តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

នៅតែជាចំណុចមួយដែលមានការជជែកតវ៉ាគ្នាបានជានិច្ច សម្រាប់ករណី “តុបតែងមុខចូលបន្ទប់ប្រសូត” ដូច្នេះនៅថ្ងៃនេះ ឡារ៉ែននឹងមកបកស្រាយចម្ងល់ដែលថា ការពិតទៅ តើស្រ្តីមានផ្ទៃពោះដែលត្រូវប្រសូតបុត្រអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើបែបណាអាចធ្វើបាន ដោយមិនទៅទើសទែង ឬរំខានការប្រតិបត្តិភារកិច្ចរបស់គ្រូពេទ្យរហូតមានគ្រោះថ្នាក់ដល់កូន ជូនស្រ្តីមានផ្ទៃពោះដែលកំពុងត្រៀមខ្លួនប្រសូតបុត្រទាំងអស់ឱ្យបាត់ងឿងឆ្ងល់ដូចខាងក្រោម…។

ការតុបតែងមុខមាត់ចូលបន្ទប់ប្រសូតនេះ ជារឿងមួយដែលស្រ្តីមានគភ៌ជាច្រើនប្រហែលជាធ្លាប់នឹកឆ្ងល់ខ្លះមកហើយមិនខានថា តើការពិតទៅ “អាចបានទេ?” “ហេតុអីត្រូវហាម?” និង”ហេតុអីអ្នកខ្លះធ្វើបាន ហើយអ្នកខ្លះទៀតធ្វើមិនបាន?” ព្រោះអំឡុងពេលដែលបានឃើញមុខកូនជាលើកដំបូង គឺជាអំឡុងពេលសំខាន់បំផុតក្នុងជីវិតដែលនរណាៗក៏ចង់រក្សារូបភាពនោះទុកជាអនុស្សាវរីយ៍ ដែលមនុស្សជាម្ដាយខ្លួនឯងក៏ចង់ថតរូបលើកដំបូងជាមួយកូនក្នុងបែបដែល “មើលទៅមិនស្លេកស្លាំង ឬទ្រុឌទ្រោម” ដែរ។ ដូច្នេះ ការបានដឹងពីការកំណត់ និងច្បាប់ទម្លាប់ផ្សេងៗ នឹងធ្វើឱ្យស្រ្តីមានផ្ទៃពោះអាចប្រតិបត្តិខ្លួនបានយ៉ាងត្រឹមត្រូវ និងសមរម្យឡើងផងដែរ។

តើស្រ្តីមានផ្ទៃពោះអាចតុបតែងមុខចូលបន្ទប់ប្រសូតបានទេ?

ភាគច្រើន “បន្ទប់វះកាត់ ឬបន្ទប់ប្រសូត” តែងមានច្បាប់វិន័យក្នុងការប្រតិបត្តិយ៉ាងតឹងរ៉ឹងដើម្បីភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺ ដូច្នេះហើយទើបមន្ទីរពេទ្យភាគច្រើនមិនអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះតុបតែងមុខមាត់ លាបក្រចកដៃ-ជើងចូលបន្ទប់ប្រសូតក្នុងគ្រប់ករណីទាំងអស់ លើកលែងតែគ្រូពេទ្យអនុញ្ញាត។ តែមន្ទីរពេទ្យឯកជនខ្លះអាចអនុលោមឱ្យស្រ្តីមានផ្ទៃពោះអាចតុបតែងមុខមាត់ពេលប្រសូតបុត្របាន ​ តែទាំងអស់នេះ ស្រ្តីមានផ្ទៃពោះគួរតែសួរនាំគ្រូពេទ្យជាមុនថា តើអាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបានដែរឬទេ? ព្រោះមិនដូច្នោះទេ ស្ត្រីមានគភ៌អាចនឹងត្រូវគ្រូពេទ្យបញ្ជាឱ្យទៅលាងមុខចេញមិនខាន។

