ជិតគ្រប់ខែ កូនក្នុងផ្ទៃលែងសូវរើ អាការនេះស្រ្តីមានគភ៌ត្រូវតែដឹង…

ស្រ្តីមានគភ៌ដែលកំពុងជិតគ្រប់ខែគ្រប់រូបធ្លាប់នឹកឆ្ងល់ ឬសង្ស័យដែរឬទេថា ការរើរបស់កូននៅក្នុងផ្ទៃអាចបញ្ជាក់ប្រាប់ពីអាការផ្សេងៗបានជាច្រើន មិនថាតែអាការជិតប្រសូត ឬសូម្បីតែអាការខុសប្រក្រតីដែលកើតឡើងចំពោះទារកនៅក្នុងគភ៌ជាដើម។ ស្រ្តីមានគភ៌ភាគច្រើនៗតែមើលរំលងអំពីរឿងនេះ ឬអាចកំពុងនឹកឆ្ងល់ថា តើកូនតូចនៅក្នុងផ្ទៃដែលលែងសូវរើ ពាក់ព័ន្ធនឹងភាពខុសប្រក្រតី និងជិតដល់ពេលប្រសូតឬទេ? ថ្ងៃនេះ ឡារ៉ែននឹងជម្រាបជូនអំពីរឿងឱ្យបានដឹងទាំងអស់គ្នា។

អាការជិតប្រសូត គឺជាយន្តការធម្មជាតិរបស់រាងកាយដែលធ្វើឱ្យអនាគតអ្នកម្ដាយចាប់ផ្ដើមមានអារម្មណ៍ថាមានការប្រែប្រួលផ្សេងៗកើតឡើង ដើម្បីនឹងបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រសូតដែលនឹងមកដល់នាពេលអនាគតដ៏ឆាប់ៗនេះ ហើយដែលការរើរបស់កូនតូចនៅក្នុងផ្ទៃនេះអាចពាក់ព័ន្ធនឹងអាការទាំងនោះបាន។

ពេលចូលដល់រយៈពេលចុងក្រោយនៃការតាំងគភ៌ ឬក្នុងមិនប៉ុន្មានសប្ដាហ៍ទៀតមុនដល់ពេលប្រសូត នឹងមានអាការសំខាន់ៗមួយចំនួនដែលអនាគតអ្នកម្ដាយត្រូវតាមសង្កេតមើល ដែលមួយនៅក្នុងនោះគឺ ការរើរបស់កូនតូចនៅក្នុងផ្ទៃហ្នឹងឯង។ ដូច្នេះហើយទើបមិនមែនជារឿងប្លែកឡើយដែលស្រ្តីមានគភ៌រកឃើញថា កូនរើ(ធាក់)តិចជាងប្រក្រតីក្នុងអំឡុងត្រីមាសចុងក្រោយនៃការតាំងគភ៌។ មូលហេតុនោះបណ្ដាលមកពីទារកនៅក្នុងគភ៌មានទំហំខ្លួនធំឡើងរហូតពេញទីតាំងក្នុងស្បូនរបស់ម្ដាយហ្នឹងឯង ទើបធ្វើឱ្យការរើខ្លួនរបស់កូនតូចប្រព្រឹត្តឡើងរាងពិបាកជាងពេលមុនៗ។

ជាប្រក្រតី ទារកនឹងរើខ្លាំងឡើងជារឿយៗរហូតដល់គភ៌ជិតមានអាយុ 32សប្ដាហ៍។ ទារកនឹងរើប្រមាណជា 575ដងក្នុងរយៈពេល 12ម៉ោង តែបើពេលណាក៏ដោយដែលអាយុគភ៌ចូលដល់សប្ដាហ៍ទី 40ហើយនោះ ទារកក្នុងគភ៌រើនៅសល់ត្រឹមតែ 282ដងក្នុងរយៈពេល 12ម៉ោងនោះ អាការបែបនេះគួរឱ្យបារម្ភខ្លាំងណាស់។ ក្រៅពីនេះ បើអាយុគភ៌របស់អនាគតអ្នកម្ដាយមិនបានស្ថិតក្នុងត្រីមាសចុងក្រោយទេនោះ ចូរសង្កេតមើលថា តើអាការរើរបស់កូនតូចគួរឱ្យបារម្ភ ឬក៏អត់នោះតាមរយៈរឿងខាងក្រោមនេះ ៈ

