ចំណុចល្អៗរបស់ការមានកូន

ទោះជាការមានកូនត្រូវលីសែងបន្ទុកដ៏ច្រើនតាំងពីពេលចាប់ផ្ដើមតាំងគភ៌ និងជីវិតឯកជនសួនតួដែលធ្លាប់មាននឹងបាត់បង់ទៅបន្តិចម្ដងៗ លែងសល់ពេលវេលាសម្រាប់សេចក្ដីសុខរបស់ខ្លួនឯងក៏ដោយ តែការបានបំពេញតួនាទីជាឪពុក និងម្ដាយ គឺការបានប្រគល់នូវអ្វីៗដែលល្អៗបំផុតទៅដល់កូន ទោះជាហត់នឿយខ្លាំងប៉ុនណាក៏ដោយ ក៏មនុស្សភាគច្រើននៅតែយល់ស្របដូចៗគ្នាដែរថា ការមានកូនគឺជារឿងល្អ និងជាបទពិសោធនៃសេចក្ដីសុខមួយនៅក្នុងជីវិតដែលពួកគេនឹងបានទទួល ហើយខាងក្រោមនេះ គឺជាផ្នែកមួយនៃហេតុផលដែលធ្វើឱ្យមនុស្សសម្រេចចិត្តថា ការមានកូនគឺជារឿងមួយក្នុងចំណោមរឿងដ៏អស្ចារ្យរបស់ជីវិត។

1 . ការមានកូន ធ្វើឱ្យគ្រួសារកាន់តែឥតខ្ចោះឡើង ៈ ទោះជាក្រុមគ្រួសារខ្លះមានអ្វីៗគ្រប់យ៉ាងសម្បូរបែបយ៉ាងល្អហើយ ទាំងតួនាទីការងារ ភាពរឹងមាំស្ថិតស្ថេរ និងស្ថានភាពហិរញ្ញវត្ថុ ដែលអាចរស់នៅបានយ៉ាងមានឥស្សរៈ និងមានពិភពផ្ទាល់ខ្លួនដ៏សែនសុខសប្បាយហើយក៏ដោយ តែការមានកូនសម្រាប់គ្រួសារជាច្រើនបែរជាធ្វើឱ្យជីវិតដែលសម្បូរបែបឥតខ្ចោះស្រាប់ហើយនោះ មើលទៅកាន់តែសម្បូរបែបខ្លាំងឡើងទៅទៀត។

2 . ជួយបន្តនាមត្រកូលរបស់ក្រុមគ្រួសារ ៈ ក្រុមគ្រួសារខ្លះដែលរស់នៅជាមួយគ្នាជាគ្រួសារធំមួយ ការមានកូន គឺជាគោលបំណងមួយក្នុងការជួយបន្តនាមត្រកូលឱ្យអាចគង់វង្សនៅតទៅទៀតបាន ដោយភាគច្រើនតែងជួបប្រទះនៅក្នុងក្រុមគ្រួសារជនជាតិចិនច្រើនជាងក្រុមគ្រួសារខ្មែរយើង។

3 . សង្ឃឹមពឹងពាក់បាននៅពេលចាស់ជរា ៈ អ្នកដែលសម្រេចចិត្តមានកូន ភាគច្រើនសុទ្ធតែមានសេចក្ដីសង្ឃឹមថា កូនៗរបស់ខ្លួននឹងអាចជួយជាទីពំនាក់បាននៅពេលខ្លួនចាស់ជរា ជាពិសេសបញ្ហាសុខភាពដែលចូលមកញាំញី និងក្នុងគ្រាដែលមិនអាចជួយខ្លួនឯងបាន ក៏នឹងបានកូនៗជាអ្នកនៅជួយមើលថែទាំក្នុងគ្រាចុងក្រោយនៃជីវិត។

4 . មានមនុស្សម្នាក់ទៀត ដែលយើងស្រឡាញ់ និងស្រឡាញ់យើង ៈ ការមានកូនធ្វើឱ្យយើងបានប្រគល់សេចក្ដីស្រឡាញ់ទៅឱ្យមនុស្សម្នាក់ទៀតដែលជាសាច់ឈាមពូជពង្សរបស់យើង។ មានសេចក្ដីសុខដែលបានឃើញសេចក្ដីស្រឡាញ់អំពីកូន និងយើងក៏បានប្រគល់ទៅឱ្យគេយ៉ាងពេញហៀរហូរដូចគ្នា។

5 . មានអ្នកជជែកកំដកែអផ្សុក ៈ ការមានកូនធ្វើឱ្យជីវិតមានមនុស្សម្នាក់ទៀតចូលមកជាផ្នែកមួយស្ទើរតែគ្រប់អំឡុងពេលរបស់យើង។ ពេលដែលមានអារម្មណ៍ថា ឯកោអផ្សុក ក៏មានកូនមកធ្វើជាផ្នែកមួយដែលធ្វើឱ្យឪពុកម្ដាយមានអារម្មណ៍ថា ខ្លួនឯងមិនបាននៅឯកាឡើយ។ ធ្វើទាំងជាមិត្តជជែកកំដ និងមិត្តដើរលេងកម្សាន្តដ៏សែនទុកចិត្ត និងរឹតតែមានសម្ព័ន្ធភាពជាមួយគ្នាស្អិតល្មួតប្រៀបដូចជាមិត្តជិតស្និទ្ធ រឹតតែធ្វើឱ្យជីវិតរបស់យើងដូចមានមិត្តជួយគិតនៅជាមួយគ្រប់ពេលវេលាដែលត្រូវការ។