ហេតុផលក្នុងការហាមតុបតែងមុខមាត់ លាបក្រចករបស់អ្នកមានផ្ទៃពោះខណៈចូលបន្ទប់ប្រសូត

  • ហាមតុបតែងមុខមាត់ ៈ ព្រោះខណៈពេលធ្វើការប្រសូត រាងកាយរបស់ស្ត្រីមានគភ៌នឹងមានការប្រែប្រួលស្ថិតក្នុងសភាវផ្សេងៗ ដូច្នេះការមិនតុបតែងលាបមុខលាបមាត់ គឺដើម្បីឱ្យគ្រូពេទ្យ ឬអ្នកជំនួយការគ្រូពេទ្យអាចសង្កេតមើលទឹកមុខ ពណ៌បបូរមាត់របស់ស្រ្តីមានគភ៌ថា តើមានពណ៌បៃតង ស្វាយ ស្លេកស្លាំងពីការបាត់បង់ឈាម ខ្វះខ្យល់អុកស៊ីហ្ស៊ែន ឬកើតសភាវពិបាកដកដង្ហើម ឬអត់ហ្នឹងឯង។
  • ហាមលាបក្រចកដៃ ៈ ព្រោះពេលខ្លះគ្រូពេទ្យនឹងសង្កេតមើលលើក្រចកដៃរបស់ស្រ្តីមានគភ៌ថា តើមានការបាត់បង់ឈាម បាត់បង់ជាតិទឹកអស់ច្រើនដែរឬទេ? មើល Capillary refill (ចុចលើក្រចក ដើម្បីសង្កេតមើលភាពខុសប្រក្រតី មើលថា តើពេលចុចហើយ ក្រចកនឹងត្រឡប់មកជាពណ៌ផ្កាឈូកវិញឬទេ?)។
  • បន្ទប់វះកាត់ ឬបន្ទប់ប្រសូត គឺជាទីកន្លែងគ្មានមេរោគ ៈ ការនាំយកវត្ថុប្លែកចម្លែកពីខាងក្រៅចូលទៅ ភាពប្រថុយក្នុងការឆ្លងមេរោគក៏នឹងមានច្រើនឡើងដែរ ព្រោះសូម្បីតែគ្រូពេទ្យ ឬឆ្មបក៏នៅប្ដូរសម្លៀកបំពាក់ថ្មី ប្ដូរស្បែកជើងថ្មីគ្រប់ពេលដែលចូលធ្វើការក្នុងបន្ទប់នេះ។ ការដែលបន្ទប់វះកាត់ ឬបន្ទប់ប្រសូតមានច្បាប់វិន័យក្នុងការប្រតិបត្តិដែលតឹងរ៉ឹងច្រើនបែបនេះ គឺដើម្បីភាពស្អាត មានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺទាំងអស់។

ចង់ស្រស់ស្អាតពេលចូលបន្ទប់ប្រសូតបែបមិនខុសរបៀបវិន័យ ត្រូវធ្វើយ៉ាងណា?

ក្នុងករណីដែលគ្រូពេទ្យអនុញ្ញាត ស្ត្រីមានគភ៌អាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបាន តែគួរជាការតុបតែងមុខមាត់បែបស្រាលៗ ថ្លាៗ មិនតុបតែងបែបពោរពេញហូរហៀរ ដិតខ្លាំង លាបម្សៅទ្រនាប់បែបក្រាស់ឃ្មឹកនោះទេ ព្រោះដូចដែលបានរៀបរាប់ប្រាប់ពីខាងដើមរួចមកហើយថា អាចនឹងធ្វើឱ្យពិបាកដល់ការសង្កេតមើលអាការផ្សេងៗ តែបើសិនជាគ្រូពេទ្យមិនអនុញ្ញាតទេ ស្រ្តីមានគភ៌អាចនឹងគូសចិញ្ចើម តរោមភ្នែកតាំងពីមុនដល់ថ្ងៃប្រសូត និងប្រើ Application តុបតែងរូបភាព ជួយឱ្យរូបភាពចេញមកស្រស់ស្អាតជាងស្ថានភាពពិតនៅពេលនោះបាន…អាហ្នឹងមិនបានខុសនឹងបម្រាមទេ៕

Advertisement