  • ក្នុងរយៈពេល 4ម៉ោង កូនតូចរើមិនដល់ 10ដង។
  • បើស្រ្តីមានគភ៌កត់ត្រាចំនួនការរើរបស់កូនជាប្រចាំរៀងរាល់ថ្ងៃ ហើយសង្កេតឃើញថា កូនរើតិចជាងមុនច្រើន ខុសពីប្រក្រតី។
  • ក្នុងរយៈពេល 4ម៉ោងដែលរាប់នោះ កូនមិនមានរើសោះ និងថែមទាំងមានអាការឈឺពោះ និងមានឈាមហូរចេញមកពីរន្ធស្បូនផង។

បើស្រ្តីតាំងគភ៌មានអាការដូចដែលបានរៀបរាប់ខាងលើនេះ សូមកុំបង្អង់យូរ ចូរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម និងបើសិនវាជាភាពខុសប្រក្រតីមែននោះ តើអ្វីគឺជាមូលហេតុដែលធ្វើឱ្យកូនរើតិចជាងមុន?

  1. ដូចដែលបានជម្រាបមកពីខាងដើមហើយថា មូលហេតុដែលធ្វើឱ្យកូនរើតិចជាងមុននោះគឺ មួយ បណ្ដាលមកពីអនាគតអ្នកម្ដាយស្ថិតក្នុងអំឡុងពេលជិតប្រសូត ឬអាចមកពីការដែលអនាគតអ្នកម្ដាយតាំងគភ៌យូរជ្រុលពេករហូតធ្វើឱ្យហួសកំណត់ពេលប្រសូត ជាហេតុធ្វើឱ្យទងសុករបស់ម្ដាយចុះខ្សោយសមត្ថភាពទៅតាមអាយុគភ៌ដែលកើនច្រើនឡើង អាហារ និងអុកស៊ីហ្ស៊ែនដែលបញ្ជូនតាមទងសុកទៅដល់កូនមានបរិមាណថយចុះ។ បើសិនជាដូច្នោះមែន អាចនឹងប្រថុយប្រថានដល់ជីវិតរបស់ទារកក៏ថាបានដែរ។
  2. ប្រអប់ស្បូនរបស់ម្ដាយតូចចង្អៀត ធ្វើឱ្យទារកមិនអាចកម្រើកបានដូចកាលពីពេលមុន ឬអាចបណ្ដាលមកពីភាពខុសប្រក្រតីណាមួយចំពោះទារកក្នុងគភ៌ធ្វើឱ្យមិនមានកម្លាំងរើ។ បើស្រ្តីមានគភ៌បណ្ដោយឱ្យស្ថិតសភាពបែបនោះយូរ អាចប្រថុយប្រថានដល់ជីវិតទារកក្នុងគភ៌។

ដូច្នេះ មិនថាមកពីមូលហេតុអ្វីនោះទេ ការលែងសូវរើ ឬការរើតិចជាងមុនរបស់កូន គឺជារឿងដែលគួរឱ្យវិតក្កកង្វល់ទាំងអស់ ព្រោះបើសិនវាជាសភាវជិតប្រសូតមែននោះ អនាគតអ្នកម្ដាយក៏គួរត្រៀមខ្លួនជាស្រេចដើម្បីចាំទប់ទល់នឹងអាការជិតប្រសូតនេះផង តែបើសិនជាកូនតូចក្នុងផ្ទៃមិនសូវរើ ឬរើតិចជាងមុន ទាំងអាយុគភ៌មិនបានស្ថិតក្នុងសភាវដូចខាងលើនោះ ចូរកុំនៅបង្អង់យូរ ព្រោះអាការនោះអាចរាប់បានថាជាអាការមួយដែលអាចសន្និដ្ឋានបានថា មានភាពខុសប្រក្រតីអ្វីម្យ៉ាងកើតឡើងចំពោះទារកហើយ៕

Advertisement