តើឪពុកម្តាយត្រូវធ្វើដូចម្តេច ទើបកូនមានទឹកចិត្តក្លាហាន ?

ឪពុកម្តាយ​គ្រប់រូប​តែងតែ​ ចង់ឱ្យ​កូន​ជាទី​ស្រឡាញ់​ក្លាយជា​មនុស្ស ក្លាហាន​អង់អាច តែមានចិត្តស្លូតបូត កាន់​ធម៌​សុចរិត​នៅក្នុង​ខ្លួន ​។ អ្វីដែល​ធ្វើឱ្យ​យើងកាន់តែ​សប្បាយចិត្តទៅ​ទៀត​នោះ​ គឺពេលបាន​ឃើញ​កូន​របស់យើង​ហ៊ាន ​ប្រឈមមុខ និងដោះស្រាយ​នូវ​រាល់​បញ្ហា​បាន និង​ឈានទៅរក​ភាពជោគជ័យ​បានទៀត​ផង ​។ ​ដូច្នេះ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់ ​គួរតែ​អប់រំ​បុត្រ​ធីតា​របស់ខ្លួន​ឲ្យ​មាន​ភាពក្លាហាន ​ហើយ​ចំណុច​ដែល​គួរ​ អប់រំ​ និងបង្ហាត់ដល់​កូន​នោះ​មានដូចជា ​៖