6 . បន្ថែមភាពសប្បាយរីករាយក្នុងជីវិតគ្រួសារច្រើនឡើង ៈ ជឿថា ការមានកូននឹងជួយបង្កើនភាពសប្បាយរីករាយឱ្យជីវិតគ្រួសារកាន់តែស្រស់ថ្លាឡើង ពេញទៅដោយសំឡេងសើចក្អាកក្អាយ និងស្នាមញញឹមរបស់បណ្ដាក្មេងៗនៅក្នុងផ្ទះខ្លាំងជាងការរស់នៅតែពីរនាក់ប្ដីប្រពន្ធ។

7 . បានរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់ ៈ អ្នកម្ដាយនឹងបានហ្វឹកហាត់ការធ្វើជាគ្រូ រហូតក្លាយជាការងារបន្ថែម បានស្គាល់នូវសេចក្ដីស្រឡាញ់យ៉ាងពិតប្រាកដ និងស្គាល់ពីការផ្ដល់ឱ្យដោយមិនសង្ឃឹមការតបស្នង បានសាកល្បងខុសផង​ត្រូវផង រៀនយល់ដឹងទៅជាមួយកូន និងសរសេរអត្ថបទជីវិតដោយខ្លួនឯង ព្រោះនៅក្នុងជីវិតពិត គ្មានរូបមន្តមេរៀនកំណត់ច្បាស់នោះឡើយ។

8 . ជួយឱ្យខួរក្បាលម្ដាយអភិវឌ្ឍ ៈ អាចរាប់បានថា ជាភាពអស្ចារ្យមួយទៀតរបស់ធម្មជាតិដែលត្រៀមសមត្ថភាពផ្សេងៗឱ្យចូលគ្នាជាមួយអំឡុងវ័យរបស់មនុស្សយ៉ាងពិតប្រាកដ ព្រោះមានការស្រាវជ្រាវមួយបានបញ្ជាក់ថា “ខួរក្បាលរបស់ម្ដាយក្រោយប្រសូតបុត្ររួចនឹងមានផ្នែកខ្លះរីកធំឡើង ដើម្បីឱ្យម្ដាយត្រៀមខ្លួនជាស្រេចសម្រាប់ទប់ទល់ជាមួយភាពសាកល្បងថ្មីៗក្នុងការចិញ្ចឹមថែទាំកូន”។

9 . ប្រយោជន៍របស់ការមានកូន (ដែលអ្នកនឹកស្មានមិនដល់) ៈ ក្នុងរឿងផ្សេងៗទៀតក៏ដូចគ្នាដែរ អ្នកនឹងក្លាយជាអ្នកបើកបររថយន្តដែលមានការប្រយ័ត្នប្រយែងខ្ពស់ឡើងរហូតក្លាយជាទម្លាប់។ ទទួលបានសិទ្ធិពិសេសៗជាងគេច្រើនឡើង(ដូចជា ពេលឡើងជិះរថយន្តក្រុង នឹងមានអ្នកក្រោកទុកកៅអីឱ្យរូបអ្នកដែលកំពុងតាំងគភ៌អង្គុយ ជាដើម)។ បានសម្រកទម្ងន់បែបមិនចាំបាច់តមអាហារ ជាពិសេសពេលចាញ់កូន អំឡុងពេលបំបៅកូន ឬពេលលេងជាមួយកូន ជាដើម។ សេចក្ដីសុខដែលអាចរកបានយ៉ាងងាយ(ដូចជា ការបានសើច និងមានសេចក្ដីសុខពេលកូនធ្វើអ្វីកំប្លែងៗឱ្យឃើញ ជាដើម)។ បានឱបកូន បានពកូនដោយគ្មានពេលកំណត់។ មានមនុស្សដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ និងកូននឹងនៅតែស្រឡាញ់ម្ដាយជានិច្ច ទោះជានៅថ្ងៃដែលម្ដាយយ៉ាប់យ៉ឺនបំផុតក៏ដោយ។ បានហ្វឹកហាត់សិល្បៈការសម្ដែង និងកាយវិការផ្សេងៗគួបផ្សំពេលនិយាយរឿងនិទានឱ្យកូនស្ដាប់។ បានប្រឡែងជាមួយកូន ជឿចុះថា ពិតជាសប្បាយ និងមានសេចក្ដីសុខខ្លាំងណាស់។ បានអានសៀវភៅដែលខ្លួនចូលចិត្តកាលនៅក្មេង(តែវើហ្សឹនថ្មី) បានទិញរបស់លេងដែលធ្លាប់ចង់បានកាលពីនៅតូចឱ្យទៅកូន។ បានត្រឡប់ទៅសប្បាយបែបក្មេងៗម្ដងទៀតជាមួយកូនដោយគ្មានអ្នកណាថាអីឱ្យ និងបើអ្នកញ៉ាំអីហើយកំពប់រឡេករឡាក់ អ្នកដទៃនឹងគិតថា កូនរបស់អ្នកជាអ្នកធ្វើកំពប់ មិនមែនអ្នកទេ(ហាសហាសហា) និងច្រើនៗទៀតដែលពោរពេញទៅដោយក្ដីសប្បាយរីករាយជាមួយកូនៗគ្មានទីបញ្ចប់៕

Advertisement