វិធី 3 យ៉ាងជួយឱ្យកូនខ្ពស់ឡើង ទោះជាឪពុកម្ដាយទាបក៏ដោយ…

ឪពុកម្ដាយជាច្រើនចង់ឱ្យកូនមានរូបរាងខ្ពស់ តែគួរចាប់ផ្ដើមយ៉ាងណាស្រួលទៅ? ចង់ឱ្យកូនខ្ពស់ តែឪពុកម្ដាយមិនខ្ពស់ តើត្រូវធ្វើយ៉ាងណា?។

មុនដំបូង យើងនាំគ្នាមកយល់ដឹងជាមុនសិនថា កម្ពស់របស់កូននេះវាអាស្រ័យលើពូជអម្បូរជាបច្ច័យសំខាន់ តែនឹងខ្ពស់បានប៉ុន្មាននោះ មានហ្ស៊ែនជាច្រើនគូដែលនឹងហុចផលជាមួយគ្នា ដូច្នេះ មិនមែនថា បើទាំងឪពុកទាំងម្ដាយទាប កូនច្បាស់ជាមិនខ្ពស់ ហើយក៏មិនមែនថា ទាំងឪពុកទាំងម្ដាយសុទ្ធតែខ្ពស់ នឹងធ្វើឱ្យកូនរបស់អ្នកខ្ពស់ខ្លាំងដូចគ្នានោះទេ!។

ចង់ឱ្យកូនខ្ពស់ ធ្វើយ៉ាងណា?

ដូចដែលបានរៀបរាប់រួចមកហើយថា កម្ពស់របស់កូនអស្រ័យលើពូជអម្បូរ និងហ្ស៊ែនរបស់ឪពុកម្ដាយជាបច្ច័យចម្បង តែក៏មានបច្ច័យបន្ថែមផ្សេងៗទៀតដែលនឹងជួយក្នុងការបង្កើនកម្ពស់របស់កូនបានដែរ ដោយធ្វើតាមវិធីដូចតទៅនេះ ៈ

1 . ញ៉ាំអាហារឱ្យត្រូវ កុំភ្លេចកាល់ស្យូម

ភោជនាហារដែលល្អ មានចំណែកជួយឱ្យកូនលូតកម្ពស់ឡើងបាន លោកឪពុកអ្នកម្ដាយគួរឱ្យកូនបានញ៉ាំអាហារដែលមានប្រយោជន៍ និងចាំបាច់សម្រាប់ក្មេង ទាំងសារធាតុរ៉ែ វីតាមីន កាបូហាយដ្រេត និងខ្លាញ់ និងដែលសំខាន់នោះគឺ កុំភ្លេចញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ផង។ ក្រៅពីអាហារដែលមានប្រយោជន៍ និងបានញ៉ាំទឹកគ្រប់គ្រាន់ហើយ ទឹកដោះគោ ឬអាហារដែលមានកាល់ស្យូមខ្ពស់ក៏នឹងធ្វើឱ្យឆ្អឹងរឹងមាំឡើងដែរ ព្រោះកាលស្យូមមានភាពសំខាន់ដល់ការរីកចម្រើនធំធាត់របស់ក្មេងខ្លាំងណាស់ ដោយស្ថាប័នសុខភាពជាតិរបស់សហរដ្ឋអាមេរិកបានផ្ដល់ព័ត៌មានថា កុមារអាយុ 1 – 3 ឆ្នាំ គួរបានទទួលកាល់ស្យូម 700 មីល្លីក្រាមក្នុងមួយថ្ងៃ ចំណែកកុមារអាយុ 4 – 8 ឆ្នាំ គួរបានទទួលកាល់ស្យូម 1,000 មីល្លីក្រាមក្នុងមួយថ្ងៃ និងនៅពេលអាយុ 9 -18 ឆ្នាំ គួរបានទទួលកាល់ស្យូម 1,300 មីល្លីក្រាមក្នុងមួយថ្ងៃ។

2 . គេងឱ្យគ្រប់គ្រាន់ និងទៀងពេល

បើចង់ឱ្យកូនខ្ពស់ ត្រូវព្យាយាមឱ្យកូនគេងលក់បានយ៉ាងគ្រប់គ្រាន់ ព្រោះពេលដែលកំពុងគេងលក់នោះ ជាពេលវេលាដែលអ័រម៉ូនការចម្រើនធំធាត់កំពុងធ្វើការ។ សម្រាប់ក្មេងតូច គួរគេងលក់ឱ្យបាន 10 – 13 ម៉ោងក្នុងមួយយប់ អ្វីដែលសំខាន់គឺ បើចង់ឱ្យកូនខ្ពស់ និងមានសុខភាពល្អ គួរឱ្យកូនចូលគេង និងភ្ញាក់ឱ្យទៀងពេលរៀងរាល់ថ្ងៃផង ទោះជាថ្ងៃឈប់សៅរ៍ – អាទិត្យក៏ដោយ។

3 . ឱ្យកូនហាត់ប្រាណ

បើចង់ឱ្យកូនខ្ពស់ លោកឪពុកអ្នកម្ដាយគួរឱ្យកូនមានពេលវេលាសម្រាប់ហាត់ប្រាណប្រមាណជា 60នាទីក្នុងមួយថ្ងៃផង ព្រោះការហាត់ប្រាណមិនមែនជួយត្រឹមតែរឿកម្ពស់ និងការចម្រើនធំធាត់ប៉ុណ្ណោះទេ តែនៅជួយការពារមិនឱ្យកើតរោគធាត់ចំពោះកូនក្មេងបានទៀតផង ឬបើសិនជាមិនសូវមានពេលវេលាប៉ុន្មាន ក៏បបួលកូនកម្រើកដៃកម្រើកជើងបន្តិចបន្តួចក៏ល្អដែរ ដូចជា បបួលគ្នាទៅដើរលេង ឬដើរទៅទិញទំនិញនៅផ្សារក៏បាន។

ចង់ឱ្យកូនខ្ពស់ ធ្វើយ៉ាងណាស្រួល?

បើរកឃើញថា កូនមានភាពខុសប្រក្រតីរឿងកម្ពស់ ចូរប្រញាប់ទៅរកលោកគ្រូពេទ្យ។ បើសិនកូនរបស់លោកអ្នកមានភាពខុសប្រក្រតីមែនទែន ដូចជា ទាបជាងមធ្យមភាគរបស់កុមារក្នុងវ័យដូចគ្នាច្រើនជ្រុលពេក ឡារ៉ែនសូមណែនាំថា លោកឪពុកអ្នកម្ដាយគួរនាំកូនទៅជួបលោកគ្រូពេទ្យជំនាញប្រសើរជាង ព្រោះរឿងនោះអាចមានន័យពីភាពខុសប្រក្រតីរបស់រាងកាយបាន។

យ៉ាងណាក៏ដោយ អ្វីដែលលោកឪពុកអ្នកម្ដាយគួរយកចិត្តទុកដាក់ និងបង្ហាត់បង្រៀនកូនខ្លាំងបំផុតនោះគឺ ឱ្យគេជឿជាក់លើខ្លួនឯងប្រសើរជាង ទោះជារូបរាងរបស់គេទាប ឬខ្ពស់ក៏ដោយ និងដែលសំខាន់នោះគឺ កុំសង្កត់ធ្ងន់តែលើរឿងកម្ពស់តែម្យ៉ាង គួរសង្កត់ធ្ងន់លើរឿងសុខភាពរឹងមាំផងទើបជាការប្រសើបំផុត៕

Advertisement