  1. បណ្តុះ​ផ្នត់គំនិត ឱ្យ​កូន​មាន​ភាពក្លាហាន : ​​យើង​អាចបង្កើត​នូវ​មោទនភាពក្នុង​គ្រួសារ ដោយ​បង្ហាញ​ពី​ជាតិ​សាសន៍របស់​ខ្លួន​ថា មាន​ភាពក្លាហាន​ជាងគេ នោះគឺយើង​បាន​បង្រៀន​ឱ្យ​កូន​មាន​ភាពក្លាហាន ក្នុង​ការធ្វើ​អ្វីមួយ ឬ​ដោះស្រាយ បញ្ហា​អ្វីមួយរួចស្រេចទៅហើយ ​។ ការបង្រៀន​កូន​ឱ្យ​យល់ដឹង​ពី​ប្រ​វ​ត្ដិ​សាស្ដ្រនៃពូជសាសន៍​បែបនេះ វា អាចជា​ការជំរុញ​ឱ្យ​កូន​កាន់តែ​មានទឹក​ចិ​ត្ដ​អង់អាច​ក្លាហានឡើងទៀតដែរ​ ។​
  2. ត្រូវ​សរសើរ​​កូន​នៅពេលណា​ដែល​គេក្លាហាន​ហ៊ាន​ប្រឈមមុខ ​និងហ៊ាន​ដោះស្រាយ : លោក​ឪ​ពុក​អ្នកម្ដាយ អាចបង្ហាត់បង្រៀនឱ្យ​កូនក្លាហានហ៊ាន​​ប្រឈមមុខនឹងបញ្ហា​នានាជាប្រចាំ​ដូចជា​ ការឡើង​និយាយ​នៅ​ចំពោះ​មុខ​សិស្ស​ដូច​គ្នា​នៅក្នុង​ថ្នាក់រៀន ចេះហ៊ានសំរេចចិត្តក្នុងការជួយសង្រ្គោះមិត្តភក្តិ ឬក៏​លេង​កីឡា ជាដើម ​។ នៅពេល​កូន​របស់​លោក​​​​អ្នកក្លាហាន​ហ៊ាន​ធ្វើ​ការងារ​ទាំងនោះ​បាន លោកឪពុកអ្នកម្តាយត្រូវតែចេះ​សរសើរ​លើក​ទឹក​ចិ​ត្ដ និង ផ្ដល់​កម្លាំង​ចិត្ដ​​​ដ​ល់​កូន ​។ ទាំងអស់នេះ គឺជា​ការបង្រៀន​ឱ្យ​កូនលោក​អ្នក កាន់​តែមានទឹកចិត្តល្អ និងមាន​ភាពក្លាហាន​ឡើងផងដែរ ​។​
  3. ត្រូវ​លើក​ពី​បុគ្គល​ដែលមាន​ភាពក្លាហាន​ពិតៗក្នុងសង្គម​ប្រាប់​កូន : ​នៅពេល​គិតដល់​អ្នក​ដែលមាន​សេចក្ដីក្លាហាន គឺ​យើង​តែង​នឹកទៅដល់​កងទ័ព ពួកអ្នកស្ម័គ្រចិត្ត ពួកអ្នកជួយសង្រ្គោះ អ្នក​ពន្លត់អគ្គីភ័យ​ជាដើម ពួកគេ​ទាំង​នោះ អាច​ផ្ដល់​គំរូនៃ​ភាពក្លាហាន​ដល់​កូនរបស់លោក​អ្នកបាន ​។ ក្រៅពីនេះ អ្នក​ក៏​អាច​សរសេរ​ជា​សុភាសិត ​បិទ​ជាប់​នឹង​ជញ្ជាំង ឬ​សរសេរ​ពាក្យស្លោក​លើ​ក្ដារខៀន ដែល​បណ្តុះ​ទឹក​ចិ​ត្ដ​កូនរបស់លោក​អ្នក​ឱ្យមានភាព​ក្លាហាន ​ដូចជា “ភាព​ក្លាហាន​នឹងធ្វើឱ្យ​មនុស្សទទួល​ជោគជ័យ​” ជាដើម ​។​
  4. ត្រូវបង្កើត​ទំនាក់ទំនង​ស្និទ្ធស្នាល​​ជាមួយ​កូនជាប្រចាំ : ​ជជែកលេង​ជាមួយ​កូនរបស់​អ្នកជា​ប្រចាំ និង​ដោយ​ចំហ​ រៀបរាប់ប្រាប់គេ​នូវ​អ្វីដែល​បានកើត​ឡើង​ចំពោះ​អ្នក ពេលដែលអ្នកនៅមានវ័យប៉ុនគេ និងប្រាប់​ពី​វិធី និងរបៀប​ដោះស្រាយ​​រាល់​បញ្ហា​នានា​ដែលអ្នកធ្លាប់ជួបនៅពេលនោះ ។ ប្រសិនបើ​កូន​អ្នក មាន​ភាពក្លាហាន​ហ៊ាន​និយាយប្រាប់​អ្នកវិញ ពី​បញ្ហា​របស់គេ​ដោយ​ចំហ​នោះ អ្នក​អាចនឹងជួយពន្យល់​គេឱ្យចេះ​ដោះស្រាយ​បញ្ហា​ដោយភាពក្លាហាន និងសន្តិភាព​បាន​ ​។
  5. ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​កូន ​: ​គំរូនៃ​ភាពក្លាហាន ត្រូវ​ចាប់ផ្ដើម​ពី​អ្នកជា​មុន ​។ ចំពោះរឿង​អ្វីមួយ​ដែល​អ្នក​គិតថា កូនរបស់អ្នក​អាចនឹង​ពិបាក​ធ្វើបាន ឧទាហរណ៍​ដូចជា ការរាំរែក ​ជាដើម លោកឪពុកអ្នកម្តាយអាចនឹងត្រូវឡើង​រាំ ដើម្បីឱ្យ​កូន​ឃើញ​ពី​ភាពក្លាហាន​របស់​អ្នក​។ ក្រៅពីនេះ លោកអ្នក​អាច​បង្ហាញ​ឲ្យកូនបានឃើញតាមរយៈ ទង្វើ និង​សកម្ម​ភាព​ល្អៗ​ប្រចាំថ្ងៃ​ទាំងឡាយ​ណា ដែល​អ្នក​គិតថា ល្អ​ និង​ជា​គំរូ​ល្អចំពោះ​កូន ​៕

Advertisement