឱ្យកូនគេងផ្កាប់ ក្បាលច្បាស់ជាស្អាតប្រាកដណាស់ តែក៏ហាក់ដូចជាប្រថុយនឹងគ្រោះថ្នាក់ខ្លាំងដែរចំពោះក្មេងទារកអាយុ 3 ខែដំបូង ព្រោះអាចនឹងធ្វើឱ្យក្មេងស្ទះខ្យល់ដកដង្ហើម ដូច្នេះបើដាក់កូនតូចឱ្យគេងផ្កាប់ ឪពុកម្ដាយត្រូវនៅមើលថែទាំយ៉ាងជិតស្និទ្ធដិតដល់ កុំឱ្យមានខ្នើយ ឬរបស់អ្វីម្យ៉ាងខ្ទប់ច្រមុះកូន។

3 . បើកូនមិនព្រមគេងផ្កាប់ ចូររកខ្នើយដែលមានប្រហោងកណ្ដាលមកដាក់ឱ្យកូនគេង។

4 . អំឡុងពេលដែលកូនភ្ញាក់ កុំឱ្យកូនស្ថិតក្នុងឥរិយាបថគេងផ្ងារតែម្យ៉ាង ចូរដាក់ឱ្យកូនគេងក្នុងឥរិយាបថផ្សេងទៀតផង ដូចជា គេងផ្កាប់ដោយមានអ្វីទ្រក្បាល គេងផ្អៀង ឬពកូនឡើងក៏បាន ទោះជាក្នុងអំឡុងពេលខ្លីៗក៏ដោយ។

5 . មិនគួរឱ្យគេងក្នុង ខារ៍ស៊ីត ឬរទេះរុញសម្រាប់ក្មេងទារកយូរពេកទេ។

6 . ការបី ឬពកូនតូច ក៏គួរតែឆ្លាស់ខាងគ្នា ឆ្វេង ស្ដាំដែរ។

7 . បើនឹងបី ឬពកូន មិនថានៅក្នុងផ្ទះ ឬនាំចេញទៅខាងក្រៅក៏ដោយ ក៏គួរប្រើក្រណាត់អង្រឹងបីកូន ដើម្បីឱ្យក និងក្បាលកូនតូចមិនមានគំនាប៕

Advertisement