ឱ្យកូនបៅដោះហើយ ដោះនឹងយារធ្លាក់មែនឬ? និងវិធីការពារសុដន់យារធ្លាក់ក្រោយពេលកូនលែងបៅ

Young mother feeding her little baby with breast at home - indoors

“សុដន់ ឬដោះ” ត្រូវបានធម្មជាតិសាងឡើងដើម្បីផលិតទឹកដោះឱ្យកូនដែលជាទារកទើបនឹងកើត តែខណៈពេលជាមួយគ្នា ក៏ជាផ្នែកមួយដែលធ្វើឱ្យស្ត្រីមានមន្តស្នេហ៍ក្នុងខ្សែភ្នែកបុរសដែរ ដូច្នេះហើយទើបមានស្ត្រីជាម្ដាយមួយចំនួនកង្វល់បារម្ភរឿងសុដន់យារធ្លាក់ក្រោយពេលមានកូន និងឱ្យកូនបៅទឹកដោះគោ ជំនួសការឱ្យកូនបៅទឹកដោះខ្លួនឯង ព្រោះតែយល់ថា “ឱ្យកូនបៅដោះយូរៗទៅ នឹងធ្វើឱ្យដោះធ្លាក់យារ!!” ទាំងការពិតវិញ ចង់ឱ្យកូនបៅដោះ ឬមិនឱ្យកូនបៅដោះ ក៏សុដន់ស្ត្រីជាម្ដាយត្រូវតែយារធ្លាក់គ្រប់តែគ្នាហ្នឹង…បើមិនចេះមើលថែទាំខ្លួន។

មូលហេតុបណ្ដាលមកពីអ្វី?

  • គ្រាន់តែមានគភ៌ ក៏យារបាត់ទៅហើយ ៈ សុដន់របស់មនុស្សស្រីនឹងចាប់ផ្ដើមយារតាំងពីពេលចាប់ផ្ដើមតាំងគភ៌ម្ល៉េះ។ មូលហេតុ មកពីទំហំរបស់ “សុដន់” ដែលនឹងមានការរីកធំឡើង ដើម្បីត្រៀមជាស្រេចក្នុងការផលិតទឹកដោះឱ្យកូន និងបរិវេណក្បាលសុដន់ក៏នឹងធំឡើង និងមានពណ៌ស្រអាប់ឡើងដែរ។ សរសៃឈាមខ្មៅនឹងមានខ្នាតធំឡើង រហូតមើលឃើញយ៉ាងច្បាស់ ដូច្នេះទោះជាក្រោយពេលឆ្លងទន្លេ មិនបានឱ្យកូនបៅដោះក៏ដោយ ក៏នៅតែយារដូចគ្នា ដោយនឹងចាប់ផ្ដើមយារធ្លាក់ចុះម្ដងបន្តិចៗ ហើយនឹងខ្លាំង ឬតិចប៉ុនណា អាស្រ័យលើទំហំរបស់សុដន់ បរិមាណខ្លាញ់ក្នុងខ្លួន និងអាយុរបស់ស្រ្តីខ្លួនឯង។
  • ក្រុមអ្នកម្ដាយដែលមានទឹកដោះច្រើនខ្លាំងពេក ៈ ស្ត្រីជាម្ដាយដែលឡើងដោះខ្លាំង មានឱកាសសុដន់រីកយារខ្លាំងជាងស្ត្រីជាម្ដាយដែលមានសុដនតូច ព្រោះសុដន់ក៏ដូចប៉ឺតប៉ោងដែរ ពេលវាប៉ោង វាក៏ណែនខ្លាំង ពេលឈប់ឱ្យកូនបៅដោះ វាក៏ធូរស្ពេតខ្លាំងដូចគ្នា។ តែទាំងអស់នេះ ក៏មិនមែនមានន័យថា វានឹងកើតឡើងចំពោះស្ត្រីជាម្ដាយគ្រប់គ្នានោះដែរ ព្រោះបើសិនជាស្ត្រីជាម្ដាយមើលថែទាំខ្លួនឯងបានល្អ ចេះហាត់ប្រាណពង្រឹងសាច់ដុំសុដន់ ទោះជាកូនញឹក(ច្រើន) ឬឱ្យកូនបៅដោះរយៈពេលយូរប៉ុនណា ក៏សុដន់អាចនឹងត្រឡប់មកតែងណែនដូចដើមបានដែរ។

បច្ច័យផ្សេងៗទៀតដែលមិនពាក់ព័ន្ធនឹងការឱ្យកូនបៅដោះ

  1. បារី ៈ មិនជឿ ក៏ត្រូវតែជឿដែរថា បារីជាវត្ថុគ្រោះថ្នាក់ដែលធ្វើឱ្យស្រ្តីសុដនយារខ្លាំងជាងឱ្យកូនបៅទៅទៀត។
  2. អាយុ ៈ មិនថានឹងមានកូន ឬមិនមានកូននោះទេ នៅពេលមនុស្សស្រីអាយុកើនច្រើនឡើង “ភាពចាស់ជរា” នឹងធ្វើឱ្យសុដន់យារធ្លាក់ទៅតាមវ័យជាបណ្ដើរៗ។
  3. អម្បូរពូជ ៈ បើសិនជាម្ដាយ ឬលោកយាយរបស់អ្នកមានអម្បូរពូជសុដនយារធ្លាក់ អ្នកខ្លួនឯងក៏មានភាគរយខ្ពស់ក្នុងការដែលសុដននឹងយារធ្លាក់បានដូចគ្នា។
  4. ភាពធាត់ ៈ ស្រ្តីមានគភ៌មិនគួរបណ្ដោយខ្លួនឱ្យធាត់ជ្រុលពេកទេ! ព្រោះទម្ងន់ខ្លួនដែលឡើងលឿន ចុះលឿន នឹងធ្វើឱ្យស្បែកយារធ្លាក់​ដែលមិនមែនត្រឹមតែសុដន់ប៉ុណ្ណោះទេ គឺទូទាំងដងខ្លួនតែម្ដង។
  5. ពាក់អាវទ្រនាប់ដែលមិនសមល្មមនឹងសុដន ៈ រឹបណែនជ្រុល ឬរលុងជ្រុលពេករហូតមិនអាចទទួលទ្រទម្ងន់របស់សុដន់បាន។

មកដល់ពេលនេះហើយ ឡារ៉ែនជឿថា ស្រ្តីដែលមានកូន មិនថាទីបំផុតទៅ សុដន់នឹងតឹងណែន ឬនឹងយារធ្លាក់ក្ដី ក៏ប្រហែលជាមិនសំខាន់ស្មើនឹងការបំបៅដោះកូនដែរ ព្រោះខ្លាំងជាការបំបៅដោះកូនដើម្បីឱ្យកូនបានទទួលសារធាតុអាហារដែលមានប្រយោជន៍ពីទឹកដោះម្ដាយនោះ ការលើកកូនបីឱ្យបៅដោះ គឺជាការបញ្ជូនក្ដីស្រឡាញ់ ភាពកក់ក្ដៅដែលគ្មានវិធីណាល្អស្មើនឹងវិធីនេះឡើយ៕

Advertisement