ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

មានមនុស្សជាច្រើន ប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្សណា ដែលធំជាងគេដើរដឹក​ដៃ​កូន​សិស្សតូចៗ បន្តកន្ទុយគ្នា ជាខ្សែយ៉ាងគួរឱ្យស្រឡាញ់ នេះគឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងនៅក្នុង​ខ្សែភាពយន្ត​តុក្កតា​ជប៉ុន ជាច្រើនរឿងក៏មានបែបហ្នឹងដូចគ្នាដែរ។

មូលហេតុដែលសាលារៀនជាច្រើន កំណត់ឱ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន​(ជាធម្មតា​ជនជាតិ​ជប៉ុន តែងដាក់ឱ្យកូនចូលរៀននៅសាលា ដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជា​ឋានៈ​ជីវភាពមាន​ ឬក្រក៏ដោយ ក៏ត្រូវតែ​ដើរទៅសាលា​រៀនចម្ងាយ​ប្រហែលជា 2-3គីឡូម៉ែត្រ ពីផ្ទះដែរ នោះគឺដោយសារតែ ការឱ្យកុមារបានដើរទៅសា​លា​រៀនដោយខ្លួនឯងនេះ ធ្វើឱ្យកើត​ចំណុចល្អៗជាច្រើន ចំពោះ​ជីវិតកូនសិស្សជប៉ុន ដែលមានដូចជា៖

  • ជួយកែបញ្ហាចរាចរណ៍នាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនទៅដល់។
  • កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល ដោយមិនចាំបាច់ជូនកូនទៅសាលា នៅពេលព្រឹក។​
  • ជួយបង្កើនសម្ព័ន្ធភាពរវាងកុមារ ដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នា ឱ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះបង់ចោលគ្នា ​ដោយការឱ្យ​ក្មេងធំៗ​មើល​​ថែការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា​។
  • បង្ហាត់ឱ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀត ត្រូវតែរង់ចាំនៅមុខផ្ទះ​ រហូតទាល់តែក្មេងនោះចេញមក ​ទើបដើរ​ទៅ​​ជាមួយគ្នា ដូច្នេះធ្វើឱ្យអ្នកណា ក៏មិនចង់យឺតពេល ដែលនាំឱ្យមិត្តភក្តិរង់ចាំខ្លួនដែរ។
  • បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែការពារ ក្មេងតូចៗទាំងពេលទៅ និងពេលមក។
  • ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាល ផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជា4ធំៗ ពេលក្រុម​កូនសិស្សឆ្លង​ថ្នល់​ផងដែរ។

ដូច្នេះយើងបានឃើញហើយថា គ្រាន់តែការផ្លាស់ប្តូរ ឱ្យកូនសិស្សដើរទៅសាលារៀនដោយខ្លួនឯងនោះ នឹងទទួលបានអ្វីល្អៗជា​ច្រើន លើការ​អភិវឌ្ឍរបស់កុមារ បង្កើនភាពទទួលខុសត្រូវ ភាពមានទឹកចិត្ត ចេះអត់ធ្មត់ និងចេះជួយយកអា​សាគ្នាទៅវិញទៅមក រួមទាំង​បង្កើនភាពសាមគ្គី​គ្នាទាំងកូន​សិស្ស ទាំងឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ធ្វើឱ្យ​សង្គមជប៉ុនមានភាពស្រឡាញ់គ្នា ចេះធ្វើការងារជាក្រុម និងកើតមានការសាមគ្គីគ្នា និង​ជួយគ្នាអភិវឌ្ឍប្រទេសជាតិ នៅទីបំផុត៕

Advertisement