ការមើលថែទាំសុខភាពប្រអប់មាត់ សម្រាប់ស្ត្រីមានគភ៌

ការមានសុខភាព ដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលស្ត្រីគ្រប់រូបចង់បាន…

ស្ត្រីមានគភ៌ អាចមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អបំផុត តែយ៉ាងណាក៏ដោយ ចូរស្ត្រីមានគភ៌ កុំភ្លេចពីសុខភាពប្រអប់មាត់ឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។

  1. ការប្រែប្រួលរបស់អ័រម៉ូន ក្នុងអំឡុងពេលមានគភ៌មានផលប៉ះពាល់ ដល់ការកើតរោគរលាកអញ្ចាញធ្មេញ កាន់តែងាយជាងប្រក្រតី ការមានកំណកកំបោរច្រើន អាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ មានចេញឈាមទៀតផង។
  2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរី ដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត ជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង​ ដោយអ័រម៉ូននេះ​នឹងកើតមាន នៅពេលជិត​គ្រប់កំណត់​ឆ្លងទន្លេ ទើបគេតែងប្រទះឃើញនៅលើមាតា ដែលមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ច្រើនតែឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច។
  3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់ផ្ទៃពោះញឹកញាប់ ធ្វើឱ្យមានអាស៊ីតពីក្រពះអាហារ ចេញបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន។
  4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលធ្វើឱ្យធ្មេញសឹកពុកបានដែរ។
  5. ស្ត្រីមានគភ៌ ច្រើនតែបរិភោគតិចៗ តែច្រើនដង ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យងាយកើតរោគធ្មេញពុក៕
  6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុ នៅក្នុងគភ៌មារតាបាន 4-6សប្តាហ៏។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែ ពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញ ធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។

ការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ

  1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាត ទាំងក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ និងគួរខ្ពុរមាត់ ឬដុសធ្មេញរាល់លើកក្រោយពេលបរិភោគអាហាររួច។
  2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ ផ្លួអូរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញ រយះពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យ​ស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗ នឹងធ្វើឱ្យធ្មេញឆាប់សឹករេចរិលអស់។
  3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។ កាល់ស្យូមជាសារធាតុ​អាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
  4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារធ្មេញពុក។
  5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម រលាកអញ្ចាញធ្មេញ គួរតែទៅ​ទទួល​ការ​​ព្យា​បាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។

មេរោគបាក់តេរី នៅក្នុងប្រអប់មាត់ម្តាយ អាចបញ្ជូនបន្តទៅដល់កូនបាន ការមានសុខភាពប្រអប់មាត់ល្អ គ្មាន​ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

Advertisement