4វិធីឆុងទឹកដោះគោឱ្យកូនមឹមដែលត្រឹមត្រូវ គ្មានពពុះ ជួយការពារទារកហើមពោះបាន

ការឆុងទឹកដោះគោ ជាដំណាក់កាលគ្រឹះដំបូងក្នុងការចិញ្ចឹមកូនដែលអាចហៅបានថា ជាចំណេះដឹងមូលដ្ឋានសម្រាប់ស្រ្តីជាម្ដាយគ្រប់រូប ហើយអ្នកម្ដាយគ្រប់គ្នាក៏ប្រហែលជាដឹងពីវិធីការឆុងទឹកដោះគោស្រាប់ហើយ តែដឹងទេថា រឿងដែលយើងគិតថាងាយ និងធ្វើតាមបែបដែលនរណាៗក៏គេធ្វើដែរនោះ អាចជាវិធីឆុងទឹកទឹកដោះគោដែលស្រ្តីជាម្ដាយទាំងអស់យល់ច្រឡំមករហូត ជាពិសេសការឆុងទឹកដោះគោឱ្យទារកអាយុ 0-3ខែ ដែលប្រព័ន្ធរំលាយអាហារនៅមិនទាន់ល្អពេញលេញ។ ការឆុងទឹកដោះគោដែលមិនត្រឹមត្រូវ អាចធ្វើឱ្យកូនកើតអាការហើមពោះ មិនស្រួលពោះ បត់ខ្លួនចុះឡើងញឹកញាប់ និងយំរករឿងមិនឈប់ក៏មាន ដូច្នេះ មុននឹងឆុងទឹកដោះគោឱ្យកូន អ្នកម្ដាយនាំគ្នាមកពិនិត្យមើលសិនប្រសើរជាងថា តើបានធ្វើរឿងទាំងអស់នេះដែរឬទេ?

1.ដាក់ម្សៅទឹកដោះគោចូលទៅក្នុងដបមុនដាក់ទឹក…ការពិតវិញ ត្រូវដាក់ទឹកចូលសិន មុននឹងដួសម្សៅទឹកដោះគោដាក់ចូលទៅ

អ្នកម្ដាយជាច្រើនតែងស៊ាំធ្លាប់ជាមួយការដួសម្សៅទឹកដោះគោដាក់ចូលដបទឹកដោះគោ រួចហើយទើបដាក់ទឹកចូលទៅ។ ការធ្វើបែបនេះ គឺជារឿងដែលមិនត្រឹមត្រូវសោះតែម្ដង ព្រោះការដែលអ្នកម្ដាយដាក់ម្សៅទឹកដោះគោចូលទៅមុន នឹងធ្វើឱ្យបរិមាណរបស់ទឹកតិចជាងការពិត ធ្វើឱ្យកូនតូចបានទទួលទឹកដោះគោក្នុងបរិមាណដែលខាប់ជ្រុល និងអាចធ្វើឱ្យកូនកើតអាការទល់លាមកបាន។

2.ប្រើទឹកក្ដៅឆុងទឹកដោះគោ…ការពិតទៅ ត្រូវប្រើទឹកដាំឆ្អិនដែលទុករហូតទាល់តែត្រជាក់ស្មើនឹងសីតុណ្ហភាពក្នុងបន្ទប់

ការដែលអ្នកម្ដាយប្រើទឹកក្ដៅឆុងទឹកដោះគោឱ្យកូន គឺជារឿងដែលមិនត្រឹមត្រូវឡើយ ព្រោះទឹកក្ដៅនឹងធ្វើឱ្យទឹកដោះគោផ្ដុំគ្នាជាដុំៗ និងបំផ្លាញសារធាតុអាហារមួយចំនួនដែលមាននៅក្នុងម្សៅទឹកដោះគោ។ ទឹកដាំឆ្អិនដែលមានសុវត្ថិភាពសម្រាប់កូនគួរដាក់នៅក្នុងដបស្អាតដែលធ្វើពីកែវ មិនមែនប្លាស្ទិកដែលមានប្រតិកម្មជាមួយទឹកក្ដៅនោះទេ។

