នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

Happy Asian Family Playing on the beach

នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

…តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

ពិនិត្យមើលទីកន្លែង

ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

រៀនជាមួយនឹងធម្មជាតិ

ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

. ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

  1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
  2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
  3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
  4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕

Advertisement