រឿង 10 យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ? ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក ដែលឡារ៉ែនសូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។

-ម៉ែយំជាប់ជានិច្ច…ព្រោះកូន

ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបា​នរូប​កូន​មក​នៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។

-ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច

ទោះជារបស់ញ៉ាំនោះមានតែ​1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាច​បដិសេធ​ថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។

-ម៉ែឈឺ

កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូន​យូរដល់ទៅ 9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា?

-ម៉ែភ័យ

តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា​ មានសុវត្ថិភាពបំផុត។ ពេលដែលកូនរៀនដើរបាន 1ជំហានដំបូង បេះដូងម៉ែស្ទើរតែឈប់ដើរ ព្រោះតែភ័យ។ ម៉ែនឹងភ្ញាក់ពេញមួយយប់ ដើម្បី​ឱ្យដឹងថា កូននៅតែកំពុងគេងលក់យ៉ាងមានសុវត្ថិភាព។ ពេលកូនឈឺ ម៉ែគឺជាមនុស្សដំបូងគេបំផុតដែល​​ជួយកូន ហើយពេល​កូន​មិន​ស្រួលខ្លួន ម៉ែនឹងនៅផ្ទះ ចាំមើលថែទាំជិតកូនជានិច្ច ដើម្បីឱ្យដឹងថា កូនមិនអីទេ។ ម៉ែតែងនៅចាំឃុំគ្រង​ការពារកូនឱ្យមាន​សុវត្ថិភាព​បំផុតជានិច្ច។

-ម៉ែដឹងខ្លួនថា ម៉ែមិនបានល្អឥតខ្ចោះឡើយ

គ្រប់ពេលវេលា ម៉ែចង់ធ្វើជាម្តាយដែលល្អឥតខ្ចោះសម្រាប់កូនជានិច្ច ដោយមិនធ្វើអ្វីឱ្យខុសឆ្គងឡើយ តែបើមានរឿងអ្វីមួយមិនល្អកើតឡើង ម៉ែនឹងបន្ទោសខ្លួនឯងជានិច្ច។ ម៉ែសង្ឃឹមថា នឹងត្រឡប់ពេលវេលាទៅក្រោយវិញ ដើម្បីទៅកែកុនរឿងដែលមិនល្អនោះ ឱ្យល្អ​ឡើង​វិញ តែម៉ែមិនអាចធ្វើបានឡើយ ដូច្នេះចូរប្រព្រឹត្តខ្លួនឱ្យល្អៗជាមួយម៉ែ និងឱ្យម៉ែដឹងថា ម៉ែគឺជាមនុស្សល្អឥតខ្ចោះបំផុតហើយ។

-ម៉ែតែងសម្លឹងមើល ពេលកូនគេងលក់

ជួនកាល ម៉ែភ្ញាក់ឡើងកណ្តាលយប់ ម៉ែក៏មកអង្គុយសម្លឹងមុខកូនសម្លាញ់របស់ម៉ែពេលគេងលក់ បើកូនគេងមិនលក់ ម៉ែនឹង​ច្រៀងបំពេ ទោះជាម៉ែងងុយគេងប៉ុនណា ក៏សុំឱ្យអ្នកបានគេងលក់មុន ហើយពេលអ្នកគេងលក់ហើយ ក៏ម៉ែមិនទាន់ទៅណាភ្លាម​ដែរ ម៉ែនៅចាំមើលថែអ្នកពេលគេងលក់បន្តទៀត។

-ម៉ែបីកូនគ្រប់ពេលវេលា

ម៉ែនឹងរៀនយល់ដឹងពីវិធីបីកូនក្នុងអំឡុងពេលធ្វើការងារផ្ទះផ្សេងៗ និងក្នុងពេលធ្វើម្ហូប។ ដោយសារតែម៉ែត្រូវបីរូបកូនគ្រប់​ពេលវេលា សូម្បីតែពេលដែលកូនគេងលក់ក៏ដោយ ទើបធ្វើឱ្យដៃរបស់ម៉ែឈឺ និងថែមទាំងចុករួយតាមរាងកាយទៀតផង តែពេលម៉ែ​ដឹង​​​ថា កូនបានកើតមកលើលោកនេះហើយ ម៉ែសុខចិត្តធ្វើគ្រប់យ៉ាង ទោះជាឈឺចាប់ក៏ដោយ ព្រោះម៉ែឈឺចាប់យ៉ាងមានសេចក្តីសុខ។