3.ក្រឡុកឡើង-ចុះខ្លាំងៗរហូតទឹកដោះបាញ់ចេញឆ្វាចពីក្បាលដប…គឺជាវិធីដែលខុស ព្រោះការពិតទៅ គ្រាន់តែលុញ ឬបង្វិលដបជុំវិញក៏គ្រប់គ្រាន់ហើយ

ការក្រឡុកឡើង-ចុះបែបខ្លាំង គឺជាវិធីប្រក្រតីដែលអ្នកម្ដាយទាំងឡាយចូលចិត្តធ្វើ ប៉ុន្តែវាជាវិធីដែលធ្វើឱ្យកើតពពុះច្រើនបំផុត ហើយការដែលកូនជញ្ជក់ពពុះខ្យល់ចូលទៅ ក៏នឹងធ្វើឱ្យកើតហ្គាសនៅក្នុងក្រពះ ជាមូលហេតុមួយដែលធ្វើឱ្យកូនហើមពោះ និងមិនស្រួលក្នុងពោះ។ វិធីបន្ថយអាការហើមពោះរបស់កូន គឺលើកកូនឡើងឱ្យភើក្រោយពេលមឹមឆ្អែត និងមិនក្រឡុកដបទឹកដោះគោឡើង-ចុះខ្លាំងៗ តែចូរប្រើវិធីលុញដបឱ្យវិលជុំវិញដោយបាតដៃទាំងសងខាងវិញ នឹងធ្វើឱ្យម្សៅទឹកដោះគោ និងទឹកចូលគ្នាបានដោយមិនកើតមានពពុះ។

4.ឆុងទឹកដោះគោច្រើនជ្រុល រហូតកូនបៅមិនអស់…ការពិត គួរឆុងល្មមតែកូនបៅអស់ទើបជាការប្រសើរ

ឆុងទឹកដោះគោល្មមតែកូនបៅអស់ ឬបើកូនបៅមិនអស់ ទឹកដោះគោដែលសល់ អាចរក្សាទុកបានក្នុងសីតុណ្ហភាពប្រក្រតី តែមិនគួរលើសពី 1ម៉ោងឡើយ។ ក្រៅពីនេះ ការឆុងទឹកដោះគោឱ្យកូនបៅច្រើនជ្រុលពេក អាចធ្វើឱ្យកើតសភាវ Overfeeding ឬរាងកាយបានទទួលទឹកដោះគោលើសពីចាំបាច់ ដូច្នេះឆុងល្មមតែកូនអាចបៅអស់ ដោយអ្នកម្ដាយអាចគណនាបរិមាណទឹកដោះគោដែលកូនតូចត្រូវការក្នុង 1ពេលៗ វានឹងជួយបន្ថយអាការក្អែរទឹកដោះ ឬក្អួតចេញមកវិញចំពោះទារកអាយុ 0-3ខែបាន។

មានបច្ច័យជាច្រើនដែលធ្វើឱ្យអ្នកម្ដាយចាំបាច់ត្រូវតែឆុងទឹកដោះគោឱ្យកូនបៅ មិនថាតែអ្នកម្ដាយដែលប្រសូតដោយការវះកាត់ មិនសូវមានទឹកដោះ ឬទឹកដោះក្រចេញ ឬអ្នកម្ដាយដែលមានបញ្ហាខាងសុខភាពក្ដី តែសូមកុំភ្លេចថា “ទឹកដោះម្ដាយ” គឺជាអាហារដ៏ល្អបំផុតសម្រាប់កូនតូចវ័យ 0-6ខែ ហើយទឹកដោះម្ដាយ គឺជាអាហារចម្បងដែលល្អចំពោះកូនខ្លាំងបំផុត៕

Advertisement