5 មូលហេតុនៃការរលូតបុត្រដែលស្រ្តីមានគភ៌ត្រូវដឹង

និយាយអំពីរឿងរបស់សភាវរលូតបុត្របន្ទាប់ពីការតាំងគភ៌ មិនថាបណ្ដាលមកពីមូលហេតុអ្វីក៏ដោយ គឺសុទ្ធតែជារឿងដ៏គួរឱ្យសោកសៅ និងអាណិតចំពោះស្រ្តីមានផ្ទៃពោះជាខ្លាំង។ អ្នកខ្លះដែលតាំងសេចក្ដីសង្ឃឹមខ្លាំង ក៏អាចនឹងខូចចិត្តសោកស្ដាយដល់ថ្នាក់ញ៉ាំមិនបានគេងមិនលក់ លំបាកដល់ក្រុមគ្រួសារត្រូវនៅចាំមើលថែទាំយ៉ាងជិតដិត ទាំងដែលខាងផ្នែកវេជ្ជសាស្រ្តវិញ សភាវរលូតបុត្រអាចកើតឡើងបានដោយឯកឯង មិនពាក់ព័ន្ធនឹងឧប្បត្តិហេតុ ឬភាពភ្លាំងភ្លាត់របស់ស្រ្តីមានគភ៌ឡើយ ហើយខាងក្រោមនេះគឺជាមូលហេតុនៃការរលូតបុត្រដែលគេអាចជួបប្រទះញឹកញាប់បំផុតក្នុងពេលបច្ចុប្បន្ន។

1 . ឆ្លងមេរោគបាក់តេរី និងមេរោគវីរុស

ជាប្រក្រតី នៅពេលទៅពិនិត្យគភ៌លើកដំបូង ពេទ្យតែងតែពិនិត្យរកមើលជំងឺកាមរោគ ឬជំងឺដែលឆ្លងតាមរយៈការមានភេទសម្ព័ន្ធមុនគេបង្អស់ ជាពិសេសមេរោគនៃជំងឺស្វាយ មេរោគវីរុសរលាកថ្លើមប្រភេទ B និងC ដែលអាចហុចផលឱ្យកើតគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃបាន ដូចជាធ្វើឱ្យសាច់ភ្នាសក្នុងស្បូនមានបញ្ហារហូតតួកំណើតមិនអាចចម្រើនធំធាត់តទៅទៀតបាន ឬបើតួកំណើតចម្រើនធំធាត់បាន តែក៏មានផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់ទារក ធ្វើឱ្យពេទ្យត្រូវតែសម្រេចចិត្តបញ្ឈប់ការតាំងគភ៌នៅពេលក្រោយ។

2 . ភាពខុសប្រក្រតីរបស់ក្រូម៉ូហ្សូម

សម្រាប់មូលហេតុនៃការរលូតបុត្រក្នុងចំណុចនេះ អាចរាប់បានថា គួរឱ្យអាណិតជាទីបំផុត ព្រោះគ្មានអ្នកណាអាចដឹងមុនបានឡើយថា តើក្រូម៉ូហ្សូមមួយគូណាដែលនឹងកើតមានភាពខុសប្រក្រតីនោះទេ? និងនៅពេលដឹងហើយក៏មិនអាចកែខៃអ្វីបានទាំងអស់។ សម្រាប់សភាវរលូតបុត្រវិញ ច្រើនបណ្ដាលមកពីការដែលក្រូម៉ូហ្សូមមិនអាចតម្រៀបខ្លួនតគ្នាបាន តែបើសិនក្រូម៉ូហ្សូមគូខ្លះមានបញ្ហាខ្វះ ឬលើស ក៏នឹងហុចផលឱ្យកើតភាពខុសប្រក្រតីដែលក៏ជាមូលហេតុឱ្យពេទ្យត្រូវបញ្ឈប់ការតាំងគភ៌ដូចគ្នាដែរ។

3 . ជក់បារី ញ៉ាំភេសជ្ជៈជាតិអាល់កុល និងសេពគ្រឿងញៀន

ជារឿងដែលទាំងអស់គ្នាបានដឹងច្បាស់ហើយថា ទង្វើទាំងនេះមានភាពប្រថុយប្រថានក្នុងការធ្វើឱ្យស្រ្តីមានផ្ទៃពោះកើតសភាវរលូតបុត្របានខ្ពស់ណាស់ ជាពិសេសក្នុងអំឡុងពេល 3ខែដំបូង។ ការពិតទៅ មិនចាំបាច់ថា ត្រូវតែសេពចូលទៅដោយផ្ទាល់ប៉ុណ្ណោះទេ ព្រោះមានស្រ្តីមានផ្ទៃពោះជាច្រើនដែលធ្វើការនៅក្នុងបន្ទប់ប្រតិបត្តិការផ្សេងៗដែលមានសារធាតុពុលមួយចំនួនដែលស្រដៀងនឹងថ្នាំញៀន រួមទាំងជាតិអាល់កុលប្រភេទខ្លះផងជាប់រហូត ក៏បណ្ដាលឱ្យកើតសភាវរលូតបុត្រអស់ជាច្រើននាក់រួចមកហើយដែរ ។

4 . ស្បូនខុសប្រក្រតី

បញ្ហាស្បូន និងមាត់ស្បូនរបស់ស្រ្តីមានផ្ទៃពោះដែលខុសប្រក្រតីមកពីកំណើត ឬខុសប្រក្រតីដោយសារសភាវមួយចំនួន ក៏ធ្វើឱ្យកើតសភាវរលូតបុត្របានដែរ ដោយសារតែតួកំណើតមិនអាចបង្កប់ខ្លួន ឬចម្រើនធំធាត់បានយ៉ាងល្អហ្នឹងឯង។

5 . រោគប្រចាំកាយរបស់ស្រ្តីមានផ្ទៃពោះ

រោគមួយចំនួន ដូចជារោគទឹកនោមផ្អែម រោគក្រពេញថៃរ៉យដ៍មានជាតិពុល អាចធ្វើឱ្យកើតសភាវរលូតបុត្របាន បើមិនបានទទួលការព្យាបាលឱ្យជាដាច់មុនពេលតាំងគភ៌ទេនោះ។

នៅពេលដឹងថា ចាប់ផ្ដើមតាំងគភ៌ ហើយមិនចង់ប្រថុយប្រថាននឹងសភាវរលូតបុត្រដែលអាចកើតឡើងបានគ្រប់ពេលនោះ ក៏គួរតែប្រញាប់ទៅពិនិត្យគភ៌ជាមួយគ្រូពេទ្យជំនាញឱ្យបានលឿនបំផុត ដើម្បីនឹងបានពិនិត្យរកមើលភាពខុសប្រក្រតីណាមួយ និងការពារសភាវរលូតបុត្របានទាន់ពេលវេលា៕

Advertisement