ការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារកទើបនឹងកើត

សម្រាប់អ្នកម្តាយថ្មីថ្មោង​ ការត្រៀមរៀបចំរបស់ប្រើប្រាស់ ទុកសម្រាប់កូនតូចជាទីស្រឡាញ់ ដែលទើបនឹងបើកភ្នែក​មើលពិភព​លោកថ្មីៗ​នោះ គឺ​ជារឿងសំខាន់ខ្លាំងណាស់ តែសូមអ្នកម្តាយក្មេងវ័យ កុំបារម្ភអី ថ្ងៃនេះយើងមានអត្តបទល្អៗ មកជម្រាបជូន ដើម្បីជាជំ​នួយស្មារតី​ដល់អ្នកម្តាយ​ក្នុងការ​មើល​ថែ​ទាំកូនតូចយ៉ាងមានសុវត្ថិភាព…សូមតាមដានដូចតទៅ៖

1-ខោកន្ទបទឹកនោម យ៉ាងតិចណាស់2ឡូ

ដោយសាតែទារកដែលទើបនឹងកើត រហូតដល់អាយុ 3ខែ ត្រូវបញ្ចេញទឹកនោមក្នុង 1ថ្ងៃ ពី 12-18ដង(មិនរាប់​ពេល​​យប់)នោះ ដូច្នេះ​ត្រូវមានខោកន្ទបទឹកនោម ទុកសម្រាប់ផ្លាស់ឱ្យកូនតូច ប្រមាណជា 12-20ខោ​ និងត្រូវមានទុកសម្រាប់ បោកប្រើផ្លាស់ប្តូរមួយចំនួនទៀតផង តែ​បើ​មិន​សូវ​មានពេលវេលាបោកទេនោះ គួរមានខោកន្ទបសម្រាប់កូន ប្រមាណជា 3ឡូទើបសមល្មម។

2-ក្រណាត់កន្ទប (រាង 4ជ្រុង) យ៉ាងតិច 6-12បន្ទះ

បើមានខោកន្ទបទឹកនោមចំនួនច្រើនហើយ គួរតែមានក្រណាត់កន្ទប រាង 4ជ្រុងទុកប្រើបន្តិចបន្តួចក៏បាន ដើម្បីទុកសម្រាប់ជូតខ្លួនកូនតូច ឬសម្រាប់ក្រាលពីក្រោមខ្លួនកូន។

3-ដបទឹកដោះគោ ចំនួន 5 (សម្រាប់ទារកដែលបៅដោះម្តាយ) និង 12ដប (សម្រាប់ទារកដែលបៅទឹកដោះគោ)

-ដបទឹកដោះគោខ្នាតតូច ចំនួន5​ (សម្រាប់ទារកដែលបៅដោះម្តាយ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូន​តូច​បៅ និង​​​ទុក​​សម្រាប់លាង ប្រើផ្លាស់ប្តូរ ។

-ដបទឹកដោះគោខ្នាតធំ ចំនួន12 (សម្រាប់ទារកដែលបៅទឹកដោះគោ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូន​តូច​បៅ និងទុកសម្រាប់​ឆុងទឹកដោះគោ​ឱ្យកូនតូចបៅ ព្រមទាំងទុកសម្រាប់លាងប្រើផ្លាស់ប្តូរ។

4-ច្រាសលាងដបទឹកដោះ ចំនួន1

គួរជ្រើសរើសទិញច្រាស ដែលខាងចុងមានសរសៃច្រាសធ្វើពីប្លាស្ទិក ព្រោះអាចដុសសម្អាតកំណកម្សៅទឹកដោះ​គោបាន​​ស្អាតជាងច្រាស​ដែល​ខាង​ចុងជាអេប៉ុង។

5-ពូកគេងប្រភេទអេប៉ុង ដែលដាក់ឱ្យកូនតូចគេង ហើយមិនទ្រុឌទៅក្រោមជ្រៅពេក

ដោយសាតែ បើប្រើពូកដែលទន់ និងទ្រុឌចុះទៅក្រោមខ្លាំងពេក អាចនឹងធ្វើឱ្យសាច់ពូកខ្ទប់មុខ ឬខ្ទប់ច្រមុះកូនតូច​ នៅពេល​ដែលដាក់​កូនតូច​ឱ្យ​គេងផ្អៀង ឬគេងផ្កាប់នោះ តែក៏មិនគួរជ្រើសរើសយកពូកណាដែលរឹងជ្រុលពេកដែរ។

