វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែយ៉ាងណាខ្លះ? អ្នកម្ដាយត្រូវដឹង…

វិវឌ្ឍនាការរបស់កុមារអាយុ 18ខែ ឬវ័យ 1ឆ្នាំកន្លះនេះ លោកឪពុកអ្នកម្ដាយប្រហែលជាល្មមមើលឃើញពីនិស្ស័យ ឬទេពកោសល្យរបស់កូនតូចខ្លះៗហើយថា តើមានបុគ្គលិកលក្ខណៈយ៉ាងណាខ្លះ?។ ក្មេងម្នាក់ៗមានចំណាប់អារម្មណ៍ផ្សេងៗពីគ្នា មានរូបបែបនៃការរៀនយល់ដឹងមិនដូចគ្នា បុគ្គលិកភាពក៏មិនដូចគ្នា ដូច្នេះទើបលោកឪពុកអ្នកម្ដាយមិនគួរប្រៀបធៀបកូនយើងជាមួយកូនរបស់អ្នកដទៃឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមអញ្ជើញលោកឪពុកអ្នកម្ដាយមកមើលពីវិវឌ្ឍនាការក្នុងផ្នែកនីមួយៗរបស់កូនតូចវ័យ 18ខែនេះវិញប្រសើរជាង…។

វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែករាងកាយ

ក្មេងវ័យ 18ខែ មានវិវឌ្ឍនាការខាងបណ្ដុំសាច់ដុំធំ ខ្លាំងជាងបណ្ដុំសាច់ដុំតូចៗ។ ក្មេងភាគច្រើននឹងចេះដើរបានចំណានហើយ និងថែមទាំងចូលចិត្តដើរបានពេញមួយថ្ងៃ ហើយក្មេងខ្លះថែមទាំងអាចចេះដើរថយក្រោយបានទៀតផង។ ក្មេងវ័យនេះនឹងចូលចិត្តលេងតោងឡើងលើកៅអី តុ គ្រែ និងចាប់ផ្ដើមចេះលោតបានខ្លះហើយ តែជាការលោតជើងទាំងពីរដំណាលគ្នា។ អាចឈានឡើងកាំជណ្ដើរបានដោយខ្លួនឯង តែនៅត្រូវមានអ្នកជួយទាញដៃម្ខាងឡើង។ ចំណែកពេលចុះវិញ នឹងនៅតែប្រើក្បាច់វារយកគូទចុះមុនដដែល ហើយការចាប់កាន់ក៏ធ្វើបានល្អហើយ ដោយសារតែភ្នែក និងដៃធ្វើការសហការគ្នាបានល្អហ្នឹងឯង និងអាចប្រើដៃមួលបើកបិទដៃទ្វារ ឬក្បាលរ៉ូប៊ីណេទឹកដោយដៃខាងដែលថ្នឹកបានហើយ។

វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកសតិបញ្ញា និងការរៀនយល់ដឹង

ពីអំឡុងអាយុ 18ខែដល់ 2ឆ្នាំ កូននឹងចាប់ផ្ដើមអភិវឌ្ឍចំណេះដឹងអំពីការមាន និងការបាត់ទៅវិញរបស់មនុស្ស និងវត្ថុរបស់របរផ្សេងៗដែលគេធ្លាប់ឃើញ ឬធ្លាប់លេងហើយ។ កូនតូចនឹងចាប់ផ្ដើមចេះចាំចំណាំបាន និងដឹងពីវត្ថុដែលគេធ្លាប់ឃើញ ទោះជាមិនឃើញនៅពីមុខគេនៅពេលហ្នឹងក៏ដោយ ក៏គេនឹងនៅតែដឹងថា នៅមាន ហើយនឹងព្យាយាមរករបស់ ឬវត្ថុនោះ(ឬមនុស្ស ដូចជាម្ដាយ)បានដែរ។ ដូចជាបើលោកអ្នកយកវត្ថុណាមួយឱ្យគេមើល រួចហើយយកទៅលាក់នៅក្រោមភួយ ដោយធ្វើឱ្យគេមើលឃើញនៅនឹងមុខនោះ គេនឹងដឹងភ្លាមថា វត្ថុនោះនៅក្រោមភួយ ហើយនឹងប្រញាប់យកដៃចាប់ទាញភួយចេញដើម្បីឱ្យបានឃើញវត្ថុនោះជាមិនខាន។

វិវឌ្ឍនាការរបស់ក្មេងអាយុ 18ខែ ខាងផ្នែកភាសា និងការទំនាក់ទំនង

កូនចាប់ផ្ដើមយល់ពីពាក្យដែលនឹងប្រើសម្រាប់ប្រាប់ជាភាសាបានច្រើនឡើងហើយ ទោះជាបញ្ចេញសំឡេងចេញមកបានមិនអស់គ្រប់ពាក្យក៏ដោយ និងចេះនិយាយជាប្រយោគខ្លីបាន ដូចជាទៅដើរលេង ញ៉ាំទឹក ម៉ាក់ព…ជាដើម។ អ្នកម្ដាយចាំបាច់ត្រូវបង្កើន និងជំរុញវិវឌ្ឍនាការដល់កូនជាបន្តបន្ទាប់យ៉ាងជាប់លាប់ ដោយជំរុញឱ្យកូននិយាយឱ្យបានញឹកញាប់ បង្ហាត់ឱ្យគេចេះហៅឈ្មោះវត្ថុនោះគ្រប់ពេល ឬសួរជាសំណួរដើម្បីឱ្យកូនមានឱកាសបានរំឭកពីអ្វីដែលបានរៀនយល់ដឹងកន្លងមកដើម្បីឆ្លើយចេញមកជាពាក្យសំដីបាន។

ឪពុកម្ដាយគួរចាប់ផ្ដើមបង្រៀនកូនឱ្យស្គាល់ “ខុស-ត្រូវ” និង “គួរ-មិនគួរ” ផង ដោយការធ្វើខ្លួនជាគំរូ និងសម្ដែងចេញពីក្ដីសុភាព ក្ដីគោរព និងភាពអនុគ្រោះចំពោះអ្នកដទៃ។ មិនគួរប្រើអំពើហិង្សា ដូចជាការវាយ ឬការស្រែកជេរបញ្ចោរថាឱ្យក្មេងធ្វើជាការបង្ហាត់បង្រៀនកុមារឡើយ ព្រោះអំពើហិង្សាដែលមនុស្សធំធ្វើទៅលើក្មេង មិនបានជួយធ្វើឱ្យអ្វីៗល្អប្រសើរឡើងឡើយ តែវាថែមទាំងធ្វើឱ្យគ្រប់យ៉ាងកាន់តែអាក្រក់ទៅ ក្មេងនឹងរឹតតែតតាំងខ្លាំងឡើង ហើយនឹងរៀនយល់ដឹងថា ការប្រើកម្លាំងបាយជារឿងធម្មតា ដែលគេក៏អាចប្រើកម្លាំងបាយទៅលើអ្នកដទៃបានដូចគ្នាដើម្បីឱ្យបាននូវអ្វីដែលខ្លួនត្រូវការ ព្រោះគេធំធាត់ឡើងមកក្នុងសភាវបែបហ្នឹង ដែលនេះគឺជាបញ្ហាធំមួយនៅពេលអនាគត៕

Advertisement