-ម៉ែពិបាកចិត្តពេលអ្នកយំ

គ្មានអ្វីដែលធ្វើឱ្យម៉ែពិបាកចិត្តខ្លាំងស្មើនឹងពេលដែលកូនយំឡើយ និងគ្មានអ្វីដែលធ្វើឱ្យម៉ែឈឺចាប់បានស្មើនឹងការឃើញទឹកភ្នែកហូរចេញមកពីភ្នែករបស់កូននោះទេ។ ម៉ែនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានសេចក្តីសុខឡើងវិញ ហើយបើម៉ែធ្វើមិនបានសម្រេចនោះ វានឹងធ្វើឱ្យម៉ែឈឺចាប់ម្តងទៀត។

-កូន គឺទី1 សម្រាប់ម៉ែជានិច្ច

ម៉ែមិនបានញ៉ាំបាយពេញ 1ថ្ងៃ ម៉ែមិនបានងូតទឹក ម៉ែគេងសម្រាកមិនបានគ្រប់គ្រាន់ជាប់ៗគ្នាជាច្រើនថ្ងៃ ព្រោះតែម៉ែគិតពីកូនមុនអ្នកណាៗទាំងអស់ជានិច្ច។ ពេលកូនត្រឡប់មកពីកន្លែងធ្វើការ និងមានអារម្មណ៍ថា ចង់គេងសម្រាក ម៉ែនឹងមើលថែអ្នកមុនគេ ដើម្បីឱ្យអ្នកបានគេងលក់ស្រួល។ បើអ្នកឃ្លាន ម៉ែនឹងធ្វើម្ហូបអាហារឱ្យញ៉ាំមុនគេ ពេលអ្នកសោកសៅពិបាកចិត្ត ម៉ែនឹងនៅចាំជជែក​និយាយលួងលោមអ្នក។ ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនមានសេចក្តីសុខ ទោះជាម៉ែមិនបានធ្វើអ្វីឱ្យខ្លួនឯងសោះក៏ដោយ ព្រោះកូនជាមនុស្សទី1 សម្រាប់ម៉ែជានិច្ច។

– ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនតទៅទៀត

ការធ្វើជាម្តាយគេ អាចហៅបានថា ជាការងារដែលពិបាកបំផុតនៅលើពិភពលោកនេះ ពេលកូនយំ ឬអស់សង្ឃឹម ម៉ែក៏ឈឺចាប់ តែពេលកូនមានសេចក្តីសុខ ម៉ែក៏សុខជាមួយដែរ ហើយទោះជាម៉ែត្រូវមិនបានគេង មិនបានសម្រាក ឬនៅចាំមើលថែទាំអ្នកទាំងយប់ទាំងថ្ងៃក៏ដោយ ក៏ម៉ែគ្មានបញ្ហាអ្វីទាំងអស់ ព្រោះអ្វីៗគ្រប់យ៉ាង គឺដើម្បីកូន។

អានហើយស្រក់ទឹកភ្នែកអស់ប៉ុន្មានដែរ? ប្រាប់ហើយថា គ្មាននរណាស្រឡាញ់រូបយើងស្មើនឹងម៉ែឡើយ ហើយសេចក្តី​ស្រឡាញ់របស់យើងដែលមានចំពោះម៉ែ ក៏នៅមិនអាចប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះយើងបានឡើយ ដូច្នេះ…ថ្ងៃនេះចូរប្រញាប់ទៅជម្រាបម៉ែថា “ម៉ែ កូនស្រឡាញ់ម៉ែណាស់!”

Advertisement