6-ក្រណាត់កៅស៊ូ សម្រាប់ទ្រាប់ 1បន្ទះ

ក្រណាត់កៅស៊ូ ទុកសម្រាប់ទ្រាប់ពីក្រោម មិនឱ្យទឹកនោមកូនតូច ហូរជ្រាបទៅដល់ពូក តែគួរយកក្រណាត់កន្ទបរាង 4ជ្រុង​មកដាក់​ទ្រាប់ពី​ក្រោម​ខ្លួនកូនតូចជាមុនសិន ដើម្បីកុំឱ្យក្រណាត់កៅស៊ូ ប៉ះជាប់ផ្ទាល់នឹងខ្លួនកូនតូច ជាហេតុបណ្តាល​ឱ្យកូនតូចក្តៅស្អុះ​ និងបែកញើសបាន។

7-អាវទារក មានខ្សែចងពីក្រោយ ចំនួន 6-10អាវ

អាវដែលមានខ្សែចងពីក្រោយ គឺជាអាវដែលល្អសម្រាប់ទារកទើបនឹងកើត ដោយសាតែវាងាយស្រួលពាក់ តែអ្នក​ម្តាយ មិនគួរមានច្រើនពេកទេ ព្រោះទារកទើបកើតថ្មី រហូតដល់អាយុ 1ខែ ឆាប់ធំធាត់ខ្លាំងណាស់។

8-កន្សែងសម្រាប់រុំខ្លួនទារក ចំនួន​2

មិនគួរមានច្រើនពេកទេ ដោយសារតែភាគច្រើន អ្នកម្តាយត្រូវប្រើប្រាស់កន្សែងរុំខ្លួនទារកនេះ តែក្នុងអំឡុងពេលដែល​ទារក​ទើបនឹងកើតថ្មី រហូតដល់អាយុបាន 1ខែប៉ុណ្ណោះ។

9-មួក ស្រោមដៃ ស្រោមជើង

ចូរជ្រើសរើសយកមួកណា ដែលសមល្មមនឹងក្បាលកូនតូច មិនរលុងខ្លាំងពេក និងគួរមានយ៉ាងតិច2 សម្រាប់ពាក់គេងពេល​យប់។ ស្រោមដៃ​ត្រូវមានយ៉ាងតិច 4-6គូ និងស្រោមជើងយ៉ាងតិច 3គូ ទុកសម្រាប់ពាក់ពេលគេងយប់ និងពេលចេញទៅ​ក្រៅផ្ទះ។

10-ចានអាងសម្រាប់ផ្ងូតទឹកកូនតូច ចំនួន1

គួរផ្ងូតទឹកកូនតូច ដោយទឹកក្តៅអ៊ុនៗជានិច្ច

11-អេប៉ុងប្រភេទទន់ ចំនួន 1ដុំ

ទុកសម្រាប់ដុសសម្អាតខ្លួនកូន យ៉ាងថ្នមៗ

12-សំឡី ទុកសម្រាប់ជូតគូទកូនតូច 1កញ្ចប់ និងដុំសំឡី ដែលមានដង 1កញ្ចប់តូច

សំឡី 1កញ្ចប់ធំ ទុកសម្រាប់ជូតគូទកូនតូច ក្រោយពេលកូនជុះរួច និងទុកជូតអវយវៈផ្សេងៗ ឯដុំសំឡីដែលមានដង ទុកសម្រាប់​ជូតកន្លែង​រន្ធ​ច្រមុះ រន្ធត្រចៀក…ល…របស់កូនតូច។

13-សាប៊ូដុសខ្លួនសម្រាប់ទារក និងសាប៊ូកក់សក់សម្រាប់ទារក

ចូរជ្រើសរើសប្រើសាប៊ូទឹកក្នុងដប បែបមានក្បាលសង្កត់ ព្រោះងាយស្រួលក្នុងការប្រើប្រាស់៕

Advertisement