អាហារផ្អែមបែបណា ដែលស័ក្តិសមនឹងស្រ្តីមានផ្ទៃពោះបំផុត

អាហារដែលមានរសជាតិផ្អែមជាអាហារដែលត្រូវមាត់មនុស្សជាច្រើន រសជាតិផ្អែមជួយជំរុញភាពឃ្លានអាហារបានយ៉ាងល្អ ហើយមនុស្សភាគច្រើនក៏និយមអាហាររសជាតិផ្អែម រហូតដល់លើសពីតម្រូវការរបស់រាងកាយ ដែលជាមូលហេតុបណ្តាលឱ្យកើតជម្ងឺផ្សេងៗបានដែរ។ ដូច្នេះពេលនេះយើងនាំគ្នាមកស្គាល់ពីអាហាររសជាតិផ្អែមថា តើគួរបរិភោគប៉ុនណាទើបសមរម្យល្មមសម្រាប់ស្រ្តីអ្នកមានផ្ទៃពោះ។

លោកគ្រូពេទ្យបានណែនាំឱ្យអ្នកមានផ្ទៃពោះ គ្រប់គ្រងការបរិភោគអាហារដែលមានរសជាតិផ្អែម ឱ្យស្ថិតនៅ​ក្នុងកម្រិតសមល្មម គឺកុំបរិភោគតាមចិត្តចង់ កាត់បន្ថយអាហារផ្អែមឱ្យបានច្រើនបំផុត និងគ្រប់គ្រងការបរិភោគជាតិស្ករ ឬបង្អែមដូចខាងក្រោមនេះ ៖

  • ញ៉ាំទឹកផ្លែឈើស្រស់ដែលមិនដាក់ស្ករ ជំនួសភេស្ជជៈកំប៉ុង។
  • កាត់បន្ថយស្ករក្នុងការផ្សំគ្រឿងម្ហូបអាហារចំនួនពាក់កណ្តាលពីទម្លាប់ចាស់។
  • បរិភោគផ្លែឈើស្រស់ និងបន្លែឱ្យបានច្រើន ព្រោះវានឹងធ្វើឱ្យរាងកាយទទួលបានជាតិស្ករល្អយ៉ាងគ្រប់គ្រាន់។
  • ចៀសវាងអាហារកញ្ចប់ ឬកំប៉ុងផ្សេងៗ តែបើចាំបាច់ត្រូវបរិភោគ គួរមើលពីគ្រឿងផ្សំថា តើមានជាតិស្ករតិច ឬច្រើនប៉ុនណា។
  • ខ្ពុរមាត់ ឬដុសធ្មេញក្រោយពេលបាយ ឬក្រោយពេលបរិភោគបង្អែមរួច និងគួរប្រើខ្សែអំបោះខាត់សម្អាតធ្មេញយ៉ាងហោចណាស់ 1ថ្ងៃម្តង ដើម្បីកុំឱ្យមានកម្ទេចអាហារនៅជាប់សេសសល់តាមប្រឡោះធ្មេញ។
  • បើសិនត្រូវប្រើស្ករ គួរជ្រើសរើសប្រើស្ករអំពៅ ជំនួសស្ករ-ស។
  • មិនគួរបរិភោគស្ករ-សលើសពី 3ស្លាបព្រាបាយក្នុង 1ថ្ងៃឡើយ (សម្រាប់មនុស្សដែលមានរាងកាយមាំមួន)។
  • ជាធម្មតា ពេលយើងបរិភោគបាយ បន្លែ និងផ្លែឈើនោះ គឺយើងបានទទួលជាតិស្ករគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយស្រាប់ទៅហើយ ។

តើយើងទទួលបានរសជាតិផ្អែមដោយវិធីណា?

មនុស្សយើងឆាប់ទទួលយករសជាតិផ្អែមខ្លាំងបំផុត ព្រោះនៅលើអណ្តាតមានក្រពេញទទួលរសជាតិផ្អែមច្រើនជាងរសជាតិផ្សេងៗ ដូច្នេះបើយើងបរិភោគអាហារដែលមានរសជាតិផ្អែមញឹកញាប់ នឹងធ្វើឱ្យយើងញៀនរសជាតិផ្អែម​ ជា​​ពិសេសការបរិភោគស្ករដែលយើងដាក់នៅក្នុងអាហារផ្សេងៗនោះ នឹងធ្វើឱ្យរាងកាយយើងទទួលបានជាតិស្ករច្រើនជ្រុលដោយមិន​ដឹង​ខ្លួន ទាំងអាហារពីធម្មជាតិក៏មានជាតិស្ករស្រាប់ទៅហើយ មានដូចជា ៖

  • ខាបូហាយដ្រេត ពេលឆ្លងកាត់កម្មវិធីរំលាយអាហារហើយ វានឹងក្លាយទៅជាជាតិស្ករ គ្លុយខូស ហើយនឹងត្រូវបានបឺត​​ជ្រាបចូលទៅក្នុងខ្សែលោហិតជាបន្ត ទៅធ្វើជាថាមពលការងារដល់កោសិកាអវយវៈផ្សេងៗ។
  • ផ្លែឈើស្ទើរតែគ្រប់ប្រភេទមានជាតិស្ករជាចំណែកផ្សំដោយធម្មជាតិស្រាប់ទៅហើយ និងអាចយកទៅប្រើប្រាស់បានភ្លាមតែម្តង។
  • អាហារកញ្ចប់ និងអាហារកំប៉ុងផ្សេងៗ ដូចជា ទឹកញាំសាលាដ ទឹកដោះគោ យ៉ាអួ នំខេក ឬសូម្បីតែទឹកស៊ីអ៊ីវក៏មានស្ករជាចំណែកផ្សំដែរ៕
Advertisement